ប្រទេសគុយបាជួបវិបត្តិដាច់ចរន្តអគ្គិសនី-សេដ្ឋកិច្ចធ្លាក់ចុះជាគំហុក ក្រោយពីលោកTrump រឹតបន្តឹងពន្ធគយ មិនអាចទិញប្រេងចូល និងទុនបម្រុងប្រេងឥន្ធនៈក៏ថយចុះដែរ
ការដាច់ចរន្តអគ្គិសនីទូទាំងដែនកោះបានកំពុងវាយប្រហារប្រទេសគុយបាហើយនៅថ្ងៃចន្ទនេះ (ម៉ោងនៅក្នុងស្រុក) ទន្ទឹមពេលដែលទុនបម្រុងប្រេងឥន្ធនៈរបស់ប្រទេសនេះកំពុងថយចុះ ហើយបណ្តាញអគ្គិសនីរបស់ខ្លួននៅតែបន្តធ្លាក់ចុះដដែល។ ការដាច់ចរន្តអគ្គិសនីនៅក្នុងប្រទេសគុយបាដែលមានប្រជាជនជាង១១លាននាក់ត្រូវរាយការណ៍ដោយសហភាពអគ្គិសនីដែលគ្រប់គ្រងដោយរដ្ឋ និងបានបង្ហោះសារនៅលើបណ្តាញសង្គម X ថា៖ មូលហេតុកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយទេ។ មកដល់ពេលនេះក្រសួងថាមពល និងរ៉ែបានសរសេរព័ត៌មាននៅលើបណ្តាញសង្គម X របស់ខ្លួនបែបនេះថា៖ ពួកគេកំពុងដំណើរការពិធីសារមួយដើម្បីស្តារអគ្គិសនីក្នុងប្រទេសឡើងវិញ។ ប្រេងឥន្ធនៈបានអស់ទៅហើយនៅទូទាំងប្រទេសគុយបាចាប់តាំងពីខែមករាមក នៅពេលដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានគំរាមកំហែងយកពន្ធគយលើប្រទេសណាមួយដែលលក់ ឬផ្គត់ផ្គង់ប្រេងទៅឱ្យបប្រទេសដែនកោះនេះ ដែលជាហេតុធ្វើឱ្យមានវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលកំពុងបន្តកើតឡើងយ៉ាងធ្ងន់ធ្ងរថែមទៀតផង។ ការដឹកជញ្ជូនសាធារណៈភាគច្រើនត្រូវបានផ្អាក ហើយមន្ត្រីបានលុបចោលនូវការវះកាត់រាប់ម៉ឺនសម្រាប់អ្នកជំងឺ ដោយសារគ្មានថាមពលតភ្ជាប់។ ការដាច់ចរន្តអគ្គិសនីលើកនេះបានបង្កឱ្យមានការព្រួយបារម្ភខ្លាំងនៅទូទាំងទីក្រុងហាវ៉ាណា ក្នុងនោះពលរដ្ឋម្នាក់ដែលមានឈ្មោះថា Lina May អាយុ ៣៦ឆ្នាំ បានដាក់ជាចំងល់ថាពេលណាចរន្តអគ្គិសនីនឹងដំណើរការឡើងវិញ ដើម្បីឲ្យនាងអាចចម្អិនបាយម្ហូបបាន? នាងបាននិយាយថា “ខ្ញុំទើបតែប្រាប់ឪពុកខ្ញុំថា យើងត្រូវទិញធ្យូងមកប្រើជំនួស ព្រោះបើមិនដូច្នោះទេ យើងនឹងមិនអីបរិភោគទេ ហើយយើងនឹងធ្លាក់ទៅរកស្ថានភាពអត់ឃ្លាន”។ ប្រទេសគុយបា បានផលិតប្រេងត្រឹមតែ ៤០% នៃប្រេងឥន្ធនៈដែលខ្លួនត្រូវការ ខណៈដែលប្រេងចំនួន ៧សែន៣ម៉ឺនបារ៉ែលដែលដឹកជញ្ជូនដោយនាវាដឹកប្រេងរបស់រុស្ស៊ីចាប់ពីចុងខែមីនាមក បានប្រើប្រាស់អស់ហើយនៅចុងខែមេសានេះ។ រដ្ឋាភិបាលក៏បានកំណត់នូវកម្រិតថាមពលជាមួយនឹងការផ្តាច់ចរន្តអគ្គិសនីដោយចេតនាអូសបន្លាយស្ថានភាពរហូតដល់ជាង២៤ ម៉ោងជាប់ៗគ្នា។ ការដាច់ចរន្តអគ្គិសនីនៅពាក់កណ្តាលខែឧសភាក៏បានធ្វើឱ្យប៉ះពាល់ដល់ខេត្តភាគខាងកើតនៃប្រទេសកោះមួយនេះដែរ ខណៈដែលការផ្តាច់ចរន្តអគ្គិសនីនៅពាក់កណ្តាលខែមីនាបានវាយប្រហារកោះទាំងមូលតែម្តង។ ដូចជនជាតិគុយបាជាច្រើនទៀតដែរ លោក Mario Pedroso ជាអ្នករស់នៅទីក្រុង Havana អាយុ ៣៣ ឆ្នាំ បានលាលែងពីតំណែងក្រោយពីមានសកម្មភាពដាច់ចរន្តអគ្គិសនីទាំងស្រុងនៅថ្ងៃចន្ទ។ លោកបាននិយាយថា “ប្រេងមិនបានចូលមកកាន់ទីនេះមួយរយៈហើយ ហើយយើងគ្មានវិធីដើម្បីដោះស្រាយបញ្ហានោះទេ យើងត្រូវទប់ទល់វាតាមវិធីផ្សេងៗ ដូចដែលជនជាតិគុយបាដទៃទៀត ព្រោះរដ្ឋយើងមិនមានដំណោះស្រាយឡើយ៕

សម្រួលអត្ថបទ៖ សុផារិន្ទ





