«ក្រសួងព័ត៌មាន និងក្រសួងអធិការកិច្ច ពង្រឹងកិច្ចសហការ ត្រៀមចុះធ្វើអធិការកិច្ច ដើម្បីលើកកម្ពស់តម្លាភាព និងប្រសិទ្ធភាពការអនុវត្តការងារ»
ភ្នំពេញ៖ ក្រសួងព័ត៌មាន និងក្រសួងអធិការកិច្ច បានបើកកិច្ចប្រជុំស្តីពីការចុះធ្វើអធិការកិច្ចលើការអនុវត្តការងាររបស់ក្រសួងព័ត៌មាន សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំព្រះវិហារ ក្រសួងព័ត៌មាន។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម កែវ គង់ អនុរដ្ឋលេខាធិការក្រសួងអធិការកិច្ច និង លោកជំទាវ ទេស ផល្លីន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងព័ត៌មាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃក្រសួងទាំងពីរ។
កិច្ចប្រជុំផ្តោតលើការសម្របសម្រួល និងការរៀបចំផែនការសម្រាប់ការចុះធ្វើអធិការកិច្ច ព្រមទាំងការកំណត់យន្តការ និងនីតិវិធីអនុវត្ត ដើម្បីធានាឱ្យដំណើរការអធិការកិច្ចប្រព្រឹត្តទៅដោយរលូន ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស្របតាមបទប្បញ្ញត្តិជាធរមាន។
ក្នុងកិច្ចប្រជុំ ភាគីទាំងពីរក៏បានពិភាក្សាលើការរៀបចំឯកសារ ទិន្នន័យ និងព័ត៌មានពាក់ព័ន្ធដែលត្រូវផ្តល់ជូនក្រុមអធិការកិច្ច ដើម្បីគាំទ្រដល់ការអនុវត្តការងារប្រកបដោយគុណភាព និងសម្រេចបានលទ្ធផលប្រកបដោយប្រសិទ្ធភាព។
កិច្ចប្រជុំនេះបានបង្ហាញពីកិច្ចសហការជិតស្និទ្ធរវាងក្រសួងព័ត៌មាន និងក្រសួងអធិការកិច្ច ក្នុងការពង្រឹងការអនុវត្តការងាររដ្ឋបាលសាធារណៈ ស្របតាមគោលការណ៍អភិបាលកិច្ចល្អ លើកកម្ពស់តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ស្ថាប័នរដ្ឋ ដើម្បីបម្រើផលប្រយោជន៍សាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព៕







