ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំខេត្តបន្ទាយមានជ័យ ប្រគល់ថវិកាចំនួន ១០០ លានរៀល ដែលកៀរគរបានតាមរយៈកម្មវិធីជិះកង់រយៈពេល១ ខែមិថុនា ក្នុងអំឡុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា
គណៈគ្រប់គ្រងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប បានរៀបចំពិធីសំណេះសំណាលជាមួយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំខេត្តបន្ទាយមានជ័យ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារនាំយកថវិកាចំនួន ១០០ លានរៀល ដែលកៀរគរបាន តាមរយៈកម្មវិធីជិះកង់រយៈពេល១ ខែមិថុនា ក្នុងអំឡុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ កាលពីខែមិថុនាកន្លងទៅ ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ក្នុងការបន្តបេសកកម្មសង្គ្រោះជីវិតទាក និងកុមារ ដែលត្រូវការសេវាពិនិត្យ និងព្យាលបាល ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំរដ្ឋបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងក្រុមការងារ ព្រមទាំងអ្នកពុកម៉ែ បងប្អូន ចំណុះរដ្ឋបាលខេត្តបន្ទាយមានជ័យ ចំពោះការចូលរួមបំផុលចលនាផ្សព្វផ្សាយ និងកៀរគរថវិកាបរិច្ចាគ ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ ដែលជាមហាចលនាសប្បុរសធម៌ដ៏មានតម្លៃចំពោះទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ និងព្យាបាល ក៏ដូចជាសម្ភព នៅមន្ទីរពេទ្យគន្ធបុប្ផា។
ទោះបីជាយុទ្ធនាការ “ ១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ ដែលមានរយៈពេលពេញ ១ខែមិថុនានេះ ដល់ពេលត្រូវបញ្ចប់ក៏ដោយ, ក៏មូលនិធិគន្ធបុប្ផាកម្ពុជា សូមអំពាវនាវដល់ពុកម៉ែ បងប្អូន និងសាធារណជន ដែលមានទឹកចិត្តសប្បុរសបន្តចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នានាំភាពញញឹម និងក្ដីសង្ឃឹម ដល់ទារក និងកុមារ ដោយហេតុថាទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ត្រូវការសេវាពិនិត្យ និងព្យាបាល ក៏ដូចជាសេវាសម្ភព ជារៀងរាល់ថ្ងៃ ដោយមិនរង់ចាំរហូតដល់យុទ្ធនាការកៀរគរថវិកាលើកក្រោយៗនោះទេ។
ការបរិច្ចាគពីសំណាក់សប្បុរសជននានា ទោះតិចក្ដីច្រើនក្ដី សុទ្ធតែមានតម្លៃដ៏ធំធេង ក្នុងការចូលរួមសង្គ្រោះជីវិតទារក និងកុមារនៅកម្ពុជា រាប់លានករណីក្នុងមួយឆ្នាំៗ។ សប្បុរសជនអាចបន្តចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈ QR Code ឬលេខគណនី របស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅតាមបណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូរបស់មូលនិធិឬ ធ្វើការទំនាក់ទំនង តាមរយៈលេខទូរសព្ទ៖ ០១២ ២៣៥ ៥៨២, ០៩៩ ៣៣៣ ១៣៣, ០១២ ៩២៩ ៧២៧, ០១៦ ៨០៨ ៩០៥, ឬ ០៧០ ២០៦ ៧៤៦៕






