សិក្ខាកាមពីខេត្តចំនួន៤ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡារយៈពេល៤ថ្ងៃនៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា នៅគ្រឹះស្ថានសិក្សា» ក្រោមអធិបតីភាព ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំវិទ្យាល័យចំណេះដឹងទូទៅ ខេត្តព្រះសីហនុ។
ឯកឧត្តម ប៊ូ ជុំសេរី បានមានប្រសាសន៍ថា ការអប់រំកាយ និងកីឡា គឺជាផ្នែកដ៍សំខាន់មួយនៃការអប់រំពេញលេញ ដែលជួយអភិវឌ្ឍសុខភាព កាយសម្បទា វិន័យ ស្មារតីទទួលខុសត្រូវ ការងារជាក្រុម និងភាពជាអ្នកដឹកនាំរបស់សិស្ស។ ការដាក់ឱ្យប្រើប្រាស់សៀវភៅសិក្សាគោលថ្មី នឹងរួមចំណែកធានាឱ្យការបង្រៀន និងការរៀននៅគ្រប់គ្រឹះស្ថានសិក្សាមានស្តង់ដារដូចគ្នា និងលើកកម្ពស់គុណភាពអប់រំ ស្របតាមគោលនយោបាយកំណែទម្រង់វិស័យអប់រំ និងការកសាងធនធានមនុស្សប្រកបដោយគុណភាព សម្រាប់សតវត្សរ៍ទី២១។
តាមរបាយការណ៍សង្ខេបគណៈគ្រប់គ្រងវគ្គបានអោយដឹងថា សិក្ខាសាលានេះមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដោយមានសិក្ខាកាមសរុបចំនួន ៤៦នាក់ ក្នុងនោះស្ត្រី ៧នាក់ មកពីមន្ទីរអប់រំ យុវជន និងកីឡា នៃខេត្តព្រះសីហនុ កណ្តាល ព្រៃវែង និងកោះកុង ព្រមទាំងមន្ត្រីអប់រំ និងគ្រូបង្រៀនអប់រំកាយ និងកីឡា។
លោកម៉ុក សារឿន អនុប្រធាមន្ទីរយុវជន និងកីឡាខេត្តព្រះសីហនុ បានស្វាគមន៍ យ៉ាងកក់ក្តៅបំផុត ចំពោះការជ្រើសរើសខេត្តព្រះសីហនុ ធ្វើជាម្ចាស់ផ្ទះនៃសិក្ខាសាលានាពេលនេះ ។ លោកអនុប្រធានមន្ទីបានជម្រាបជូនថាបច្ចុប្បន្នសិស្សានុសិស្សចាប់ពី​មតេ្តយ្យសិក្សាដល់សាលាគរុកោសលនិងវិក្រិតការមានសរុបចំនួន ៥៥,៤៥៨នាក់ ស្រី២៧,៤៥៧នាក់។

កម្មវិធីសិក្ខាសាលារួមមានទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងលើទីលាន ដោយផ្តោតលើការរៀបចំផែនការបង្រៀន វិធីសាស្ត្របង្រៀនទំនើប ការវាស់វែង និងវាយតម្លៃលទ្ធផលសិក្សា ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍រវាងអ្នកជំនាញ និងគ្រូបង្រៀន ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីសិក្សាគោលឆ្នាំ២០២៦ នៅតាមគ្រឹះស្ថានសិក្សាទូទាំងប្រទេស៕

រូបភាព និងអត្ថបទ៖និន សុផារ