កងទ័ពអាកាសកូឡុំប៊ីផ្លាស់ប្តូរពង្រីកជំនួយកើនដល់២៦តោនទៅកាន់ប្រទេសវេណេហ្ស៊ូអេឡាដែលរងគ្រោះរញ្ជួយដី ខណៈមនុស្សស្លាប់កើនដល់៣.៥៣៥នាក់ចូលដល់ថ្ងៃទី១២

បុគ្គលិកពេទ្យ និងជំនួយដែលផ្តល់ដោយកងទ័ពអាកាសកូឡុំប៊ីបានហោះហើរចេញទៅកាន់តំបន់ Maiquetia ហើយដើម្បីចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះនៅក្នុងប្រទេសវេណេហ្ស៊ូអេឡា បន្ទាប់ពីជួបគ្រោះរញ្ជួយដីផ្ទួនដ៏កក្រើក។ កងកម្លាំងបានរាយការណ៍ថា យន្តហោះដឹកជញ្ជូនពីរគ្រឿងនេះមានផ្ទុកដោយជំនួយមនុស្សធម៌ចំនួន២៦តោន រួមទាំងមន្ទីរពេទ្យចល័ត និងសម្ភារៈវេជ្ជសាស្ត្រគ្រប់គ្រាន់ដើម្បីមើលថែអ្នកជំងឺចំនួន១៥០នាក់ជារៀងរាល់ថ្ងៃបានរយៈពេលពីរខែ។ ពួកគេត្រូវបានបញ្ជូនជាផ្នែកមួយនៃបេសកកម្មសង្គ្រោះរបស់ប្រទេសកូឡុំប៊ី ដើម្បីជំនួសមកវិញនូវក្រុមអ្នកជួយសង្គ្រោះចំនួន ៦០ នាក់ ដែលបានជួយក្នុងអំឡុងថ្ងៃដំបូងបន្ទាប់ពីគ្រោះមហន្តរាយនោះដែរ។ លោក Ricardo Hurtado អនុប្រធានអង្គភាពជាតិសម្រាប់ការគ្រប់គ្រងហានិភ័យ និងគ្រោះមហន្តរាយ បាននិយាយថា បុគ្គលិកពេទ្យត្រូវបានបញ្ជូនទៅរដ្ឋធានី Caracas បន្ទាប់ពីចុះចតនៅ Maiquetia។ សូមបញ្ជាក់ថាមកដល់ពេលនេះចំនួនមនុស្សស្លាប់ពីគ្រោះរញ្ជួយដីនៅវេណេហ្ស៊ូអេឡាកើនដល់ ៣.៥៣៥នាក់ មនុស្សរបួសនិង បាត់ខ្លួននៅចំនួនរាប់ពាន់នាក់ដដែលបន្ទាប់ពីរយៈពេល១២ថ្ងៃនៃការរញ្ជួយ ហើយវាបានបន្សល់នូវអគារជាង៨៥០អគារត្រូវខូចខាត ឬដួលរលំនេះបើយោងតាមអាជ្ញាធរវេណេហ្សូអេឡា ប៉ុន្តែបើយោងតាមន្នន័យផ្កាយរណបពី NASA វិញបង្ហាញថាចំនួនអគារដែលត្រូវបានបំផ្លាញគឺមានចំនួនជិត ៥៩.០០០ រួមទាំងអគារមន្ទីរពេទ្យ និងសាលារៀន។ មកដល់ពេលនេះមនុស្ស១៧.០០០ នាក់គ្មានផ្ទះសម្បែងរស់នៅបន្ទាប់ពីរងគ្រោះរញ្ជួយដីកាលពីចុងសប្តាហ៍មុន ដោយរដ្ឋាភិបាលបានចាប់ផ្តើមកសាងឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងនៅ Brisas de Maiquetia ដែលជាតំបន់លំនៅដ្ឋានស្ថិតក្នុងរដ្ឋ La Guaira។ ស្ថានភាពពេលនេះវាកាន់តែអាក្រក់ទៅដោយសារសេវាកម្មសាធារណៈ ការផ្គត់ផ្គង់ និងកង្វះខាតស្បៀងអាហារ និងភាពក្រីក្រវាបានតានតឹង រួចទៅហើយតាំងពីមុនមានគ្រោះរញ្ជួយដីទៅទៀត នៅក្នុងប្រទេសនេះ ដែលបណ្តាលឱ្យមនុស្សជិត៨លាននាក់ត្រូវការជំនួយមនុស្សធម៌ទាំងអស់នោះជាចាំបាច់ ចុះទំរាំតែសរុបទាំងមនុស្សរងការវាយប្រហារពីគ្រោះរញ្ជួយដីបន្ថែមទៀត….?

សម្រួលអត្ថបទ៖ សុផារិន្ទ