សាលាអន្តរជាតិ វីហ្សិន ប្រ៊ីដ ប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្របញ្ចប់ការសិក្សា ដល់សិស្សថ្នាក់មត្តេយ្យសិក្សា ព្រមទាំងផ្ដល់រង្វាន់ជ័យលាភី ជូនសិស្សឆ្នើម ប្រចាំឆ្នាំសិក្សា ២០២៥-២០២៦

នៅសាលមហោស្រពខេមរវិទូ នៃរាជបណ្ឌិតសភាកម្ពុជា សាលាអន្តរជាតិ វីហ្សិន ប្រ៊ីដ បានរៀបចំពីធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្របញ្ចប់ការសិក្សា ដល់សិស្សថ្នាក់មត្តេយ្យសិក្សា ព្រមទាំងផ្ដល់រង្វាន់ជ័យលាភី ជូនសិស្សឆ្នើម ប្រចាំឆ្នាំសិក្សា ២០២៥-២០២៦។ ពិធីនេះបានប្រារព្ធឡើង ក្រោមអធិបតីភាព លោក ជា គួង នាយកសាលាអន្តរជាតិ វីហ្សិន ប្រ៊ីដ និងលោកបណ្ឌិត សរ រិទ្ធី ប្រធានសមាគមសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ការអប់រំកម្ពុជា អាស៊ាន-ចិន និងជាប្រធានទីប្រឹក្សាជាន់ខ្ពស់ សាលាអន្តរជាតិ វីហ្សិន ប្រ៊ីដ, ព្រមទាំងតំណាងមកពីសាលាអន្តរជាតិជាដៃគូទាំងអស់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សជាច្រើនផងដែរ។

លោកស្រី Keyla Anagua Yarari នាយិការង សាលាអន្តរជាតិ វីហ្សិន ប្រ៊ីដ បានបញ្ជាក់ថា កម្មវិធីនេះ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ និងជាទីមោទនភាពបំផុត សម្រាប់សាលាអន្តរជាតិ វីហ្សិន ប្រ៊ីដ រួមនិងលោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងជាពិសេស សិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងសិក្សាកន្លងមក ពីព្រោះការសិក្សាថ្នាក់មតេយ្យ គឺជាគ្រឹះដំបូងបង្អស់ និងសំខាន់បំផុតក្នុងជីវិតសិក្សារបស់កុមារតូច សម្រាប់ការអភិវឌ្ឍកាយសម្បទា ការអភិវឌ្ឍន៍សតិបញ្ញា។ ជាងនេះអាចជួយបង្រៀនកុមារតូច ឱ្យចេះរស់នៅជាមួយអ្នកដទៃ ចេះចែករំលែក ចេះអត់ធ្មត់ និងចេះគោរពវិន័យរ។

លោកស្រី នាយិការង បញ្ជាក់ទៀតថា សាលាអន្តរជាតិ វីហ្សិន ប្រ៊ីដ នឹងបន្តដឹកនាំដោយធ្វើជាសាលាគំរូ រក្សាចក្ខុវិស័យខ្ពស់ គុណតម្លៃខ្ពស់ និងខិតខំផ្តល់ការអប់រំ ដែលមានគុណភាពខ្ពស់បំផុត សម្រាប់វគ្គសិក្សាគ្រប់គម្រិត។ ជាពិសេស នឹងប្តេជ្ញាបន្តខិតខំធ្វើការងារ ជាមួយដៃគូពាក់ព័ន្ធ ដើម្បីរួមចំណែកផ្តល់ឱកាសអប់រំ ឲ្យកាន់តែល្អប្រសើរ ដល់កុមារកម្ពុជាជំនាន់ក្រោយ ពោលគឺ ការវិនិយោគលើការអប់រំថ្ងៃនេះ គឺជាការវិនិយោគលើអនាគតរបស់កម្ពុជានៅថ្ងៃស្អែក។
លោកបណ្ឌិត សរ រិទ្ធី ប្រធានសមាគមសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ការអប់រំកម្ពុជា អាស៊ាន-ចិន និងជាប្រធានទីប្រឹក្សាជាន់ខ្ពស់ សាលាអន្តរជាតិ វីហ្សិន ប្រ៊ីដ បានលើកឡើងដែរថា នេះ គឺជាថ្ងៃជោគជ័យដំបូងបង្អស់ក្នុងជីវិតសិក្សារបស់កុមារតូច ហើយសញ្ញាបត្រដែលទទួលបាននៅថ្ងៃនេះ គឺជាស្ពានចម្លងកូនៗ ទៅកាន់ថ្នាក់បឋមសិក្សា។ កូនៗត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ ទាំងការអាន ការសរសេរ ការគិតលេខ ព្រមទាំងការរៀនរស់នៅ និងចែករំលែកក្តីស្រឡាញ់ជាមួយមិត្តភក្តិ។

លោកបណ្ឌិត សរ រិទ្ធី បន្ថែមទៀតថា នៅក្នុងយុគសម័យសកលភាវូបនីយកម្មនេះ ធនធានមនុស្សដែលមានសក្តានុពល ចាំបាច់ត្រូវតែមានភាសា និងវប្បធម៌ចម្រុះ ការគិតបែបវិទ្យាសាស្ត្រ និងតក្កវិទ្យា ព្រមទាំងគុណធម៌សីលធម៌ក្នុងការរស់នៅ។ នេះគឺជាចក្ខុវិស័យរបស់សាលាអន្តរជាតិ វីហ្សិន ប្រ៊ីដ ព្រោះទីនេះជា ស្ពានចម្លងចក្ខុវិស័យដែលកំពុងបណ្តុះបណ្តាលកុមារកម្ពុជាឱ្យក្លាយជា ពលរដ្ឋសកល មានសមត្ថភាពរឹងមាំ អាចឈរជើង ដោយមានមោទនភាព នៅលើឆាកអន្តរជាតិ តែមិនភ្លេចនូវអត្តសញ្ញាណ និងវប្បធម៌ដ៏ល្អផូរផង់របស់ជាតិខ្លួនឡើយ។

លោកបណ្ឌិត សរ រិទ្ធី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ សាលាអន្តរជាតិ វីហ្សិន ប្រ៊ីដ ដែលមានចក្ខុវិស័យវែងឆ្ងាយ និងបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការដឹកនាំសាលាឱ្យរីកចម្រើនជាលំដាប់ ស្របតាមស្តង់ដាអប់រំកម្រិតអន្តរជាតិ និងសកលលោក យ៉ាងពិតប្រាកដ។ មិនត្រឹមតែយកចិត្តទុកដាក់ លើការបង្រៀនចំណេះដឹងទូទៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរុញច្រានសិស្សានុសិស្ស ឱ្យឈានជើងចូលក្នុងឆាកអន្តរជាតិ តាមរយៈការចូលរួមប្រឡងវាស់ស្ទង់សមត្ថភាពភាសាចិន (HSK) ព្រមទាំងការប្រកួតប្រជែងគណិតវិទ្យា និងតក្កវិទ្យាលំដាប់អន្តរជាតិធំៗ ដូចជា SASMO 2026, SMCនិង BEBRAS ជាដើម។