មនុស្សស្លាប់៨នាក់ បាត់ខ្លួនម្នាក់ និងជាង២៦០នាក់ត្រូវជម្លៀសចេញភ្លាមៗ ដោយសារព្យុះភ្លៀងបោកបក់វាយប្រហារធ្ងន់ធ្ងរក្នុងខេត្ត Hubei ភាគកណ្តាលប្រទេសចិន

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា កត្តាប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរនៅភាគកណ្តាលប្រទេសចិនបានសម្លាប់មនុស្សយ៉ាងហោចណាស់៨នាក់ហើយ។ នៅខេត្ត Hubei ព្យុះ និងខ្យល់បក់ខ្លាំងបានបោកបក់ផ្នែកខាងកើតនៃខេត្តនេះ ហើយមនុស្សម្នាក់នៅតែបាត់ខ្លួន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានចាក់ផ្សាយរូបភាពវីដេអូនៃការងារស្វែងរកមនុស្ស និងជួយសង្គ្រោះនៅក្នុងទីក្រុង Huanggang និងទីប្រជុំជន Daye។ ឃ្លាំងមួយត្រូវបានខូចខាតធ្ងន់ធ្ងរនៅក្នុងទីក្រុង Huanggang ដែលជាទីកន្លែងមួយក្នុងចំណោមកន្លែងដែលរងគ្រោះខ្លាំងបំផុត ដោយមានរថយន្តដឹកទំនិញបានក្រឡាប់ និងឧបករណ៍រោងចក្រត្រូវបានបំផ្លាញខ្ទេចខ្ទី។ ប្រព័ន្ធផ្សព្វផ្សាយនេះក៏បានរាយការណ៍បន្ថែមថា មនុស្សចំនួន ២៦៩ នាក់ត្រូវបានជម្លៀសចេញ និង ១៧៣ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្នុងទីក្រុង ស្របពេលដែលអ្នកជួយសង្គ្រោះជាង ៣.៥០០ នាក់ត្រូវបានបញ្ជូនទៅកាន់តំបន់នៅទៅទូទាំងខេត្តសម្រាប់ការងារស្វែងរក និងជួយសង្គ្រោះនោះ៕

សម្រួលអត្ថបទ៖ សុផារិន្ទ