ក្រុងព្រះសីហនុទទួលបានផ្លូវបេតុងថ្មីចំនួន ៦ខ្សែ បន្ថែមទៀត ខណៈឯកឧត្តម អភិបាលខេត្ត ចុះពិនិត្យគុណភាពដោយផ្ទាល់

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះត្រួតពិនិត្យការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងចំនួន ៦ខ្សែ ដែលបានសាងសង់រួចរាល់ជាស្ថាពរ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដើម្បីធានាបាននូវគុណភាពសំណង់ និងការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ។

ខ្សែផ្លូវទាំង ៦ ដែលបានទទួលការពិនិត្យរួមមាន៖
១. ផ្លូវបេតុងអាមេ (ភូមិ៣ សង្កាត់លេខ៤) ទីតាំង ចាប់ពីផ្លូវលេខ៨០៦ មកផ្លូវលេខ២១០ ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
២. ផ្លូវលេខ ៨១៤-៥ (ភូមិ៥ សង្កាត់លេខ៤) មានប្រវែងផ្លូវ ៤៧៥ម៉ែត្រ ទទឹង ៦ម៉ែត្រ ចាក់ក្រាលបេតុងកម្រាស់ ០,១៥ម៉ែត្រ។ រួមមានការរៀបចំប្រព័ន្ធលូបង្ហូរទឹកមុខកាត់ ០,៦ម៉ែត្រ ប្រវែង ៤៨០ម៉ែត្រ អណ្តូងលូ ៤កន្លែង សងខាងផ្លូវ និងលូប្រអប់មុខ៣ (ទំហំ ៩ម៉ែត្រ x ១០ម៉ែត្រ) ព្រមទាំងស្ពានការពារមុខទឹកប្រវែង ១៥ម៉ែត្រ ចំនួន ០១កន្លែង។
៣. ផ្លូវលេខ ៨១៦ (ភូមិ៥ សង្កាត់លេខ៤) មានប្រវែងផ្លូវ ៤៥០ម៉ែត្រ ទទឹង ៧,២៥ម៉ែត្រ កម្រាស់ ០,២០ម៉ែត្រ ដោយចាក់ក្រាលបេតុង ព្រមទាំងរៀបចំខឿនសងខាងផ្លូវប្រវែងសរុប ៨០០ម៉ែត្រ (ទីតាំងក្បែរស្ថានីយប្រេងឥន្ធនៈតូតាល់ អូរ៣)។
៤. ផ្លូវបេតុងអាមេ លេខ ៨៣៣ (ភូមិ៥ សង្កាត់លេខ៤) មានប្រវែង ១,២០០ម៉ែត្រ ទទឹង ១២,២៥ម៉ែត្រ កម្រាស់ ០,២០ម៉ែត្រ ព្រមទាំងមានប្រព័ន្ធលូសងខាងផ្លូវ។
៥. ផ្លូវចំនួន ២កំណាត់ (ភូមិ១ សង្កាត់លេខ១ – មុខរោងចក្រក្រោន) ផ្លូវសរុបប្រវែង ១,២០៧ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ។
កំណាត់ទី១ ប្រវែង ៤៨២ម៉ែត្រ ទទឹង ៨,២៥ម៉ែត្រ។ កំណាត់ទី២ ប្រវែង ៧២៥ម៉ែត្រ ទទឹង ៦ម៉ែត្រ។ ដាក់លូមូលមុខកាត់ ០,៦ម៉ែត្រ សងខាងផ្លូវប្រវែង ១,៩៣២ម៉ែត្រ, អណ្តូងលូចំនួន ៧១កន្លែង និងសាងសង់ស្ពានបេតុងប្រវែង ១៥ម៉ែត្រ ទទឹង ១០ម៉ែត្រ។
៦. ខ្សែផ្លូវបំបែកចូលកំពង់ផែ (ភូមិ១ សង្កាត់លេខ១) ផ្លូវ ១ខ្សែ ប្រវែងសរុប ១៤ម៉ែត្រ ទទឹង ៥ម៉ែត្រ (មុខកាត់ ៥០ម៉ែត្រការ៉េ) ដោយចាក់ក្រាលបេតុងអាមេ កម្រាស់០,១៥ម៉ែត្រ ស្ថិតនៅចំណុចបំបែកពីផ្លូវចូលទៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ក្នុងឱកាសនេះដែរ ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយខ្សែផ្លូវទាំងនោះដោយផ្ទាល់ ហើយប្រជាពលរដ្ឋបានសម្តែងនូវភាពសប្បាយរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្ត ដែលបានយកចិត្តទុកដាក់ដោះស្រាយការលំបាក និងផ្តល់ផ្លូវបេតុងស្អាតល្អ ងាយស្រួលធ្វើដំណើរ មិនមានដក់ទឹក ឬហុយដូចមុន។

ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរសរបស់សប្បុរសជនទាំងអស់ ក៏ដូចជាកោតសរសើរចំពោះកងវិស្វកម្ម ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ចសាងសង់ផ្លូវទាំងនេះប្រកបដោយបច្ចេកទេស និងគុណភាពខ្ពស់។ ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់កិត្តិយសប្រគល់លិខិតថ្លែងអំណរគុណជូនដល់តំណាងសប្បុរសជន និងក្រុមការងារកងវិស្វកម្មផងដែរ៕

អត្ថបទ ៖ ស្រីមុំ
រូបភាព ៖សុខជា