ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំកិច្ចប្រជុំពិនិត្យប្លង់មេ គម្រោងកែលម្អរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ឱ្យក្លាយជាតំបន់ទេសចរណ៍គំរូ និងបៃតង

ខេត្តព្រះសីហនុ៖ នៅសាលប្រជុំតូចសាលាខេត្តព្រះសីហនុ មានការរៀបចំកិច្ចប្រជុំពិភាក្សាមួយ ដើម្បីពិនិត្យប្លង់មេនៃគម្រោងកែលម្អរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ក្រោមការដឹកនាំរបស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ និងតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ស្របតាមសមាសភាពដែលបានកំណត់ក្នុងលិខិតបង្គាប់ការលេខ ០០៦/២៦ លបក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រះសីហនុ។

នៅក្នុងឱកាសនោះ លោក លូភួង ដាវ៉ាលីន អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានធ្វើបទបង្ហាញយ៉ាងលម្អិតអំពីប្លង់មេនៃគម្រោងកែលម្អរមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះ។ គម្រោងនេះត្រូវបានរចនាឡើងដោយផ្តោតលើការសម្របសម្រួល និងលើកកម្ពស់សោភ័ណភាពធម្មជាតិ ក្នុងនោះរួមមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ផ្នែកគ្រប់គ្រង និងសេវាកម្ម ការរៀបចំចំណតរថយន្តធំទូលាយ មានសណ្តាប់ធ្នាប់ អគារគ្រប់គ្រងរដ្ឋបាល ដើម្បីធានាសន្តិសុខ និងរបៀបរៀបរយ និងបន្ទប់ទឹកសាធារណៈស្អាតស្របតាមស្តង់ដារអនាម័យ។ ផ្នែកកម្សាន្ត និងវប្បធម៌ អាងលេងទឹកបែបធម្មជាតិ ដែលកែច្នៃដោយមិនប៉ះពាល់ដល់បរិស្ថាន។ ទីកន្លែងសម្តែងសិល្បៈសម្រាប់បង្ហាញវប្បធម៌ទម្រង់ផ្សេងៗដល់ភ្ញៀវទេសចរ។ កញ្ចុះអង្គុយលេងសម្រាប់លម្ហែកាយ និងអគារលក់វត្ថុអនុស្សាវរីយ៍រួមទាំងពិព័រណ៍ផលិតផលក្នុងស្រុក។ការបង្កើតសួនផ្កាចម្រុះពណ៌បង្កើនសោភ័ណភាព សួនបន្លែចម្រុះធម្មជាតិ និងការរៀបចំផ្ទះបាយចំអិនម្ហូបរបស់អាជីវករឱ្យមានអនាម័យខ្ពស់ និងមានរបៀបរៀបរយ។

កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងប្រមូលធាតុចូលពីគ្រប់មន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាការអភិវឌ្ឍ និងកែលម្អរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយនេះ ធ្វើឡើងដោយមានតម្លាភាព គណនេយ្យភាព និងមិនមានការប៉ះពាល់ដល់ប្រភពទឹកស្អាត ក៏ដូចជាបរិស្ថានតំបន់ការពារឡើយ។
ក្រោយពីគម្រោងនេះត្រូវបានអនុវត្ត រដ្ឋបាលខេត្តព្រះសីហនុរំពឹងថានឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តកាន់តែច្រើនឡើង ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចមូលដ្ឋាន បង្កើតការងារ និងមុខរបរជូនប្រជាពលរដ្ឋនៅក្នុងតំបន់ ព្រមទាំងលើកកម្ពស់មុខមាត់ខេត្តព្រះសីហនុ ឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏រស់រវើក មិនត្រឹមតែតំបន់ឆ្នេរប៉ុណ្ណោះទេ ប៉ុន្តែក៏មានតំបន់អេកូទេសចរណ៍ដ៏មានសក្តានុពលផងដែរ៕
អត្ថបទ ៖ កញ្ញា មឿន ស្រីមុំ