រដ្ឋបាលខេត្តព្រះសីហនុ ប្តេជ្ញាលុបបំបាត់បទល្មើសបច្ចេកវិទ្យា (Scams Online) និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីកសាងទំនុកចិត្តជូនភ្ញៀវទេសចរ និងវិនិយោគិន

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបើកយុទ្ធនាការបង្ក្រាប និងសម្អាតរាល់បទល្មើសបច្ចេកវិទ្យាខុសច្បាប់ ឬហៅថា (Scams Online) ព្រមទាំងពង្រឹងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ វិធានការក្តៅនេះ ធ្វើឡើងក្នុងគោលបំណងកសាងទំនុកចិត្ត និងសុវត្ថិភាពខ្ពស់ជូនដល់ភ្ញៀវទេសចរ និងវិនិយោគិនទាំងជាតិ និងអន្តរជាតិ សំដៅជំរុញការអភិវឌ្ឍខេត្តតំបន់ឆ្នេរមួយនេះ ឱ្យស្របតាមចក្ខុវិស័យ និងកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា។

ថ្លៃងប្រាប់វិទ្យុនិងទូរទស្សន៍មហាផ្ទៃនៅថ្ងៃទី៣ខែកក្កដាឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ផ្អែកលើចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយខេត្តព្រះសីហនុទៅជា «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» រដ្ឋបាលខេត្តបានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការស្រាវជ្រាវ ស្វែងរក និងបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៊ីនធឺណិត និងការឆបោកតាមអនឡាញ ដែលបង្កឡើងដោយជនបរទេសមួយចំនួនតូច ដែលបានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងបរិយាកាសវិនិយោគនៅក្នុងខេត្ត។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បន្តថា ជាទិសដៅយុទ្ធសាស្ត្ររបស់រដ្ឋបាលខេត្តគឺប្តេជ្ញាក្នុងការសម្អាត និងបង្ក្រាប បន្តយុទ្ធនាការត្រួតពិនិត្យ ឆែកឆេរ និងបិទរាល់ទីតាំងសង្ស័យដែលមានការលាក់ខ្លួនប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា (Scams Online) និងការជួញដូរមនុស្ស ដោយមិនមានការលើកលែង។
យើងត្រូវពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ បង្កើនការយាមល្បាត និងដាក់ពង្រាយកម្លាំងសមត្ថកិច្ចនៅតាមតំបន់គោលដៅ តំបន់ទេសចរណ៍ និងទីប្រជុំជន ដើម្បីធានាថាគ្រប់ដង្ហើមចេញចូលរបស់ភ្ញៀវទេសចរ និងអាជីវករ គឺមានសុវត្ថិភាព។
ត្រូវតែរឹតបន្តឹងការត្រួតពិនិត្យការស្នាក់នៅ ផ្ទះជួល និងការប្រកបអាជីវកម្មរបស់ជនបរទេសនៅក្នុងខេត្ត ឱ្យស្របទៅតាមច្បាប់កម្ពុជា។

ឯកឧត្តម ម៉ាង ស៊ីណេត  បានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា៖មិនអនុញ្ញាតឱ្យក្រុមជនល្មើសណាមួយ មកប្រើប្រាស់ទឹកដីនៃខេត្តសេដ្ឋកិច្ចដ៏មានសក្តានុពលនេះ ធ្វើជាកន្លែងប្រព្រឹត្តសកម្មភាពខុសច្បាប់ បំផ្លាញសន្តិសុខ និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ ក៏ដូចជាបំផ្លាញទំនុកចិត្តរបស់វិនិយោគិននោះឡើយ។

តាមរយៈការប្តេជ្ញាចិត្ត និងវិធានការដាច់ណាត់នេះ រដ្ឋបាលខេត្តព្រះសីហនុរំពឹងយ៉ាងមុតមាំថា នឹងអាចស្តារ និងលើកកម្ពស់មុខមាត់ខេត្ត ក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ដ៏មានសុវត្ថិភាព ស្រស់ស្អាត និងគួរឱ្យចង់មកទស្សនាកម្សាន្ត និងបណ្តាក់ទុនប្រកបដោយភាពកក់ក្តៅបំផុត៕