ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធពីការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសុខាភិបាល និងការទូទាត់ថ្លៃសេវាឱ្យកាន់តែប្រសើរសម្រាប់សមាជិក ប.ស.ស.

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងលើការប្រើប្រាស់ និងការផ្តល់សេវាសុខាភិបាលរវាង ប.ស.ស. នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមូលដ្ឋានសុខាភិបាលដៃគូ ព្រមទាំងយន្តការទូទាត់ថ្លៃសេវា នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដែលមានសមាសភាពចូលរួមជាង ៨០រូប មកពីក្រសួងការងារ ក្រសួងសុខាភិបាល ក្រុមប្រឹក្សាវេជ្ជសាស្ត្រ ប.ស.ស. អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ និយ័តករសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាល។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះមានគោលបំណងពិនិត្យប្រព័ន្ធផ្តល់សេវាឡើងវិញ ផ្លាស់ប្តូរយោបល់ និងប្រមូលធាតុចូល ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមពាក់ព័ន្ធនឹងការអនុវត្តកិច្ចព្រមព្រៀងលើការប្រើប្រាស់ និងការផ្តល់សេវាសុខាភិបាល ព្រមទាំងកំណត់យន្តការទូទាត់ថ្លៃសេវាសមស្របសម្រាប់សមាជិក ប.ស.ស. ឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព ស្របពេលដែលចំនួនអ្នកប្រើប្រាស់សេវានៅតាមមន្ទីរពេទ្យដៃគូទាំងរដ្ឋ និងឯកជនកំពុងកើនឡើងជាបន្តបន្ទាប់ ជាពិសេសនៅមន្ទីរពេទ្យថ្នាក់ជាតិ។

ជាមួយនឹងការលើកឡើងពីភាពចាំបាច់នៃកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើការផ្តល់សេវា ប.ស.ស. ជូនដល់សមាជិកទាំងលើផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ដែលធ្វើឱ្យសេវានេះកាន់តែពេញនិយម និងទាក់ទាញប្រជាពលរដ្ឋកាន់តែច្រើនឱ្យចូលរួម ជាពិសេសផ្នែកថែទាំសុខភាព។ លើសពីនេះ រាជរដ្ឋាភិបាលក៏មានចក្ខុវិស័យពង្រីកការគ្របដណ្តប់សេវា ប.ស.ស. បន្ថែមទៀតប្រកបដោយនិរន្តរភាពដោយឈរលើគោលការណ៍សមធម៌ និងសមភាព ដែលមិនពឹងផ្អែកតែលើថវិកាជាតិនោះទេ។

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា បច្ចុប្បន្ន សមាជិក ប.ស.ស. កំពុងមាននិន្នាការទៅប្រើប្រាស់សេវានៅមន្ទីរពេទ្យថ្នាក់ជាតិប្រកបដោយភាពទុកចិត្ត។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីភាពចាំបាច់ក្នុងការស្វែងរកវិធីសាស្រ្តរួមគ្នា ដើម្បីចាប់ផ្តើមបញ្រ្ជាប លើកទឹកចិត្តដល់សមាជិក ប.ស.ស. ឱ្យងាកទៅប្រើប្រាស់សេវានៅមូលដ្ឋាន ដូចជាមន្ទីរពេទ្យបង្អែកស្រុក ឬខេត្ត ដែលជាការជួយសម្រាលបន្ទុកមន្ទីរពេទ្យថ្នាក់ជាតិ ហើយមន្ទីរពេទ្យមូលដ្ឋានក៏មានចំណូលសម្រាប់ពង្រឹងសមត្ថភាព និងលទ្ធភាព ជាពិសេស រចនាសម្ព័ន្ធ ឧបករណ៍ និងសម្ភារឯកទេស ធនធានមនុស្ស បន្ទប់ពិគ្រោះ គ្រែសម្រាកព្យាបាល ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់សមាជិក។

បន្ទាប់ពីឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករងនៃ ប.ស.ស. បានធ្វើបទបង្ហាញស្តីពីការអនុវត្តកិច្ចព្រមព្រៀង ការប្រើប្រាស់និងការផ្តល់សេវាសុខាភិបាលរវាង ប.ស.ស. និងមូលដ្ឋានសុខាភិបាលដៃគូ និងយន្តការទូទាត់ថ្លៃសេវារួចមក អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុល និងលើកយោបល់ដ៏មានសារៈសំខាន់ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ដែលស្របតាមការគិតគូររបស់រាជរដ្ឋាភិបាល។ អង្គប្រជុំបានថ្លែងអំណរគុណចំពោះក្រសួងការងារដែលបានរៀបចំកិច្ចប្រជុំនេះឡើង ដើម្បីជម្រាបឱ្យដឹងពីស្ថានភាពរបស់ ប.ស.ស. ក៏ដូចជាគាំទ្រប្រសាសន៍ប្រកបដោយយុទ្ធសាស្រ្ត និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ឯកឧត្តម ហេង សួរ ។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គប្រជុំ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចពិភាក្សាប្រកបដោយផ្លែផ្កា ដែលសុទ្ធសឹងតែជាធាតុចូលដ៏មានតម្លៃសម្រាប់យកទៅអនុវត្ត និងបានលើកទឹកចិត្តអង្គប្រជុំសូមឱ្យបន្តកិច្ចសហការគ្នា ដើម្បីសម្រេចគោលដៅរួមក្នុងការរក្សានិរន្តរភាពនៃប្រតិបត្តិការ ប.ស.ស. ក៏ដូចជាលើកកម្ពស់សុខភាពប្រជាពលរដ្ឋកម្ពុជាផងដែរ៕