ឯកឧត្តម ឈួរ សុបញ្ញា : ការកសាងមូលធនមនុស្សមិនអាចផ្អែកតែលើចំណេះដឹង ឬបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានសីលធម៌ គុណធម៌ និងការអនុវត្តព្រះធម៌តាមព្រះត្រៃបិដកជាគ្រឹះគោល

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៤ រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយសមាគមអប់រំសីលធម៌អន្តរជំនាន់ ពុទ្ធិកសមាគមកម្ពុជរដ្ឋ ក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ និងក្រោមការគាំទ្រពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំវេទិកាស្តីពី «ពិពិធកម្មសាសនោវាទ ដើម្បីនិម្មាបនកម្មវដ្ដជីវិត» នៅវិទ្យាល័យបាក់ទូក ដោយមានការចូលរួមពីសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង ៣០០រូប។ ពិធីនេះក្រោមព្រះអធិបតីភាព ព្រះឥន្ទមុនី សំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ និងអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ឺ វិរៈ ប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ង៉ែត ចាន់សុខ ប្រធានការិយាល័យយុវជន តំណាងលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។ ការរៀបចំវេទិកានេះ គឺជាសក្ខីភាពបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ក្នុងការកសាងធនធានមនុស្ស និងលើកកម្ពស់វិស័យវប្បធម៌ សាសនា និងសីលធម៌សង្គម តាមរយៈការផ្តល់ចំណេះដឹងផ្នែកផ្លូវចិត្ត និងស្មារតីដល់យុវជន ដោយយកពុទ្ធសាសនោវាទជាគន្លងបំពេញបន្ថែមលើការសិក្សារៀនសូត្រ និងការរស់នៅប្រចាំថ្ងៃ។ វេទិកានេះផ្តោតលើគោលបំណងសំខាន់ៗ រួមមាន ការលើកកម្ពស់ការយល់ដឹងអំពីតួនាទីព្រះពុទ្ធសាសនាក្នុងការអភិវឌ្ឍមូលធនមនុស្ស ការពង្រឹងអត្តសញ្ញាណពុទ្ធសាសនាខ្មែរ និងការផ្សារភ្ជាប់គោលការណ៍ព្រះធម៌ទៅនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់យុវជន។

ក្នុងមតិបើកវេទិកា ឯកឧត្តម ហ៊ឺ វិរៈ បានលើកឡើងថា «ពិពិធកម្មសាសនោវាទ» មិនមែនជាការសិក្សាព្រះធម៌ក្នុងក្របខណ្ឌទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែជាការបំលែងគុណតម្លៃព្រះពុទ្ធសាសនាឱ្យក្លាយជាឥរិយាបថ និងសកម្មភាពជាក់ស្តែងក្នុងជីវិតប្រចាំថ្ងៃ។ ឯកឧត្តមបានបញ្ជាក់ថា ការកសាងជាតិឱ្យរឹងមាំ និងមានភាពប្រកួតប្រជែងក្នុងសកលភាវូបនីយកម្ម ត្រូវចាប់ផ្តើមពីការកសាងមូលធនមនុស្សដែលមានចំណេះដឹង បំណិន សីលធម៌ និងស្មារតីទទួលខុសត្រូវ។ ឯកឧត្តមក៏បានអំពាវនាវឱ្យយុវជនស្វែងយល់អំពីប្រវត្តិសាស្ត្រ វប្បធម៌ និងព្រះពុទ្ធសាសនា ដើម្បីពង្រឹងអត្តសញ្ញាណជាតិ និងត្រៀមខ្លួនជាពលរដ្ឋសកលប្រកបដោយគុណភាព។ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយបានក្លាយជាផ្នែកមួយនៃអត្តសញ្ញាណជាតិខ្មែរ។ ព្រះពុទ្ធសាសនាមិនត្រឹមតែជាសាសនានៃជំនឿប៉ុណ្ណោះទេ ប៉ុន្តែជាប្រភពនៃសីលធម៌ គុណធម៌ និងការអប់រំចិត្ត ដែលរួមចំណែកដល់ការកសាងមនុស្ស និងសង្គមប្រកបដោយសុខដុមរមនា។

ដោយឡែក លោក ង៉ែត ចាន់សុខ បានលើកឡើងថា ការអប់រំពិតប្រាកដត្រូវមានការរួមបញ្ចូលគ្នារវាងចំណេះដឹង ជំនាញ និងសីលធម៌។ លោកបានបញ្ជាក់ថា សាលារៀនមិនត្រឹមតែជាកន្លែងផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងបណ្តុះចរិតលក្ខណៈ មនសិការ និងការទទួលខុសត្រូវរបស់យុវជនផងដែរ។ លោកបានជំរុញឱ្យសិស្សានុសិស្សគោរពវិន័យ គោរពឪពុកម្តាយ លោកគ្រូ អ្នកគ្រូ ខិតខំរៀនសូត្រ និងចៀសវាងអបាយមុខផ្សេងៗ ដែលអាចប៉ះពាល់ដល់អនាគតរបស់ខ្លួន។

ក្នុងធម្មបរិយាយស្តីពី «សុខភាពផ្លូវចិត្តតាមពុទ្ធមាគ៌ា» ព្រះឥន្ទមុនី សំ សុខា បានមានថេរដីកាថា សុខភាពផ្លូវចិត្ត គឺជាមូលដ្ឋាននៃសេចក្តីសុខ និងភាពជោគជ័យក្នុងជីវិត។ ព្រះអង្គបានបញ្ជាក់ថា បញ្ហាជាច្រើនក្នុងសង្គមសព្វថ្ងៃ កើតឡើងដោយសារមនុស្សមិនអាចគ្រប់គ្រងចិត្ត និងអារម្មណ៍របស់ខ្លួនបាន។ ព្រះអង្គបានពន្យល់អំពីការអនុវត្តសតិ សមាធិ និងបញ្ញា តាមគន្លងអរិយមគ្គមានអង្គ៨ ដើម្បីជួយឱ្យមនុស្សមានភាពស្ងប់ស្ងាត់ កាត់បន្ថយភាពតានតឹង និងរស់នៅដោយសុខដុមរមនា។ ព្រះអង្គក៏បានដាស់តឿនយុវជនឱ្យប្រើប្រាស់បច្ចេកវិទ្យាដោយមានការទទួលខុសត្រូវ ពង្រឹងស្មារតីវិជ្ជមាន និងបណ្តុះចិត្តឱ្យស្ថិតនៅក្នុងផ្លូវកុសល។

ក្នុងបទបង្ហាញស្តីពី «ការកសាងមូលធនមនុស្សតាមពុទ្ធមាគ៌ា» ឯកឧត្តម ឈួរ សុបញ្ញាបានគូសបញ្ជាក់ថា ការអភិវឌ្ឍមូលធនមនុស្សត្រូវមានការអភិវឌ្ឍពេញលេញទាំងផ្នែកចំណេះដឹង បំណិន សីលធម៌ និងសុខភាព។ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល មូលធនមនុស្សគឺជាអាទិភាពគន្លឹះទីមួយសម្រាប់ការអភិវឌ្ឍប្រទេស។ ក្នុងនោះ មនុស្សដែលមានគុណភាពត្រូវប្រកបដោយសមាសធាតុសំខាន់ៗរួមមាន វិជ្ជាសម្បទា បំណិនសម្បទា កាយសម្បទា សីលសម្បទា និងគុណសម្បទា។ ព្រះពុទ្ធសាសនាបានផ្តល់នូវគោលការណ៍ដ៏មានតម្លៃសម្រាប់ការកសាងមនុស្សឱ្យមានគុណភាព តាមរយៈការអប់រំចិត្ត ការរក្សាសីល ការបណ្តុះបញ្ញា និងការអនុវត្តធម៌ក្នុងជីវិតប្រចាំថ្ងៃ។ ការកសាងមូលធនមនុស្សមិនអាចផ្អែកតែលើចំណេះដឹង ឬបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានសីលធម៌ គុណធម៌ និងការអនុវត្តព្រះធម៌ជាគ្រឹះ។ យុវជនដែលមានទាំងវិជ្ជាសម្បទា បំណិនសម្បទា កាយសម្បទា សីលសម្បទា និងគុណសម្បទា នឹងក្លាយជាធនធានមនុស្សដ៏មានតម្លៃ អាចចូលរួមកសាងសង្គមជាតិឱ្យមានសុខដុមនីយកម្ម វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យរបស់កម្ពុជានាពេលអនាគត។