ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. លើកទី៥ អាណត្តិទី២ នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាល ប.ស.ស. ដើម្បីពិនិត្យ ពិភាក្សា និងឯកភាពលើគម្រោងថវិកាប្រចាំឆ្នាំ២០២៧, ផែនការយុទ្ធសាស្រ្តថវិកា(៣ឆ្នាំរំកិល) ឆ្នាំ២០២៧-២០២៩, របាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី១ របស់ ប.ស.ស. និងរបាយការណ៍លទ្ធផលសម្រេចបានប្រចាំត្រីមាសទី១ ក្នុងទិសដៅពង្រឹងប្រសិទ្ធភាពការងារឱ្យដំណើរការប្រកបដោយតម្លាភាពក្នុងការបម្រើផលប្រយោជន៍សមាជិក។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់នៃ ប.ស.ស. ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទីប្រកបដោយសាមគ្គីភាពក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដែលជួយធានាបានយ៉ាងរឹងមាំនូវនិរន្តរភាព និងគុណភាពលើការផ្តល់សេវាជូនបងប្អូនសមាជិក ប.ស.ស. ឱ្យទទួលបានអត្ថប្រយោជន៍ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ជាពិសេសកំណើននៃសមាជិកដែលបានចុះបញ្ជី។ ឯកឧត្តមបានបញ្ជាក់ថា នៅពេលដែលប្រជាពលរដ្ឋទទួលបានសេវាកាន់តែប្រសើរពី ប.ស.ស. និងមានសុខភាពល្អ នោះគឺជាភាពជោគជ័យរបស់ ប.ស.ស. ក៏ដូចជារាជរដ្ឋាភិបាលក្នុងវិស័យគាំពារសង្គម។
ឯកឧត្តមរដ្ឋមន្រ្តីបានរំលេចពីចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ និងពង្រីកវិសាលភាពរបបសន្តិសុខសង្គមតាមការវិវត្តនៃស្ថានភាពសង្គមសេដ្ឋកិច្ចដោយឈរលើគោលការណ៍សមភាព និងសមធម៌ ដើម្បីធានាឱ្យបាននូវនិរន្តរភាព ដែលស្របតាមគោលការណ៍សកល។ ឯកឧត្តមមានប្រសាសន៍ថា ការផ្តល់សេវារបស់ ប.ស.ស. ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន គឺកាន់តែមានភាពទាក់ទាញ ដែលធ្វើឱ្យសាធារណជនស្រមៃចង់ទទួលបាន។
កិច្ចប្រជុំបានដំណើរការយ៉ាងរលូនជាមួយនឹងកិច្ចពិភាក្សាយ៉ាងផុសផុល ហើយបានឯកភាពគ្នាលើគម្រោងថវិកា, ផែនការយុទ្ធសាស្រ្តថវិកា និងរបាយការណ៍ហិរញ្ញវត្ថុខាងលើ។ ឯកឧត្តម ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ ប.ស.ស. ក្នុងការរៀបចំឯកសារដ៏មានសារៈសំខាន់ទាំងនេះ ដែលជាជំហានមួយដ៏ប្រសើរស្របតាមនីតិវិធីដែលមានចែង និងបានលើកទឹកចិត្តអង្គប្រជុំសូមឱ្យបន្តបេសកកម្មដ៏ចាំបាច់ក្នុងនាមជាសមាជិក និងសមាជិកាក្រុមប្រឹក្សាភិបាល ដើម្បីសម្រេចគោលដៅដែលបានរំពឹងទុក។
ទន្ទឹមនឹងនេះ តំណាងនិយោជក និងបងប្អូនកម្មករនិយោជិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ប.ស.ស. ដែលបានរៀបចំផែនការយុទ្ធសាស្រ្តថវិកា និងរបាយការណ៍ដ៏មានសារៈសំខាន់ទាំងនេះឡើង ព្រមទាំងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះការសម្របសម្រួល និងការជំរុញកិច្ចគាំពារសង្គមឱ្យកាន់តែមានប្រសិទ្ធភាព៕






