លោក ឡុង ឌីម៉ង់ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំង ដើម្បីចុះបញ្ជីជាគម្រោងQIP ចំនួន២នៅក្រុងកំពង់សោម ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងស្នើសុំចុះបញ្ជីគម្រោងវិនិយោគបង្កើតរោងចក្របោះពុម្ពខ្នាតធំ ទៅលើក្រដាស និងប្លាស្ទិក និងរោងចក្រផលិតផ្ទាំងក្រណាត់គំនូរ បន្ទះស៊ុមគំនូរ ជើងទ្រគំនូរធ្វើពីឈើ គ្រឿងសង្ហារិម និង ក្តារបន្ទះដែលមានទីតាំងនៅក្នុងសង្កាត់បិតត្រាំង និងសង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
សូមជម្រាបថា ក្នុងឆមាសទី១ឆ្នាំ២០២៦នេះ អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុបានទទួលសំណើចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ចំនួន ១៤ សំណើ និងបានចុះបញ្ជីជាបន្តបន្ទាប់ជូនម្វាស់សំណើចំនួន១២គម្រោង ដោយគោរពតាមក្របខណ្ឌពេលវេលា មិនលើសពី២១ថ្ងៃ។
ក្នុងនាមជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត លោកអភិបាលរងបានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាពពាក់ព័ន្ធខិតខំធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគ ដោយរក្សាទំនាក់ទំនងល្អ សម្របសម្រួលនីតិវិធី និងផ្តល់ការប្រឹក្សាជាប្រចាំ។
ជាមួយគ្នានឹងការជំរុញឱ្យម្ចាស់ទីតាំងដែលជាបណ្តុំរោងចក្រសហគ្រាស អភិវឌ្ឍទីតាំងរបស់ខ្លួនទៅជាសួនឧស្សាហកម្ម លោកអភិបាលរងក៏បានសំណូមពរឱ្យក្រុមហ៊ុនទាំង២៖
-ព្យាយាមអូសទាញអ្នកវិនិយោគិនដទៃទៀត ឱ្យងាកមកបណ្តាក់ទុននៅខេត្តព្រះសីហនុ
-ផ្តល់អាទិភាពការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន និងត្រូវភ្ជាប់សេវាប.ស.ស.ជូនបុគ្គលិក និងកម្មករឱ្យបានត្រឹមត្រូវ
-រៀបចំអគារឱ្យមានខ្យល់ចេញចូលល្អ មានច្រកចេញចូលសុវត្ថិភាព និងបំពាក់ឧបករណ៍បង្ការអគ្គិភ័យឱ្យបានគ្រប់គ្រាន់ និងចូលរួមដាំដើមឈើឱ្យបានច្រើនដើម្បីផ្តល់ផាសុកភាពដល់បុគ្គលិក និងកម្មករនៅទីតាំងផងដែរ។
ប្រភព:រដ្ឋបាលខេត្តព្រះសីហនុ





