ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន៖ មន្ត្រីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ត្រូវធ្វើជាខែលការពារការពិត និងជាប្រភពព័ត៌មានដែលបំភ្លឺសង្គម
ភ្នំពេញ៖ ឯកឧត្តម កឹម គុណវឌ្ឍន៍
រដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងថា ក្នុងនាមជាមន្ត្រីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ តួនាទីរបស់មន្ត្រីមិនមែនមានត្រឹមការផលិត និងផ្សព្វផ្សាយព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែត្រូវដើរតួនាទីជាអ្នកការពារការពិត ប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និងព័ត៌មានបំភាន់ ព្រមទាំងជាប្រភពព័ត៌មានដែលអាចជឿទុកចិត្តបាន ដើម្បីបំភ្លឺសង្គម និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ តំណាង រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល “ការសរសេរព័ត៌មានទូរទស្សន៍” និង “ការថត និងការប្រើប្រាស់កាមេរ៉ាវីដេអូ” នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នាមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន រៀបចំឡើងដោយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក្នុងគោលបំណង ពង្រឹងសមត្ថភាព ចំណេះដឹងផ្នែកសារព័ត៌មាន លើជំនាញសរសេរព័ត៌មាន ព្រមទាំងបង្កើនបច្ចេកទេសក្នុងការថត និងប្រើប្រាស់កាមេរ៉ាវីដេអូ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផលិតមាតិកានានា ក្នុងបរិបទ នៃការរីកចម្រើនផ្នែកឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយ។
ឯកឧត្តម កឹម គុណវឌ្ឍន៍ បានគូសបញ្ជាក់ថា ក្នុងយុគសម័យឌីជីថល ព័ត៌មានមិនពិត (Fake News) មានការរីករាលដាលលឿនណាស់។ ដូច្នេះ ក្នុងនាមយើងជាមន្ត្រីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ តួនាទីរបស់យើងមិនមែនត្រឹមតែជាអ្នកផ្តល់ព័ត៌មាននោះទេ ប៉ុន្តែយើងជា «ខែលការពារការពិត» និងជាប្រភពព័ត៌មានដែលបំភ្លឺសង្គម។ ការសរសេរអត្ថបទព័ត៌មានទូរទស្សន៍បានល្អ និងការថតរូបភាពវីដេអូបានច្បាស់លាស់ នឹងជួយធ្វើឱ្យព័ត៌មានផ្លូវការរបស់យើង មានទម្ងន់ មានឥទ្ធិពល និងអាចវាយបកទៅនឹងព័ត៌មានក្លែងក្លាយទាំងឡាយបានយ៉ាងមានប្រសិទ្ធភាព។ ហេតុហើយនេះ ទើបយើងចាំបាច់ត្រូវតែដើរឱ្យទាន់ការសរសេរព័ត៌មានបែបទំនើប និងការប្រើប្រាស់ឧបករណ៍កាមេរ៉ា ក៏ដូចជាបច្ចេកទេសថតឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ដូច្នេះហើយ ឯកឧត្តមរដ្ឋលេខាធិការ មានជំនឿជឿជាក់ថា វគ្គបណ្តុះបណ្តាលនាពេលនេះ នឹងក្លាយជាស្ពានចម្លងដ៏សំខាន់ក្នុងការផ្សារភ្ជាប់ជំនាញទាំងពីរនេះឱ្យក្លាយជាធ្លុងមួយដ៏រឹងមាំ។
ឯកឧត្តមបានបញ្ជាក់ដែរថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្នុងគោលបំណងយ៉ាងច្បាស់លាស់ គឺដើម្បីពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញបច្ចេកទេសរបស់មន្ត្រីនៅក្នុងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា លើការផលិតព័ត៌មាន និងមាតិកានានាឱ្យកាន់តែមានគុណភាពស្របតាមការវិវត្តនៃបច្ចេកវិទ្យាបច្ចុប្បន្ន។ ក្នុងន័យនេះ មាតិកាដែលមានគុណភាពខ្ពស់ មានភាពត្រឹមត្រូវ ច្បាស់លាស់ និងមានភាពទាក់ទាញ (ទាំងខ្លឹមសារអត្ថបទ និងរូបភាពវីដេអូ) គឺជា «ចំណុច ស្នូល» ដ៏សំខាន់បំផុត សម្រាប់បង្កើនភាពជឿជាក់ពីសាធារណជន និងលើកកម្ពស់ប្រសិទ្ធភាពនៃព័ត៌មានផ្លូវការរបស់រដ្ឋ។
ការលើកឡើងនេះបានឆ្លុះបញ្ចាំងពីការទទួលខុសត្រូវដ៏សំខាន់របស់មន្ត្រីព័ត៌មានក្នុងការរក្សាសច្ចភាព ការពារផលប្រយោជន៍សាធារណៈ និងចូលរួមកសាងបរិយាកាសព័ត៌មានដែលមានគុណភាព និងអាចជឿទុកចិត្តបាន៕






