១០០០ថ្ងៃក្នុងសង្រ្គាមពិតជាវេទនាខ្លាំងណាស់! ដោយប្រជាជនប៉ាឡេស្ទីននៅតំបន់ Gaza Strip បាត់បង់អ្វីៗទាំងអស់ក្នុងជីវិតរបស់ពួកគេ និងមិនដឹងពេលណាសង្រ្គាមចប់នោះទេ
រយៈពេល១០០០ថ្ងៃបានកន្លងផុតទៅហើយ ចាប់តាំងពីមានការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសមកលើអ៊ីស្រាអែល និង បានធ្វើឱ្យអ៊ីស្រាអែលមានកំហឹងបង្កឱ្យមានសង្គ្រាមនៅតំបន់ហ្គាហ្សា។ ជម្លោះផ្សេងទៀតបានលេចឡើងនៅក្នុងតំបន់នេះឥតស្រាកស្រាន្តឡើយ ហើយបទឈប់បាញ់ដ៏ផុយស្រួយជាច្រើនក៏បានបង្ហាញពីស្លាកស្នាមនៃការវាយប្រហារជាបន្តបន្ទាប់ដែរ។ ទាំងអ៊ីស្រាអែល និងប៉ាឡេស្ទីនពិតជាមានធុញទ្រាន់នឹងភាពតានតឹងនេះដូចគ្នា។ ប្រជាជនប៉ាឡេស្ទីននៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប បាននិយាយថា ជម្លោះបានបំផ្លាញស្ទើរតែគ្រប់ទិដ្ឋភាពនៃជីវិតរបស់ពួកគេ ដោយបន្សល់ទុកគ្រួសារដែលត្រូវផ្លាស់ទីលំនៅ កុមារគ្មានការអប់រំ និងសហគមន៍ដែលកំពុងតស៊ូដើម្បីកសាងឡើងវិញក្នុងចំណោមអំពើហិង្សាដែលកំពុងបន្តដែរ។ សំពត់តង់រាប់រយ បានតំរៀបគ្នាតម្រង់ជួរនៅតំបន់ក្បែរខាងកំពង់ផែហ្គាហ្សា និងផ្នែកខ្លះនៃតំបន់ Khan Younis ជាកន្លែងដែលគ្រួសារជាច្រើននៅតែត្រូវផ្លាស់ទីលំនៅបន្ទាប់ពីផ្ទះសម្បែងរបស់ពួកគេត្រូវបានបំផ្លាញ។ ទោះបីជាមានបទឈប់បាញ់ដ៏ផុយស្រួយដែលបានចូលជាធរមានកាលពីខែតុលាក៏ដោយ ក៏ការវាយប្រហាររបស់អ៊ីស្រាអែលនៅតែបន្តស្ទើរតែជារៀងរាល់ថ្ងៃ ដដែល ដោយមានប្រជាជនប៉ាឡេស្ទីនជាង១០០០នាក់ហើយត្រូវស្លាប់ចាប់តាំងពីពេលនោះមក នេះបើយោងតាមមន្ត្រីសុខាភិបាលនៅហ្គាហ្សា។ “ជីវិតរបស់យើងត្រូវបានបំផ្លាញ ជីវិតរបស់យើងទាំងអស់ត្រូវបានបំផ្លាញទាំងស្រុង គឺគ្មានអនាគតទេ យើងត្រូវរស់នៅក្នុងភាពអត់ឃ្លាន មានជំងឺ គ្មានផ្ទះសម្បែង រត់ផ្លាស់ទីគ្រប់កន្លែង ត្រូវគេជិះជាន់ ត្រូវគេមើលងាយ… គ្មានអ្វីនៅសេសសល់ទៀតទេ យើងបានរងទុក្ខវេទនាដ៏មហន្តរាយពេញមួយជីវិត នេះគឺជាសំដីរបស់ជនជាតិប៉ាលេស្ទីន ឈ្មោះ Ragaa al-Akkad ជាអ្នកស្រុកដែលផ្លាស់ទីលំនៅម្នាក់ ក្នុងចំណោមរាប់ម៉ឺននាក់។ សម្រាប់មនុស្សជាច្រើន ផលប៉ះពាល់នៃសង្គ្រាមត្រូវបានវាស់វែងដោយការខាតបង់ផ្ទាល់ខ្លួន។ លោក Eyad al-Khair បាននិយាយថា គាត់បានបាត់បង់ផ្ទះ បាត់បង់ហាងលក់ទំនិញ និងសាច់ញាតិរបស់គាត់ ខណៈដែលកូនប្រុសរបស់គាត់ត្រូវពិការជើងម្ខាង បន្ទាប់ពីរងរបួសនៅក្នុងជម្លោះនោះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ






