គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ទទួលយកសេចក្តីព្រាងច្បាប់ចំនួន៤ ដែលជាសំណើរបស់រាជរដ្ឋាភិបាលមកពិនិត្យសិក្សា
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពិភាក្សានិងអនុម័តរបៀបវារៈមួយចំនួន។
ជាលទ្ធផល គណៈកម្មាធិការអចិន្ត្រៃយ៍ បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួន៤ ដែលជាសំណើរបស់រាជរដ្ឋាភិបាលមកពិនិត្យសិក្សា។
សេចក្តីព្រាងច្បាប់ទាំងបួននោះមាន៖
១- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិ ចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពី ប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន។
២- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក។
៣- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់សម្ភារអគារនិងសំណង់។
៤- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រគល់ភារកិច្ច ជូន គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ៕






