កិច្ចប្រជុំលើសេចក្តីព្រាងផែនការយុទ្ធសាស្រ្តអាស៊ានស្តីពីបរិស្ថានឆ្នាំ២០២៦-២០៣៥ (ASPEN 2035)

ឯកឧត្តម វ៉ាន់ មុនីនាថ អនុរដ្ឋលេខាធិការ និងជាប្រធានឧត្តមមន្រ្តីបរិស្ថាននៃក្រសួងបរិស្ថានបានដឹកនាំមន្រ្តីជំនាញបានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ លើសេចក្តីព្រាងផែនការយុទ្ធសាស្រ្តអាស៊ានស្តីពីបរិស្ថានឆ្នាំ២០២៦-២០៣៥ (ASPEN 2035) ដែលបានប្រារព្វឡើងចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលមានការចូលរួមពីតំណាងឧត្តមមន្រ្តីបរិស្ថានអាស៊ាន ប្រធានក្រុមការងាអាស៊ាន មជ្ឈមណ្ឌលអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងមូលនិធីអាស៊ីសរុបចំនួន៤០រូប។

អង្គប្រជុំបានសម្រេចគាំទ្រនិងកែសម្រួលខ្លឹមសាររួមសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត ដោយយល់ព្រមលើគោលដៅយុទ្ធសាស្រ្តចំនួន៣ (Nature-Positive ASEAN, Climate-Resilience, Low Carbon ASEAN and Pollution Free ASEAN) និងយុទ្ធសាស្រ្តជាអាទិភាពចំនួន៧ (ការអភិរក្សធម្មជាតិ និងជីវៈចម្រុះ, ការការពារបរិស្ថានឆ្នេរ និងសមុទ្រ, ការប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ, កាទប់ស្កាត់ការបំពុល និងការជំរុញសេដ្ឋកិច្ចចក្រា, បង្កើនសន្តិសុខទឹក និងភាពធន់នឹងប្រព័ន្ធអេកូឡូសុី, ការពង្រឹងព័ត៌មានបរិស្ថាន ការអប់រំ និងការទំនាក់ទំនង និងនិរន្តរភាពបរិស្ថានទីក្រុង)។ ជាមួយគ្នានេះ អង្គប្រជុំក៏បានឯកភាពគាំទ្រលើក្របខ័ណ្ឌត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ព្រមទាំងយន្តការអនុវត្ត។

អង្គប្រជុំសម្រេចស្នើឱ្យលេខាធិការដ្ឋានអាស៊ាន បន្តសម្របសម្រួលផ្ញើជូនរដ្ឋសមាជិកនូវការកែសម្រួលសេចក្តីព្រាងចុងក្រោយនេះជាមួយនឹងឧបសម្ព័ន្ធនានា ដើម្បីស្នើសុំមតិយោបល់ចុងក្រោយពីក្រុមការងារបច្ចេកទេសអាស៊ានទាំង៧ និងភាគីពាក់ព័ន្ធសម្រាប់ជាមូលដ្ឋានបូកសរុបបញ្ចប់ និងដាក់ជូនអង្គប្រជុំលើកទី៣៧ របស់ឧត្តមមន្រ្តីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ពិនិត្យនិងផ្តល់ការគាំទ្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤-៧ ខែសីហា ឆ្នាំ២០២៦ តាមប្រព័ន្ធអនឡាញ៕