រដ្ឋមន្ត្រីសុខាភិបាល  អញ្ជើញសួរសុខទុក្ខ និងពិនិត្យមណ្ឌលសុខភាពគំរូ ព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង 

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីសុខាភិបាល បានគូសបញ្ជាក់ថា÷ សម្រាប់ប្រជាពលរដ្ឋ មណ្ឌលសុខភាពគឺជាច្រកទ្វារទី១របស់ក្រសួងសុខាភិបាលដែលគាត់ជួបផ្ទាល់ជាបឋម ទន្ទឹមនឹងនោះ អាកប្បកិរិយា និងគុណភាពសេវា គឺជាកិត្តិយសរបស់វិស័យសុខាភិបាលទាំងមូល។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍នៅខាងលើនេះ យ៉ាងដូច្នេះនៅពេល ឯកឧត្តម អញ្ជើញ ចុះសួរសុខទុក្ខ និងពិនិត្យមណ្ឌលសុខភាពគំរូ ព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងកាលពីរសៀលថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦។

នៅក្នុងឱកាសនោះដែរ  ឯកឧត្តមសាស្ត្រាចារ្យ ក៏បានជម្រាបជូនបន្ថែមថា៖ ជ័យលាភីទទួលបាន ជាមោទនភាពសម្រាប់ការសម្រេចបានកន្លងមក សូមប្រែក្លាយជាកម្លាំងជំរុញសម្រាប់ការកែលម្អជាបន្តបន្ទាប់ ព្រោះអ្នកវាយតម្លៃពិតប្រាកដ គឺប្រជាពលរដ្ឋដែលមកទទួលសេវារាល់ថ្ងៃ រីឯគុណភាព ជាការអនុវត្តដែលត្រូវបន្តជាប្រចាំ ហើយអ្នកជំងឺអាចជឿជាក់លើជំនាញ លុះត្រាគាត់មានអារម្មណ៍ថាទទួលបានការយកចិត្តទុកដាក់ជាមុន។