លោកឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការសន្តិសុខ

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ ដោយអនុវត្តន៍បទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបន្ទប់ប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការងារប្រតិបត្តិការ ហ្វឹកហ្វឺន និងអន្តរាគមន៍ បានអញ្ជើញដឹកនាំអង្គប្រជុំដើម្បីផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូនគណៈប្រតិភូយោធាជាន់ខ្ពស់នៃប្រទេសម៉ាឡេសុី។

ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូយោធាជាន់ខ្ពស់នៃប្រទេសម៉ាឡេសុី នៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ TAN SRI DATO’ SERI HAJI MALEK RAZAK BIN SULAIMAN អគ្គមេបញ្ជាការនៃកងទ័ពម៉ាឡេសុី នឹងប្រព្រឹត្តិទៅនៅក្នុងខែកក្កដា ឆ្នាំ២០២៦។ នៅក្នុងការបំពេញទស្សនកិច្ចផ្លូវការនេះគណៈប្រតិភូយោធាជាន់ខ្ពស់នឹងមានជំនួបសម្តែងការគួរសមចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមានកិច្ចប្រជុំទ្វេភាគីជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងទស្សនកិច្ចការងារនៅទីស្នាក់ការAOTផងដែរ។

កិច្ចប្រជុំផ្សព្វផ្សាយផែនការសន្តិសុខនេះមានការអញ្ជើញចូលរួមពីសំណាក់នាយសេនាធិការរង ស្នងការ ស្នងការរង មេបញ្ជាការគ្រប់បណ្តាអង្គភាពចំណុះអ.ហ.ផ.ទ និងបានភ្ជាប់វីដេអូ Conference ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្តដែលមានការពាក់ព័ន្ធ។