ឯកឧត្តម កឹម គុណវឌ្ឍន៍ បើកវគ្គបណ្តុះបណ្តាល “ការសរសេរព័ត៌មានទូរទស្សន៍” និង “ការថត និងការប្រើប្រាស់កាមេរ៉ាវីដេអូ” ដើម្បីពង្រឹងសមត្ថភាពមន្ត្រីទូរទស្សន៍ជាតិកម្ពុជា ឆ្លើយតបនឹងការវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយឌីជីថល
ភ្នំពេញ៖ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការសរសេរព័ត៌មានទូរទស្សន៍» និង «ការថត និងការប្រើប្រាស់កាមេរ៉ាវីដេអូ» ជូនដល់មន្ត្រីរាជការនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក្នុងគោលបំណងពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ និងលើកកម្ពស់គុណភាពផលិតកម្មព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមការរីកចម្រើននៃវិស័យព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល។
វគ្គបណ្តុះបណ្តាលស្តីពី «ការសរសេរព័ត៌មានទូរទស្សន៍» និង «ការថតនិងការប្រើប្រាស់កាមេរ៉ាវីដេអូ» បានធ្វើពិធីបើកនៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នាមណ្ឌលបណ្តុះបណ្តាលនិងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន រៀបចំឡើងដោយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក្នុងគោលបំណង ពង្រឹងសមត្ថភាព ចំណេះដឹងផ្នែកសារព័ត៌មាន លើជំនាញសរសេរព័ត៌មាន ព្រមទាំងបង្កើនបច្ចេកទេសក្នុងការថត និងប្រើប្រាស់កាមេរ៉ាវីដេអូ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផលិតមាតិកានានា ក្នុងបរិបទ នៃការរីកចម្រើនផ្នែកឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយ។
ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានជម្រាបជូនថា វគ្គបណ្តុះបណ្តាល «ការសរសេរព័ត៌មានទូរទស្សន៍» រៀបចំចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ មានសិក្ខាកាមចូលរួមចំនួន ៤៥នាក់ មានស្ត្រីចំនួន ២៤នាក់។ រីឯវគ្គបណ្តុះបណ្តាល ស្តីពី «ការថត និងការប្រើប្រាស់កាមេរ៉ាវីដេអូ» រៀបចំចំនួន ៣ថ្ងៃដូចគ្នា នៅសប្តាហ៍បន្ទាប់ គឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ មានសិក្ខាកាមចូលរួមចំនួន ៥៨នាក់ មានស្ត្រីចំនួន ៦នាក់។ វគ្គសិក្សានេះ នឹងរៀបចំនៅសាលប្រជុំនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាផ្ទាល់តែម្តង។ សិក្ខាកាមមានមកពីគ្រប់នាយកដ្ឋាននៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា រួមមាន នាយកដ្ឋានព័ត៌មានភាសាជាតិ នាយកដ្ឋាន បច្ចេកទេសទូរទស្សន៍ នាយកដ្ឋានផលិតកម្មវិធីទូរទស្សន៍ និងនាយកដ្ឋានព័ត៌មានភាសាបរទេស។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងច្បាស់លាស់ គឺពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់មន្ត្រីឱ្យកាន់តែមានជំនាញខ្ពស់ ទាំងលើបច្ចេកទេសសរសេរអត្ថបទព័ត៌មានទូរទស្សន៍ (ដែលទាមទារ ភាពខ្លី ខ្លឹម និងទាក់ទាញ) និងជំនាញបច្ចេកទេសថតវីដេអូ ព្រមទាំងការផលិតមាតិកាឌីជីថលប្រកបដោយ គុណភាព។ លើសពីនេះ ការយល់ដឹង និងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក៏ជាស្នូលដ៏សំខាន់ ដែលមិនអាចរំលងបានឡើយ។
ឯកឧត្តម កឹម គុណវឌ្ឍន៍ បានមានប្រសាសន៍ថា ការបណ្តុះបណ្តាលធនធានមនុស្ស គឺជាកត្តាស្នូលក្នុងការអភិវឌ្ឍស្ថាប័ន និងជាការវិនិយោគដ៏មានតម្លៃសម្រាប់អនាគត។ ជាពិសេស សម្រាប់មន្ត្រីបម្រើការងារក្នុងវិស័យទូរទស្សន៍ ដែលត្រូវបន្តធ្វើបច្ចុប្បន្នភាពចំណេះដឹង និងជំនាញជាប្រចាំ ដើម្បីអាចផលិតព័ត៌មានបានលឿន ត្រឹមត្រូវ មានគុណភាព និងទាក់ទាញទស្សនិកជន។
ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាលនេះ ដែលគោលបំណងយ៉ាងច្បាស់លាស់ដើម្បីពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញ បច្ចេកទេសរបស់មន្ត្រីនៅក្នុងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា លើការផលិតព័ត៌មាន និងមាតិកានានា ឱ្យកាន់តែមានគុណភាពស្របតាមការវិវត្តនៃបច្ចេកវិទ្យាបច្ចុប្បន្ន។ ក្នុងន័យនេះ មាតិកាដែលមានគុណភាពខ្ពស់ មានភាពត្រឹមត្រូវ ច្បាស់លាស់ និងមានភាពទាក់ទាញ (ទាំងខ្លឹមសារអត្ថបទ និងរូបភាពវីដេអូ) គឺជា «ចំណុច ស្នូល» ដ៏សំខាន់បំផុត សម្រាប់បង្កើនភាពជឿជាក់ពីសាធារណជន និងលើកកម្ពស់ប្រសិទ្ធភាពនៃព័ត៌មានផ្លូវ ការរបស់រដ្ឋ។
ឯកឧត្តម កឹម គុណវឌ្ឍន៍ បានគូសបញ្ជាក់ថា
ក្នុងយុគសម័យឌីជីថល ព័ត៌មានមិនពិត (Fake News) មានការរីករាលដាលលឿនណាស់។ ដូច្នេះ ក្នុងនាមយើងជាមន្ត្រីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ តួនាទីរបស់យើងមិនមែនត្រឹមតែជាអ្នកផ្តល់ព័ត៌មាននោះទេ ប៉ុន្តែយើងជា «ខែលការពារការពិត» និងជាប្រភពព័ត៌មានដែលបំភ្លឺសង្គម។ ការសរសេរអត្ថបទព័ត៌មានទូរទស្សន៍បានល្អ និងការថតរូបភាពវីដេអូបានច្បាស់លាស់ នឹងជួយធ្វើឱ្យព័ត៌មានផ្លូវការរបស់យើងមានទម្ងន់ មានឥទ្ធិពល និងអាចវាយបកទៅនឹងព័ត៌មានក្លែងក្លាយទាំងឡាយបានយ៉ាងមានប្រសិទ្ធភាព។ ហេតុនេះហើយ ទើបយើងចាំបាច់ត្រូវតែដើរឱ្យទាន់ ការសរសេរព័ត៌មានបែបទំនើប និងការប្រើប្រាស់ឧបករណ៍កាមេរ៉ា ក៏ដូចជាបច្ចេកទេសថតឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមរដ្ឋលេខាធិការ ជឿជាក់ថា វគ្គបណ្តុះបណ្តាលនាពេលនេះ នឹងក្លាយជាស្ពានចម្លងដ៏សំខាន់ក្នុងការផ្សារភ្ជាប់ជំនាញទាំងពីរនេះឱ្យក្លាយជាធ្លុងមួយដ៏រឹងមាំ។
ឯកឧត្តមបានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឱ្យខិតខំសិក្សារៀនសូត្រ ចូលរួមពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ និងយកចំណេះដឹងដែលទទួលបានទៅអនុវត្តក្នុងការងារប្រចាំថ្ងៃ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជា ឱ្យកាន់តែមានភាពទំនើប ប្រកបដោយវិជ្ជាជីវៈ និងឆ្លើយតបនឹងតម្រូវការរបស់សាធារណជនក្នុងយុគសម័យឌីជីថល។
វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃការយកចិត្តទុកដាក់របស់ក្រសួងព័ត៌មាន ក្នុងការពង្រឹងសមត្ថភាពមន្ត្រីជំនាញ និងអភិវឌ្ឍធនធានមនុស្សឱ្យមានសមត្ថភាពខ្ពស់ ស្របតាមទិសដៅកំណែទម្រង់ និងទំនើបកម្មវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា៕






