រដ្ឋមន្រ្តីសុខាភិបាល៖ «មូលដ្ឋានសុខាភិបាល បានបង្កើននូវទំនុកចិត្តជូនប្រជាជនកាន់តែច្រើន មកទទួលសេវាសុខាភិបាលតាមតម្រូវការ»។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា បានមានប្រសាសន៍លើកឡើងយ៉ាងដូច្នេះនៅក្នុងពេលដែលឯកឧត្តមអញ្ជើញដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២១ កាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) សរុបចំនួន៣១១៧នាក់។
ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំផ្តល់សេវាសុខាភិបាល រហូតទទួលបានការវាយតំលៃជាវិជ្ជមាន ពីថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល និងបានជំរុញឱ្យមន្រ្តីសុខាភិបាល រក្សារូបភាពវិជ្ជមាននេះឱ្យមាននិរន្តរភាព។ ជាបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកប្រធានបទទាក់ទងនឹងការកំណត់គោលដៅ ក្នុងផែនការដែលទាមទារឱ្យមានការយល់ដឹងស្ថានភាពបច្ចុប្បន្នជាមុនសិន និងមានភាពក្លាហាន ក្នុងការកំណត់គោលដៅខាងមុខ។ បន្ថែមពីនេះ ការធ្វើផែនការក៏តម្រូវឱ្យមានការគិតគូរទៅលើអាទិភាព ដែលផ្តោតទៅលើភាពបន្ទាន់ និងភាពសំខាន់របស់គោលដៅទាំងនោះ។
ជាកិច្ចបន្តទៀត ក្រុមការងារនៃមណ្ឌលសុខភាពស្វាយជុក នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង បានធ្វើបទបង្ហាញចែករំលែកសមិទ្ធិផលការងារបស់ខ្លួនរហូតក្លាយទៅជាមណ្ឌលសុខភាពគំរូមួយ។ មណ្ឌលសុខភាពស្វាយជុក បានបញ្ជក់ថាការរួបរួមសាមគ្គីគ្នា រវាងបុគ្គលិកមណ្ឌលសុខភាព និងការសហការល្អរវាងមណ្ឌលសុខភាព និង អជ្ញាធម៌ឃុំស្វាយជុកជាចំនុចខ្លាំងរបស់មណ្ឌលសុខភាព។ ជាលទ្ធផលការសហការល្អនេះបានជំរុញឱ្យមណ្ឌលសុខភាពស្វាយជុក ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអាជ្ញាធម៌គ្រប់លំដាប់ថ្នាក់ សហគមន៍ និង ការិយាល័យសុខាភិបាលស្រុកប្រតិបត្តកំពង់ត្រឡាចនៅក្នុងដំណើរអភិវឌ្ឍខ្លួនឱ្យទៅជាមណ្ឌលសុខភាពគំរូថ្នាក់ជាតិ។






