ឯកឧត្តម នួន សុមេធ ណែនាំឱ្យផ្សព្វផ្សាយការយល់ដឹងពី App NoDrug ដើម្បីការរាយការណ៍ និងទទួលព័ត៌មានពីបញ្ហាគ្រឿងញៀន

រាជធានីភ្នំពេញ: ឯកឧត្តម នួន សុមេធ រដ្ឋលេខាធិការ អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងទេសចរណ៍ និងជាតំណាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ណែនាំបែបនេះក្នុងឱកាសដែលក្រសួងទេសចរណ៍សហការជាមួយអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរៀបចំពិធីផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តី ពីអង្គភាពចំណុះក្រសួងនិងមន្ទីរទេសចរណ៍រាជធានី ខេត្ត នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦តាមរយៈការចូលរួមដោយផ្ទាល់និងពីចំងាយ(Zoom)។

លោក ឡោ សុវិជ្ជា អគ្គនាយករង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មកាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងទេសចរណ៍បានជម្រាបជូនពីលទ្ធផលការងារ ឆ្នាំ២០២៥និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦និងសេចក្តីណែនាំលេខ០០៧ ស្តីពីការអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ របស់ក្រសួងទេសចរណ៍។

ឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានផ្តល់បទបង្ហាញពីច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងអត្ថប្រយោជន៍កម្មវិធីទូរស័ព្ទដៃ App NoDrug។

ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង បានពាំនាំប្រសាសន៍ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងនូវអំណរគុណ និងកោតសសើរដល់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងបានផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ ព្រមទាំងយុទ្ធសាស្រ្តទាំង៦មាន៖យុទ្ធសាស្រ្តអប់រំ អនុវត្តច្បាប់ រដ្ឋបាល ព្យាបាលនិងស្តារនីតិសម្បទា បទបញ្ជា០១-០២ បប និងទំនាក់ទំនងអន្តរជាតិ។

ថ្លែងក្នុងនាមឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តី ក្នុងឱកាសនោះដែរ ឯកឧត្តម នួន សុមេធ រដ្ឋលេខាធិការ បានដាក់ចេញនូវវិធានការអនុវត្តជាក់ស្តែងដើម្បីប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន មានជាអាទិ៍៖ការរៀបចំពង្រឹងជនបង្គោលតាមមន្ទីរទេសចរណ៍រាជធានី ខេត្ត ពង្រឹងការអនុវត្តច្បាប់ស្តីពីទេសចរណ៍ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ផ្សព្វផ្សាយឱ្យយល់ដឹងពីកម្មវិធីទូរស័ព្ទដៃ App NoDrug ដើម្បីការរាយការណ៍ និងទទួលបានព័ត៌មានពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនដល់មន្រ្តីរាជការ ម្ចាស់អាជីវកម្ម និងបុគ្គលិកបានគ្រប់គ្នា ដោយត្រូវមានរបាយការណ៍ជាប់ជាប្រចាំ។