ឯកឧត្តម ឈួរ សុបញ្ញា : ការអប់រំសីលធម៌ ចរិយាធម៌តាមពុទ្ធមាគ៌ាជាគន្លងក្នុងការកសាងយុវជនជំនាន់ក្រោយឱ្យមានចំណេះដឹង វិន័យ សីលធម៌ និងស្មារតីទទួលខុសត្រូវចំពោះសង្គម និងជាតិ
ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសៅរ៍ ១៣ កើត ខែបឋមាសាឍ ឆ្នាំមមីអដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា បានសហការជាមួយលោកនាយក នៃវិទ្យាល័យ សុខា ផល្លី ខេត្តកំពង់ស្ពឺ រៀបចំកម្មវិធី អប់រំសីលធម៌ ចរិយាធម៌ និងឥរិយាបថតាមមាគ៌ាព្រះពុទ្ធសាសនាក្រោមព្រះអធិបតីភាពព្រះធម្មសំវរ គង់ សុខហាន ព្រះធម្មធរគណខេត្តកំពង់ស្ពឺដោយមានការចូលរួមពីលោកស្រី អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា ក្រុងច្បារមន លោក លោកស្រី គណៈកម្មការគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន ៣៥០នាក់។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងរួមចំណែកលើកកម្ពស់សីលធម៌ ចរិយាធម៌ និងមនសិការទទួលខុសត្រូវរបស់សិស្សានុសិស្ស ដោយយកគោលការណ៍ព្រះពុទ្ធសាសនាជាមូលដ្ឋានក្នុងការអប់រំចិត្ត គំនិត និងអាកប្បកិរិយា ដើម្បីឱ្យយុវជនក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ និងធនធានមនុស្សប្រកបដោយគុណភាពសម្រាប់សង្គមជាតិ។
ក្នុងឱកាសនោះ ព្រះធម្មសំវរ គង់ សុខហាន ព្រះធម្មធរគណខេត្តកំពង់ស្ពឺ បានមានសង្ឃដីកាថា ព្រះពុទ្ធសាសនា គឺជាសាសនានៃការអប់រំ និងការអភិវឌ្ឍមនុស្សពីខាងក្នុង ដោយផ្តោតលើការបណ្តុះសីលធម៌ គុណធម៌ បញ្ញា និងមនសិការសង្គម។ ព្រះអង្គបានមានសង្ឃដីកាបញ្ជាក់ថា ការអប់រំដ៏ពិតប្រាកដ មិនមែនគ្រាន់តែធ្វើឱ្យមនុស្សមានចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែត្រូវធ្វើឱ្យមនុស្សក្លាយជាមនុស្សល្អ ស្គាល់បុណ្យបាប គុណទោស ស្គាល់អ្វីគួរធ្វើ និងអ្វីមិនគួរធ្វើ ព្រមទាំងចេះគ្រប់គ្រងកាយ វាចា និងចិត្តរបស់ខ្លួនឱ្យស្ថិតនៅក្នុងផ្លូវត្រឹមត្រូវ។ ក្នុងសង្គមបច្ចុប្បន្ន ដែលមានការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងបណ្តាញសង្គម យុវជនប្រឈមមុខនឹងការទាក់ទាញ និងឥទ្ធិពលជាច្រើន ទាំងផ្នែកវិជ្ជមាន និងអវិជ្ជមាន។ ប្រសិនបើខ្វះសីលធម៌ និងសតិពិចារណា នោះយុវជនអាចងាយធ្លាក់ចូលក្នុងអំពើអបាយមុខ ការប្រើប្រាស់គ្រឿងញៀន អំពើហិង្សា ការប្រព្រឹត្តអំពើខុសច្បាប់ ឬការប្រើប្រាស់បណ្តាញសង្គមដោយខ្វះការទទួលខុសត្រូវ ដែលអាចបំផ្លាញអនាគតរបស់ខ្លួន គ្រួសារ និងសង្គមជាតិ។ ព្រះអង្គក៏បានដាស់តឿនសិស្សានុសិស្សឱ្យខិតខំសិក្សារៀនសូត្រ យកចិត្តទុកដាក់លើការកសាងចំណេះដឹង និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ព្រមទាំងគោរពវិន័យសាលារៀន គោរពឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និងអ្នកមានគុណ។ ព្រះអង្គបានមានសង្ឃដីកាថា ការគោរពអ្នកមានគុណ គឺជាមូលដ្ឋាននៃភាពជោគជ័យក្នុងជីវិត ព្រោះមនុស្សដែលមានកតញ្ញូ និងសីលធម៌ល្អ តែងតែទទួលបានការស្រឡាញ់ ការគាំទ្រ និងការជឿទុកចិត្តពីសង្គម។ ជាមួយគ្នានេះ ព្រះអង្គក៏បានជំរុញឱ្យសិស្សានុសិស្សប្រកាន់ខ្ជាប់នូវ សច្ចៈ កតញ្ញូ និងខន្តី ជាគុណធម៌ប្រចាំជីវិត។ សច្ចៈធ្វើឱ្យមនុស្សមានភាពស្មោះត្រង់ កតញ្ញូធ្វើឱ្យមនុស្សស្គាល់គុណ និងខន្តីធ្វើឱ្យមនុស្សមានការអត់ធ្មត់ និងតស៊ូព្យាយាម។ គុណធម៌ទាំងបីនេះ គឺជាមូលដ្ឋានសម្រាប់ការកសាងខ្លួនឱ្យក្លាយជាពលរដ្ឋល្អ និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គម និងប្រទេសជាតិ។
ក្នុងឱកាសនោះ ឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ការនឹករលឹក និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ជូនចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យអប់រំ និងការកសាងធនធានមនុស្ស ព្រោះយុវជនគឺជាសរសរទ្រូងរបស់ប្រទេសជាតិ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍនាពេលអនាគត។ ជានិច្ចកាល ឯកឧត្តមឧបនាយករដ្ឋមន្រ្តូីតែងតែលើកទឹកចិត្តឱ្យសិស្សានុសិស្សខិតខំរៀនសូត្រ អភិវឌ្ឍសមត្ថភាព ប្រកាន់ខ្ជាប់សីលធម៌ និងរស់នៅប្រកបដោយវិន័យ ដើម្បីក្លាយជាពលរដ្ឋល្អ និងធនធានមនុស្សប្រកបដោយគុណភាព។
ព្រមជាមួយនោះឯកឧត្តមក៏បានលើកឡើងថា ការអប់រំដ៏ពិតប្រាកដ មិនមែនផ្តោតតែលើចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្សារភ្ជាប់ជាមួយសីលធម៌ គុណធម៌ និងចរិយាធម៌ផងដែរ។ ចំណេះដឹងអាចធ្វើឱ្យមនុស្សមានសមត្ថភាព ប៉ុន្តែសីលធម៌ និងវិន័យនឹងធ្វើឱ្យមនុស្សមានតម្លៃ និងទទួលបានការគោរពពីសង្គមដោយបានធ្វើបទបង្ហាញអំពី «អង្គ ៤ នៃការសិក្សា» ដែលជាគន្លឹះនាំឱ្យការសិក្សាទទួលបានជោគជ័យ រួមមាន សុ ចិ បុ លិ។ ១-«សុ» គឺការស្តាប់ដោយយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូ និងអ្នកមានបទពិសោធន៍,២-«ចិ» គឺការចេះគិត ពិចារណា និងវិភាគ, ៣-«បុ» គឺការហ៊ានសួរ និងស្វែងរកចំណេះដឹងថ្មីៗ និង៤- «លិ» គឺការចេះកត់ត្រា និងរំលឹកមេរៀនឡើងវិញ។ សិស្សដែលអនុវត្តអង្គទាំង ៤ នេះបានល្អ នឹងអាចអភិវឌ្ឍសមត្ថភាពសិក្សា មានការគិតដោយហេតុផល និងទទួលបានជោគជ័យក្នុងជីវិត។






