អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យការចិញ្ចឹមត្រី និងក្រើនរំលឹកប្រជាពលរដ្ឋស្រុកស្ទឹងហាវ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងរដូវវស្សា

ខេត្តព្រះសីហនុ៖ កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពនៃការចិញ្ចឹមត្រីរបស់បងប្អូនប្រជានេសាទ ស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ក្នុងសកម្មភាពចុះពិនិត្យនេះ ឯកឧត្តមអភិបាលខេត្ត បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជីវភាព និងមុខរបរចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋ ដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់គ្រួសារ។ ជាមួយគ្នានេះ ដោយយល់ឃើញពីស្ថានភាពអាកាសធាតុក្នុងរដូវវស្សាដែលជារឿយៗតែងមានភ្លៀងធ្លាក់ខ្លាំង និងអាចបង្កជាហានិភ័យផ្សេងៗ ឯកឧត្តម ម៉ាង ស៊ីណេត បានណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយមាត់ព្រែក ឱ្យបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត។

ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមថា រដ្ឋបាលខេត្តតែងតែនៅក្បែរ និងត្រៀមខ្លួនជានិច្ចដើម្បីជួយដោះស្រាយបញ្ហា ក៏ដូចជាផ្តល់ការគាំទ្រដល់បងប្អូនប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈ ដើម្បីធានាបាននូវសុវត្ថិភាព និងស្ថិរភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕