ខេត្តមណ្ឌលគិរី ប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ «សំណល់សូន្យ (Zero Waste)» ដើម្បីបន្តកសាងភូមិឋានស្អាត និងបៃតង

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តមណ្ឌលគិរី ក្រោមការសម្របសម្រួលដោយមន្ទីរបរិស្ថានខេត្ត បានរៀបចំពិធីប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា លើកទី៣០ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សំណល់សូន្យ (Zero Waste)»។ ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងលោក ងិន សុវិមាន អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម គង់ គឹមនី អភិបាលខេត្ត ព្រមទាំង មានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរជំនាញ អាជ្ញាធរក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ កងកម្លាំងទាំងបី វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ នៅបរិវេណវិមានឯករាជ្យ ក្រុងសែនមនោរម្យ។

លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី បានសម្តែងនូវការកោតសរសើរចំពោះស្មារតីសាមគ្គីភាពរបស់មហាជន ជាពិសេសក្មួយៗសិស្សានុសិស្ស ដែលបានចូលរួមធ្វើអនាម័យបរិស្ថានជារៀងរាល់ថ្ងៃ ដើម្បីភូមិឋានស្អាត និងសាលារៀនស្អាត។ លោកបានសង្កត់ធ្ងន់ថា ការបំពុលដោយសំណល់គ្រប់ប្រភេទ (រឹង រាវ និងឧស្ម័ន) ដែលកើតចេញពីការបោះចោលមិនបានត្រឹមត្រូវ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងប្រព័ន្ធអេកូឡូស៊ី។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ លោក អភិបាលរងខេត្ត បានអំពាវនាវដល់គ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការយ៉ាងដាច់ខាតក្នុងការអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ របស់ក្រសួងបរិស្ថាន ដែលផ្តោតលើមុំអាទិភាព៣សំខាន់គឺ «ភាពស្អាត ភាពបៃតង និងចីរភាព»។ ទន្ទឹមនឹងនោះ លោក បានជំរុញឱ្យប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវគោលការណ៍ ៤ក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ រួមមាន ការបដិសេធមិនប្រើប្លាស្ទិកតែម្តងរួចចោល ការកាត់បន្ថយសម្ភារៈមិនចាំបាច់ ការប្រើប្រាស់ឡើងវិញ និងការញែកសំរាមដើម្បីកែច្នៃ (Recycle) ក្នុងគោលដៅឈានទៅសម្រេចបាននូវ «សំណល់សូន្យ» នៅក្នុងខេត្តមណ្ឌលគិរី។

លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្ត បានឡើងថ្លែងរបាយការណ៍ស្វាគមន៍ និងបានរំលឹកពីប្រវត្តិនៃទិវាបរិស្ថានថា ត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិនៅឆ្នាំ១៩៧២។ ដោយឡែកសម្រាប់ប្រទេសកម្ពុជា បានកំណត់យកថ្ងៃទី៥ ខែមិថុនា ជាទិវាបរិស្ថានជាតិ ចាប់តាំងពីឆ្នាំ១៩៩៦ មក ហើយត្រូវបានចារឹកក្នុងក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលប្រកាសឱ្យប្រើដោយព្រះមហាក្សត្រនៅឆ្នាំ២០២៣។

លោក ប្រធានមន្ទីរ បានគូសបញ្ជាក់ថា ប្រធានបទ «សំណល់សូន្យ (Zero Waste)» ឆ្នាំ២០២៦ នេះ គឺផ្តោតលើការប្រើប្រាស់វត្ថុធាតុដើមឱ្យអស់លទ្ធភាព ដោយបន្សល់សំណល់ជាអប្បបរមា។ លោក ក៏បានសម្តែងនូវមោទនភាពជាតិយ៉ាងខ្លាំង ដែលប្រទេសកម្ពុជាត្រូវបានស្ថាប័ន U.S. News & World Report វាយតម្លៃជាប្រទេសមានបរិស្ថានធម្មជាតិលេខ១ លើពិភពលោក និងទើបតែទទួលបានចំណាត់ថ្នាក់លេខ១ បន្ថែមទៀតនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ថ្មីៗនេះ ក្នុងនាមជាប្រទេសមានការគ្រប់គ្រង ប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។

លោក ហាស់ វិបុល បានប្ដេជ្ញាចិត្តថា មន្ទីរបរិស្ថានខេត្ត នឹងបន្តធ្វើជាសេនាធិការដឹកនាំគ្រប់គ្រងកិច្ចគាំពារបរិស្ថាន និងការអភិរក្សជីវៈចម្រុះ ដើម្បីជាឧត្តមប្រយោជន៍យូរអង្វែងសម្រាប់ប្រជាជនគ្រប់ជំនាន់៕