ក្នុងមួយឆ្នាំៗ ស្ថានីយបណ្តុះកូនឈើ ១១ កន្លែង នៅតំបន់អង្គរ បណ្តុះនិងចែកកូនឈើពលរដ្ឋដាំជាង១០ ម៉ឺនដើម
ខេត្តសៀមរាប ៖ ក្នុងមួយឆ្នាំៗ ស្ថានីយបណ្ដុះកូនឈើចំនួន ១១ កន្លែង នៅតំបន់រមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា អាចបណ្ដុះកូនឈើបានជាង ១០ ម៉ឺនដើម និងចែកជូនដល់ពលរដ្ឋយកទៅដាំដើម្បីស្ដារនិងបង្កើតគម្របបៃតង។
លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា នៅក្នុងតំបន់អង្គរ តាមការស្រាវជ្រាវរកឃើញមានប្រភេទរុក្ខជាតិតូចធំប្រហែលជាង ១៥០ ប្រភេទ។
លោកបន្តថា តាមរយៈស្ថានីយបណ្តុះកូនឈើចំនួន ១១ កន្លែងក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ក្នុងមួយឆ្នាំៗមានលទ្ធភាពបណ្តុះកូនឈើបានប្រមាណ ១០ ម៉ឺនដើម ដើម្បីចែកជូនពលរដ្ឋយកទៅដាំ ខណៈចាប់តាំងពីឆ្នាំ ២០០៤ បានដាំនិងចែកចាយកូនឈើអស់ជិត ៣ លានដើម។
លោក ជូ រ៉ាឌីណា បន្ថែមថា ចាប់ពីពេលនេះ រហូតដល់ពាក់កណ្តាលខែកញ្ញា ដែលជាអំឡុងពេលរដូវវស្សាអំណោយផលដល់ការលូតលាស់របស់កូនឈើ អាជ្ញាធរនឹងផ្តល់កូនឈើជូនសាធារណជនទូទាំងប្រទេសដោយឥតគិតថ្លៃ តាមរយៈការដាក់ពាក្យស្នើសុំ។
លោក ជូ រ៉ាឌីណា គូសបញ្ជាក់ថា ដើម្បីទប់ស្កាត់ហានិភ័យ ក្រុមការងារអាជ្ញាធរជាតិអប្សរាតែងតែចុះពិនិត្យ និងតាមដានដើមឈើជាប្រចាំ ព្រមទាំងបានចេញសេចក្តីជូនដំណឹងដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមានការប្រុងប្រយ័ត្នខ្ពស់។
ពាក់ព័ន្ធកិច្ចការអភិរក្សនៅក្នុងតំបន់អង្គរ ក្រោមកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ រួមទាំងអង្គការដៃគូ សត្វព្រៃជាច្រើនប្រភេទត្រូវបានដោះលែងនៅតំបន់រមណីយដ្ឋានអង្គរដែលគ្របដណ្តប់លើផ្ទៃដីទំហំ ៤០១ គីឡូម៉ែត្រការ៉ែ និងដែលកំពុងបង្កើនចំនួនឡើងវិញដូចជា ទោចមកុដ ឈ្លូស, ស្វាព្រាម, កេងកងតូច, កេងកងធំ និង ក្ងោកព្រៃ ជាដើម។
បើតាមមន្រ្តីអាជ្ញាធរជាតិអប្សរា ការដោះលែងសត្វនៅតំបន់អង្គរ មិនមែនជាការចិញ្ចឹមតាមបែបសួនសត្វនោះទេ គឺសត្វមានសេរីភាពពេញលេញក្នុងការរស់នៅ និងស្វែងរកចំណីក្នុងធម្មជាតិ។ ក្នុងនោះដែរអាជ្ញាធរចង់រៀបចំឱ្យរមណីយដ្ឋានអង្គរក្លាយជាគំរូដ៏ល្អមួយសម្រាប់ការងារអភិរក្ស និងដោះលែងសត្វព្រៃ ដើម្បីអាចយកទៅអនុវត្តនៅតាមទីតាំងផ្សេងៗទៀត៕






