សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ និងសង្គមជាតិ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានក្រុមចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល បានមានប្រសាសន៍ថា ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ និងសង្គមជាតិ។
សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូច្នេះនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាស្ត្រីនៃក្រុមការងារចុះមូលដ្ឋានក្រុងសំពៅពូន ខេត្តកណ្តាល នៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមជិត ៣០០នាក់
ក្នុងបរិយាកាសរីករាយនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ជូនដល់សមាជិក សមាជិកានៃអង្គពិធីផងដែរ។ សម្តេចមានប្រសាសន៍បញ្ជាក់ថា ថ្នាក់ដឹកនាំទាំងអស់ ជានិច្ចកាល បានគិតគូរពីសុខទុក្ខ និងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលានិងគ្រប់កាលៈទេសៈ។ សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាយេនឌ័រនៅកម្ពុជា បានចាត់ទុកស្ត្រីជាតួអង្គសំខាន់មិនអាចរំលងបានឡើយ។ ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ច ហើយថា ជួយស្ត្រីដូចជាជួយខ្លួនឯង។ ការលើកកម្ពស់សមភាពយេនឌ័រ ត្រូវបានផ្តល់អាទិភាពនៅក្នុងនីតិកាលទី៧នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ពិភពលោកនឹងកាន់តែមានសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន។
សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានលះបង់សេចក្តីសុខផ្ទាល់ខ្លួន និងបានយកអាយុជីវិតជាដើមទុន រំដោះអាយុជីវិតប្រជាពលរដ្ឋ ប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការផ្សះផ្សាជាតិ ស្វែងរកសុខសន្តិភាពនិងការអភិវឌ្ឍជូនប្រទេសជាតិបានដូចសព្វថ្ងៃនេះ។
សូមជម្រាបថា លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា ទទួលបានការតែងតាំងជាប្រធានក្រុមការងារចលនាស្ត្រី នៃក្រុមការងារចុះមូលដ្ឋានក្រុងសំពៅពូន។
សម្តេចរដ្ឋសភាធិបតី បានសំណូមពរដល់ក្រុមការងារចលនាស្ត្រី ត្រូវបន្តពង្រឹងអង្គការចាត់តាំងមូលដ្ឋានទាំងផ្នែកនយោបាយ សតិអារម្មណ៍ និងចាត់តាំង ព្រមទាំងត្រូវបន្តផ្សព្វផ្សាយ និងអប់រំអំពីកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលឱ្យជ្រាបចូលដល់គ្រប់ស្រទាប់ស្ត្រីនៅមូលដ្ឋាន។ បន្តស្វែងយល់និងចូលរួមដោះស្រាយរាល់បញ្ហានិងសំណូមពររបស់ប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។ ត្រូវបន្តរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុង បន្តខិតខំកសាង និងបង្កើនកម្លាំងគាំទ្រ ស្របតាមគោលការណ៍ «រក្សាចាស់ បង្កើនថ្មី» ដើម្បីឱ្យទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតខាងមុខបន្តបន្ទាប់ទៀត ផ្តល់ឱកាសជូនគណបក្សបន្តដឹកនាំប្រទេស ឈានឆ្ពោះទៅរកការអភិវឌ្ឍឆ្នាំ២០៣០ និងឆ្នាំ២០៥០ សម្រេចបានតាមគោលដៅគ្រោងទុក។
នៅក្នុងឱកាសដ៏មានតម្លៃនេះ សម្តេចរដ្ឋសភាធិបតី បានគូស បញ្ជាក់ថា «យើងត្រូវរក្សាឱ្យបានដាច់ខាតនូវសាមគ្គីភាពផ្ទៃក្នុង។ កម្លាំងសាមគ្គីភាពរបស់យើង គឺជាខឿនការពារជាតិដ៏រឹងមាំបំផុត “មានសាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់”»។ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត បាន និងកំពុងយកចិត្តទុកដាក់ទប់ទល់ជាមួយសត្រូវឈ្លានពានតាមរយៈសមរភូមិការទូត យោធា គ្រប់រូបភាពតាមផ្លូវច្បាប់ នយោបាយ និងសាធារណមតិនានាជុំវិញពិភពលោក ដើម្បីការពារយុត្តិធម៌ជូនប្រជាជាតិយើង។ បេសកកម្មការទូតរបស់កម្ពុជាកំពុងមានប្រៀបលើពួកឈ្លានពាន។ ដូច្នេះកម្ពុជាប្រកាន់ជំហររឹងមាំក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។
នៅក្នុងឱកាសនោះសម្តេចប្រធានរដ្ឋសភាបានរំលឹកពីជោគ ជ័យធំធេងនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន តបតាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីងបានទទួលលទ្ធផលដ៏ត្រចះ ត្រចង់។ ជាព្រឹត្តិការណ៍នយោបាយ និងការទូតដ៏សំខាន់បំផុតមួយដែលឆ្លុះបញ្ចាំងពីភាពរឹងមាំ និងភាពស៊ីជម្រៅនៃទំនាក់ ទំនងដែកថែបរវាងកម្ពុជានិងចិន។ ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារនយោបាយដ៏មុតស្រួចនិងមានសារៈសំខាន់សម្រាប់ការបន្តអភិវឌ្ឍសហគមន៍ជោគវាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មីទៀតផង។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកទឹកចិត្តដល់ក្រុមចលនាស្ត្រីក្រុងសំពៅពូន ក៏ដូចជានៅទូទាំងខេត្តកណ្តាល បន្តពង្រឹងសកម្មភាពមនុស្សធម៌ក្នុងការជួយសង្គម ផ្សារភ្ជាប់សុខទុក្ខជាប់ជានិច្ចជាមួយពលរដ្ឋ ចូលរួមដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋ ពិសេសបន្តយកចិត្តទុកដាក់ចំពោះគ្រួសារវីរយុទ្ធជនពលី និងគ្រួសារវីរយុទ្ធជនដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លាក្នុងសមរភូមិជួរមុខ ក្នុងកិច្ចការពារបូរណភាពទឹកដី និងពលរដ្ឋភៀសសឹក ជាដើម៕






