ឯកឧត្តមបណ្ឌិត ថោង ខុន អំពាវនាវឱ្យប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្ស ចូលរួមបំផុសចលនា “ហាត់ប្រាណ និងលេងកីឡាអស់មួយជីវិត” ដើម្បីទទួលបានសុខភាពល្អ
ចលនាអូឡាំពិកកម្ពុជា ខួបលើកទី១៣២ នៃទិវាអូឡាំពិក ដើម្បីរំលឹក ដល់ការបង្កើតចលនាអូឡាំពិក សម័យទំនើប (២៣ មិថុនា ១៨៩៤ – ២៣ មិថុនា ២០២៦) ដែលផ្តួចផ្តើមដោយស្ថាបនិកជនជាតិ បារាំងគឺលោក Pierre de Coubertin។ ហើយ ទិវាអូឡាំពិកឆ្នាំ២០២៦នេះ ក្រោមមូលបទ “ក្រុមកីឡាកម្ពុជាឆ្ពោះទៅកីឡាអូឡាំពិក ទីក្រុង LA ឆ្នាំ២០២៨”ជាមួយយុទ្ធនាការ “ប្រជាជនម្នាក់ លេងកីឡាមួយប្រភេទ យ៉ាងតិច” ដែលផ្តួចផ្តើមដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែល សម្តេចបានប្រកាសជាផ្លូវការនាឱកាសព្រឹត្តិការណ៍កីឡាជាតិលើកទី១ ឆ្នាំ២០១៦ ។
នេះជាប្រសាសន៍ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថ្លែងក្នុងពិធី
ប្រារព្វខួបលើកទី១៣២ នៃទិវាអូឡាំពិកឆ្នាំ២០២៦ នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ។
ឆ្លៀតក្នុងឱកាសនេះឯកឧត្តមបណ្ឌិត ថោង ខុនបានថ្លែងអំណរគុណដល់ លោក Benjamin Chiang អនុប្រធានបេសកកម្មស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិក ឯកឧត្តមសេង តុលា តំណាងទីភ្នាក់ងារជាតិមុខរបរ និងការងារ មន្ទីរអប់រំ យុវជន និងកីឡា និង SISO BAKERY CAMBODIA, VATTANAC BREWERY CO., LTD, NEW-T-RICH CO., LTD. និងផលិតផល FLOW ចំពោះកិច្ចសហការគាំទ្ររៀបចំវេទិកាអត្តពលិកជាតិ និងទិវាអូឡាំពិកឆ្នាំ២០២៦នេះ។ និងបានអរគុណដល់ លោកCasey Barnett ទីប្រឹក្សាពិសេសផ្នែកគោលនយោបាយសាធារណៈ នៃ AmCham Cambodia និងធនាគារ ABA ដែលបានបង្កើតយុទ្ធនាការស្វែងរកមូលនិធិគាំទ្រក្រុមកីឡាកម្ពុជាឆ្ពោះទៅកីឡាអូឡាំពិក ទីក្រុង LA ឆ្នាំ២០២៨។
ជាមួយគ្នានេះ លោក ហាន សីហា ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក ក្រុមហ៊ុនញូធីរីចបានបង្ហាញក្តីសោមនស្សរីករាយ ដែលផលិតផលកាហ្វេធម្មជាតិ ញូធីរីច ចូលរួមគាំទ្រ ក្នុងព្រឹត្តិការណ៍កីឡាដ៏ប្រចាំឆ្នាំរបស់ NOCC នាថ្ងៃនេះ។ លោកបន្ថែមថា ការលេងកីឡាដើម្បីសុខភាព ហើយកាហ្វេធម្មជាតិរបស់លោកមានគោលដៅដើម្បីសុខភាពដែរ។ កន្លងមក ក្រុមហ៊ុនរបស់លោកធ្លាប់បានចូលរួមឧបត្ថម្ភគាំទ្រកន្លងមកដែរ ហើយជាគោលដៅបន្ទាប់លោកប្តេជ្ញាថានឹងបន្តចូលរួមគាំទ្រវិស័យកីឡាជាតិនាបន្តបន្ទាប់ផងដែរ។
សូមបញ្ជាក់ថា ទិវាអូឡាំពិកឆ្នាំ២០២៦ ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា(NOCC) ក្រោមប្រធានបទ «ចក្ខុវិស័យកម្ពុជាឆ្ពោះទៅកីឡាអូឡាំពិក ទីក្រុង LA ឆ្នាំ២០២៨ និងបំណិនអាជីពសម្រាប់អត្តពលិក» មានអត្តពលិក និងសិស្សានុសិស្សចូលរួមប្រមាណជិត ១ពាន់នាក់ ៕






