កម្ពុជា និងក្រូអាស៊ី ពង្រឹងភាពជាដៃគូទ្វេភាគី និងបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តចំពោះច្បាប់អន្តរជាតិនៅក្នុងវេទិកា Dubrovnik 2026
(ទីក្រុងដូប្រូវនីក ប្រទេសក្រូអាស៊ី) ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ — ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី បានជួបប្រជុំទ្វេភាគីប្រកបដោយផ្លែផ្កាជាមួយឯកឧត្តម Gordan Grlić Radman រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី ក្នុងអំឡុងពេលនៃការចូលរួមវេទិកាDubrovnik 2026ដែលប្រព្រឹត្តទៅក្រោមប្រធានបទ “យុគសម័យពហុប៉ូល៖ ទិសដៅច្រើន អនាគតតែមួយ (The Age of Multipolarity: Many Directions, One Future)”។
ឯកឧត្តមបណ្ឌិត លី ធុជ បានសម្តែងការកោតសរសើរចំពោះរដ្ឋាភិបាល និងប្រជាជនក្រូអាស៊ី ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងអបអរសាទរក្រូអាស៊ីចំពោះការធ្វើជាម្ចាស់ផ្ទះនៃវេទិកា Dubrovnik 2026 ដោយជោគជ័យ។ ឯកឧត្តមបានពាំនាំនូវការសួរសុខទុក្ខ និងការជូនពររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងបានសម្តែងការស្វាគមន៍ចំពោះ ឯកឧត្តម Gordan Grlić Radman ដែលនឹងមកបំពេញទស្សនកិច្ចផ្លូវការមកកាន់ប្រទេសកម្ពុជានាពេលខាងមុខ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានកោតសរសើរចំពោះសមិទ្ធផលជាទីកត់សម្គាល់របស់ប្រទេសក្រូអាស៊ី ក្នុងការអភិវឌ្ឍជាតិចាប់តាំងពីទទួលបានឯករាជ្យរបស់ខ្លួន និងតួនាទីរបស់ក្រូអាស៊ីនៅក្នុងសហភាពអឺរ៉ុប និងសហគមន៍អន្តរជាតិ។ ឯកឧត្តមក៏បានអបអរសាទរក្រូអាស៊ី ដែលសម្រេចបានគោលដៅប្រទេសគ្មានមីន កាលពីខែមីនា ឆ្នាំ២០២៦ កន្លងមក និងសម្តែងការទទួលស្គាល់ភាពឈានមុខរបស់ក្រូអាស៊ីក្នុងសកម្មភាពមីនមនុស្សធម៌ និងការចូលរួមចំណែកយ៉ាងសំខាន់របស់ក្រូអាស៊ី ចំពោះការអនុវត្តអនុសញ្ញាអូតាវ៉ា និងសកម្មភាពមីនសកល។
ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត លី ធុជ និងឯកឧត្តម Gordan GrlićRadman បានបញ្ជាក់ជាថ្មីនូវ ការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងទំនាក់ទំនងកម្ពុជា-ក្រូអាស៊ី បន្ថែមទៀត និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យ ដែលមានផលប្រយោជន៍ទៅវិញទៅមក រួមមានការទូត ពាណិជ្ជកម្មនិងវិនិយោគ ទេសចរណ៍ អប់រំ វប្បធម៌ កិច្ចការ មនុស្សធម៌ និងសកម្មភាព មីន។ ឯកឧត្តមបណ្ឌិត លី ធុជ បាន គូសបញ្ជាក់ថា កម្ពុជានិងក្រូអាស៊ី មានសាមគ្គីភាពក្នុងការប្តេជ្ញាចិត្តចំពោះច្បាប់អន្តរជាតិ ពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើមូលដ្ឋានច្បាប់ និងបន្តធ្វើការរួមគ្នាដើម្បីដោះស្រាយផលវិបាកបង្កដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញពីជំហររបស់កម្ពុជាទាក់ទង នឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ។ ឯកឧត្តមបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តមុតមាំរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការសន្ទនា យន្តការទ្វេភាគីដែលមានស្រាប់ និងច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។ ឯកឧត្តមក៏បានអំពាវនាវដល់ប្រទេសក្រូអាស៊ី សហភាពអឺរ៉ុប និងសហគមន៍អន្តរជាតិ ឱ្យបន្តគាំទ្រដល់ការដោះស្រាយជម្លោះដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ។
ជាការឆ្លើយតប ឯកឧត្តម Gordan Grlić Radman បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកម្ពុជា និងបានបញ្ជាក់ជាថ្មីនូវមិត្តភាពយូរអង្វែងរវាងប្រទេសក្រូអាស៊ី និងកម្ពុជា។ ឯកឧត្តមបានកត់សម្គាល់ថា ទោះបីជាប្រទេសទាំងពីរមានភាសា វប្បធម៌ និងប្រពៃណីខុសគ្នាក៏ដោយ «ប្រជាជនគឺដូចគ្នា» ដោយគូសបញ្ជាក់ថា ការយោគយល់គ្នាទៅវិញទៅមក ការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក គឺជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការយូរអង្វែង។
ឯកឧត្តមលើកឡើងអំពីសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើមូលដ្ឋានច្បាប់ជាសសរស្តម្ភសំខាន់ៗសម្រាប់រក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ឯកឧត្តម ក៏បានបញ្ជាក់ជាថ្មីនូវការបន្តគាំទ្ររបស់ប្រទេសក្រូអាស៊ី ចំពោះគោលការណ៍ទាំងនេះក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក។
ជាចុងបញ្ចប់ ឯកឧត្តម Grlić Radman ក៏បានជម្រាបអំពីដំណើរទស្សនកិច្ចជាផ្លូវការរបស់ឯកឧត្តម មកកាន់ប្រទេសកម្ពុជា ដែលអមដោយគណៈប្រតិភូពីវិស័យនានា ដើម្បីស្វែងយល់ពីឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ រួមទាំងសកម្មភាពមីនផងដែរ។ ឯកឧត្តមបានសម្តែងការគាំទ្រចំពោះការជំរុញកិច្ចព្រមព្រៀងទ្វេភាគី និងអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យផ្សេងៗ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ក្រូអាស៊ីទៅកាន់កម្រិតថ្មីមួយនៃភាពជាដៃគូ។






