ស្ពានអូរពង់តួ និងផ្លូវ ១កន្លែង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សចំនួន ៣ភូមិ
មណ្ឌលគិរី ៖ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកកសិផល រួមទាំងសិស្សានុសិស្សបានទៅរៀនសូត្រមានភាពងាយស្រួល នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ និងជាតំណាងឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអូរពង់តួ សរសរបេតុង ធ្នឹមដែក កម្រាលឈើ ១កន្លែង ក្រោមការឧបត្ថម្ភថវិកាចំនួន ៣០ ០០០ដុល្លារ ពីនាយកក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល(ខេមបូឌា)លីមីធីត។
ពិធីសម្ពោធនេះ ក៏មានការចូលរួមពីលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី Mr.Bernie Cleary នាយកក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល(ខេមបូឌា)លីមីធីត រួមទាំងមន្រ្តីជំនាញ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូប ស្ថិតនៅក្នុងបរិវេណស្ពាន នៃភូមិទួល (ក្រុមព្រះ) ឃុំមេម៉ង់ ស្រុកកែវសីមា ។
ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ និងលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត បានថ្លែងអំណរគុណដល់ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល(ខេមបូឌា)លីមីធីត ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ក្នុងការកសាងស្ពាននេះឡើង ដើម្បីបម្រើផលប្រយោជន៍ ជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សដោយផ្ទាល់។
ឯកឧត្តម បន្ថែមថា ស្ពាន ១កន្លែងនេះ មិនត្រឹមតែតភ្ជាប់ពីភូមិករ និងការធ្វើដំណើរនោះទេ ប៉ុន្តែវាជាសរសៃឈាមសេដ្ឋកិច្ច ដែលជួយឱ្យបងប្អូនប្រជាពលរដ្ឋដឹកជញ្ចូនកសិផល រួមទាំងជួយឱ្យក្មួយៗសិស្សានុសិស្សបានទៅរៀនសូត្រមានភាពងាយស្រួល។ ជាមួយគ្នានេះដែរ ឯកឧត្តម បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋ សិស្សានុសិស្សទាំងអស់ ត្រូវរួមថែរក្សា ការពារ សមិទ្ធផលទាំងនេះ ដើម្បីធានាបាននូវនិរន្តរភាព និងគុណប្រយោជន៍យូរអង្វែង។
លោក ធន សារី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានឱ្យថា សមិទ្ធផលសម្រេចបាន ១០០% នៃការកកើតឡើងនូវស្ពាន ១កន្លែងនេះ គឺឆ្លងកាត់ការប្រជុំពិភាក្សាយ៉ាងល្អិតល្អន់ចំនួន ៥លើក និងបានរៀបចំការចុះកិច្ចសន្យាសាងសង់ រវាងរដ្ឋបាលឃុំមេមង់ និងក្រុមហ៊ុន ឡាយ ហេងថុង ខូអិលធីឌី ដើម្បីចាប់ផ្តើមសាងសង់រយៈពេលតែ ៤ខែប៉ុណ្ណោះ។ ស្ពាននេះ មានប្រវែង ៣៦ម៉ែត្រ ទទឹង ២,៥ម៉ែត្រ សាងសង់ដោយមានការចូលរួម បដិភាគ ជាការឧបត្ថម្ភថវិកាសប្បុរសចំនួន ៣០ ០០០ដុល្លារ ពីក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល(ខេមបូឌា)លីមីធីត ការគាំទ្រលើការងាររកក្តារក្រាលស្ពាន ពីរដ្ឋបាលឃុំ ភូមិ និងសហគមន៍ ព្រមទាំងការចូលរួមពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លើការងារថែទាំផ្លូវចំនួន ១កន្លែង ប្រវែង ១ ០០០ម៉ែត្រ តភា្ជប់មកកាន់ស្ពាន ការចាក់ដីលុបក្បាលស្ពានសងខាង និងការជួយផ្នែករដ្ឋបាល និងបច្ចេកទេស។
ប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលរស់នៅផ្ទាល់ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងសូមថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត ក៏ដូចជាក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ក្នុងការសហការសាងសង់ស្ពាន និងជួយសម្រួលផ្លូវ ១កន្លែងនេះ ជូនពួកគាត់ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរទៅមកបានទាន់ពេលវេលា។ ពួកគាត់ បន្ថែមថា កន្លងមក នៅរដូវវស្សា ការធ្វើដំណើរឆ្លងអូរនេះ ស្ថានភាពពិបាកខ្លាំង ដោយជិះខ្សែរ៉ត ឫខ្សែកាប ដើម្បីទៅសាលារៀន ឫពិនិត្យព្យាបាលជំងឺ និងការដឹកកសិផលផ្សេងៗ ។
សូមបញ្ជាក់ថា ស្ពាន និងផ្លូវ ១កន្លែងនេះ បានបម្រើផលប្រយោជន៍ដោយផ្ទាល់ ជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សចំនួន ៣ភូមិ ក្នុងឃុំមេម៉ង់ មានចំនួន ៥១៩គ្រួសារ ស្មើនឹងចំនួនប្រជាជន ១ ១៩៥នាក់៕






