លោក ឡុង ឌីម៉ង់៖ «ការគ្រប់គ្រងបរិស្ថាន និងសំណល់ គឺជាកាតព្វកិច្ចដាច់ខាតដែលជាឆ្អឹងខ្នងនៃការអភិវឌ្ឍប្រកបដោយចេរភាព»
ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពពិធីក្នុងពិធីអបអរសាទរ «ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦» ក្រោមប្រធានបទ «សំណល់សូន្យ» ដែលបានប្រារព្ធឡើងនៅអនុវិទ្យាល័យសម្ដេចឪ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ក្នុងឱកាសនោះ លោក ម៉ឹង សុភាព ប្រធានស្តីទីនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានរាយការណ៍ថា ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីបរិស្ថាន សោភ័ណភាព អនាម័យ និងការគ្រប់គ្រងសំណល់រឹង ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ លើសសរស្តម្ភទាំង៣ គឺ៖ ភាពស្អាត ភាពបៃតង និងចេរភាព ។ ជាមួយគ្នានេះ មន្ទីរបរិស្ថានក៏បានសម្របសម្រួលចែកធុងសំរាមចំនួន ៨២៨ធុង ដល់សាលារៀន មណ្ឌលសុខភាព និងវត្តអារាម ព្រមទាំងបានបណ្តុះកូនឈើចម្រុះបានចំនួន ៩៩,៦៩១ដើម ផងដែរ។
មានប្រសាសន៍ក្នុងឱកាសនោះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានគូសបញ្ជាក់ថា ខេត្តព្រះសីហនុគឺជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ដែលកំពុងប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ ដូចនេះ ការគ្រប់គ្រងបរិស្ថាន និងសំណល់ គឺជាកាតព្វកិច្ចដាច់ខាតដែលជាឆ្អឹងខ្នងនៃការអភិវឌ្ឍប្រកបដោយចេរភាព។ លោកបានសង្កត់ធ្ងន់ថា «សំណល់សូន្យ» មិនមែនជាត្រឹមតែពាក្យស្លោកនោះទេ ប៉ុន្តែជាការផ្លាស់ប្តូរផ្នត់គំនិតក្នុងការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឱ្យអស់លទ្ធភាព។
ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ លោកអភិបាលរងខេត្ត បានដាក់ចេញនូវទិសដៅការងារសំខាន់ៗចំនួន ៤ រួមមាន៖
១. ជំរុញឱ្យប្រជាពលរដ្ឋ និងសិស្សនិស្សិត បដិសេធ និងកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក ដោយជំនួសមកវិញនូវវត្ថុធាតុងាយរលាយ។
២. លើកទឹកចិត្តឱ្យវិស័យឯកជន (ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ) កាត់បន្ថយផ្លាស្ទិក និងប្រើប្រាស់វត្ថុធាតុដើមធម្មជាតិជំនួស។
៣. ណែនាំឱ្យមន្ទីរបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន បង្កើនការផ្សព្វផ្សាយអប់រំពីបញ្ហាបរិស្ថានឱ្យបានទូលំទូលាយដល់ពលរដ្ឋគ្រប់ស្រទាប់។
៤. លើកទឹកចិត្តដៃគូអភិវឌ្ឍ និងវិស័យឧស្សាហកម្ម វិនិយោគលើបច្ចេកវិទ្យាកែច្នៃសំណល់ ដើម្បីបង្វែរសំណល់ឱ្យទៅជាធនធានសេដ្ឋកិច្ច បង្កើតការងារ និងកាត់បន្ថយការបំពុលបរិស្ថានក្នុងខេត្តទាំងមូល។
អត្ថបទ:មាន សូត្រ
ថតដោយ:អ៊ូ ជោត






