រញ្ជួយដីនៅជប៉ុនមិនមានមនុស្សស្លាប់ទេនៅព្រឹកនេះ! ខណៈគ្រោះរញ្ជួយដីកម្រិតដ៏ខ្លាំងប្រហាក់ប្រហែលគ្នានៅវេណេហ្ស៊ូអេឡាវិញខូចខាតធ្ងន់ធ្ងរ មនុស្សស្លាប់ជាង៣២នាក់-របួសជាង៧០០នាក់
គ្រោះមហន្តរាយធម្មជាតិនៃគ្រោះរញ្ជួយដីនៅប្រទេសវេណេហ្ស៊ូអេឡាកាលពីល្ងាចថ្ងៃពុធ(ម៉ោងនៅក្នុងស្រុក)បានសម្លាប់មនុស្សជាង៣០នាក់ និងរកឃើញមនុស្សរបួសជាង ៧០០នាក់ ខណៈដែលសហគមន៍នានានៅទូទាំងប្រទេសតំបន់អាមេរិកខាងត្បូងនេះបានរងការខូចខាតធ្ងន់ធ្ងរ។ មកដល់ពេលនេះលោកស្រីប្រធានាធិបតីស្តីទី Delcy Rodríguez បានព្រមានថាចំនួនមនុស្សស្លាប់អាចនឹងកើនឡើងទៀត ស្របពេលដែលក្រុមអ្នកជួយសង្គ្រោះកំពុងរុករកពួកគេពីគំនរអគារដួលរលំ និងពង្រាយក្រុមសង្គ្រោះបន្ទាន់គ្រប់ទីតាំងរងគ្រោះ។ ចំណែកគ្រោះរញ្ជួយដីកម្រិតដ៏ខ្លាំងមួយទៀតបានវាយប្រហារតំបន់ឆ្នេរសមុទ្រភាគខាងជើងរបស់ប្រទេសជប៉ុននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែទីភ្នាក់ងារឧតុនិយមរបស់ប្រទេសនេះបាននិយាយថាវាមិនមានគ្រោះថ្នាក់ ឬ គំរាមកំហែងពីរលកយក្សស៊ូណាមិនោះទេ។ យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានឲ្យដឹងថាគ្រោះរញ្ជួយដីនេះត្រូវបានបង្កើនដល់កម្រិត ៧.២ រ៉ិចទ័រ ដោយរលករញ្ជួយដំបូងចាប់ផ្តើមពី ៦.៩ រ៉ិចទ័រ។ គ្រោះរញ្ជួយដីនេះវាបានវាយប្រហារនៅតំបន់ឆ្នេរសមុទ្រភាគខាងកើតនៃខេត្ត Iwate ផងដែរក្នុងជម្រៅប្រហែលជា៥០គីឡូម៉ែត្រ។ យោងតាមការការស្ទាបស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិកបានវាស់កម្រិតញ័ររញ្ជួយដីចាប់ពីកម្រិត៦.៩រ៉ិចទ័រមក។ រញ្ជួយដីនេះបានកើតឡើងនៅក្នុងតំបន់មួយដែលមានការរាយការណ៍ម្តងហើយ ម្តងទៀតអំពីការគ្រោះរញ្ជួយដីខ្លាំងៗក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រួមទាំងការរញ្ជួយដីដែលបានបង្កឱ្យមានការព្រមានពីគ្រោះរញ្ជួយដីដ៏ធំសមសម្បើមអាចកើតមានដែរក្នុងរយៈពេលពេញមួយសប្តាហ៍នៅក្នុងខែធ្នូខាងមុខ។ រញ្ជួយដីដែលបានវាយប្រហារតំបន់ភាគឦសានរបស់ប្រទេសជប៉ុនគឺកើតឡើងអំឡុងពេលនៃម៉ោងការងារដ៏មមាញឹកនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយវាបានបញ្ជូនរលករញ្ជួយដល់ទីក្រុងតូក្យូបន្តិចបន្តួចថែមទៀតផង។ យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលកំពូល Minoru Kihara មិនមានរបាយការណ៍ភ្លាមៗអំពីមនុស្សរងរបួស ឬការខូចខាតអ្វីនោះទេ។ លោក Kihara បាននិយាយថា រោងចក្រថាមពលនុយក្លេអ៊ែរ និងកន្លែងផលិតថាមពល រួមទាំងរោងចក្រ Fukushima Daiichi ដែលរងការខូចខាតដោយសារការរញ្ជួយដី និងរលកយក្សស៊ូណាមិដ៏ធំសម្បើមក្នុងឆ្នាំ ២០១១ និងរោងចក្រកែច្នៃប្រេងឥន្ធនៈដែលប្រើរួចនៅតំបន់ Aomori មិនបានរាយការណ៍ពីភាពមិនប្រក្រតីណាមួយពីគ្រោះរញ្ជួយដីថ្ងៃព្រហស្បតិ៍នេះទេ៕
សម្រួលអត្ថបទ៖ សុផារិន្ទ






