លោក ទីវ តារារិទ្ធចំណាយពេល ២ ឆ្នាំ ជិះកង់ឆ្លងទ្វីបចម្ងាយ ជិត៦ម៉ឺនគីឡូ ឆ្លងកាត់ ៤០ ប្រទេស ដើម្បីស្វែងរកមូលនិធិជួយដល់កុមារកម្ពុជា
លោកទីវ តារារិទ្ធ បានបញ្ចប់បេសកកម្មជិះកង់ផ្សងព្រេងដ៏អស្ចារ្យជុំវិញពិភពលោក ដែលចំណាយពេល ២ ឆ្នាំពេញ (៧៣០ ថ្ងៃ) ក្នុងគោលបំណងកៀរគរថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា។
នេះបើតាមការបញ្ជាក់ជាមួយអ្នកសារព័ត៍មាន លោកទីវ តារារិទ្ធ អ្នកជិះកង់ស្វែងរកមូលនិធិជួយដល់កុមារកម្ពុជា នៅក្រោយពេលជួបជាមួយមូលនិធិគន្ធបុប្ផា កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យគន្ធបុប្ផា នារាជធានីភ្នំពេញ។
លោកទីវ តារារិទ្ធ បញ្ជាក់បន្ថែម ក្នុងរយៈពេល ២ ឆ្នាំនៃបេសកកម្មនេះ លោកបានជិះកង់កាត់ចម្ងាយផ្លូវសរុប ៥៧,០០០ គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសចំនួន ៤០ ក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក។ ដំណើរនេះមិនមែនជារឿងងាយស្រួលឡើយ ដោយលោកត្រូវប្រឈមនឹងអាកាសធាតុដ៏ត្រជាក់ខ្លាំងនៅតំបន់ Pamir Highway ការធ្វើដំណើរឆ្លងកាត់ប្រទេសដែលមានហានិភ័យខ្ពស់ និងគ្រោះថ្នាក់ដល់ជីវិត ដូចជាជំងឺគ្រុនចាញ់ដែលលោកបានឆ្លងនៅប្រទេសកាមេរូនជាដើម។
ទោះជាយ៉ាងណា ការតាំងចិត្តមុតមាំដើម្បីជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា បានក្លាយជាកម្លាំងចិត្តដ៏ធំធេងដែលជំរុញឱ្យលោកបន្តដំណើរទៅមុខរហូតដល់គោលដៅ។ លោក ទាវ តារារិទ្ធ បានថ្លែងថា ការលះបង់របស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលបានធ្វើការអស់រយៈពេលរាប់ទសវត្សរ៍ គឺជាកម្លាំងចិត្តដែលលោកយកមកប្រៀបធៀប ដើម្បីជម្នះរាល់ឧបសគ្គ។
គិតមកដល់ពេលនេះ លោកបានប្រមូលថវិកាបានជាង ២២ ម៉ឺនដុល្លារអាមេរិក ពីគោលដៅ ២៥ ម៉ឺនដុល្លារ។ ដើម្បីសម្រេចគោលដៅចុងក្រោយ លោកគ្រោងនឹងធ្វើដំណើរជិះកង់ពីភ្នំពេញទៅខេត្តសៀមរាបវិញ ដើម្បីបន្តយុទ្ធនាការរៃអង្គាសប្រាក់ និងបញ្ចប់បេសកកម្មនៅចំណុចចាប់ផ្តើម។
ដើម្បីបង្រ្គប់ក្តីស្រម៉ម៉ៃរបស់ លោកទីវ តារារិទ្ធ ក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង និងទឹកពិសាកម្ពុជា បានប្រកាសចូលរួមឧបត្ថម្ភចំនួន៣៥០០០ដុល្លារ បង្រ្គប់ទឹកប្រាក់ ២៥០,០០០ ជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ លោក ឃាន តួក ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះវីរភាពនេះ ដោយចាត់ទុកថាជាគំរូដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយ។
ជាង៣០ឆ្នាំហើយ ដែលមន្ទីរពេទ្យគន្ធបុប្ផា បានជួយព្យាបាលទារក និងកុមារជាច្រើនលាននាក់ ដោយមិនគិតថ្លៃ។ បេសកកម្មដ៏ធំរបស់មន្ទីរពេទ្យសប្បុរធម៌នេះ គឺផ្តល់ការព្យាបាលដល់កុមារ ឱ្យអស់ពីកម្លាំងកាយចិត្ត និងស្នាមញញឹម។ កុមារដែលមានជំងឺធ្ងន់ធ្ងរ ក៏បានជាសះស្បើយឡើយវិញ បន្ទាប់ពីទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ កុមារកើតជំងឺបេះដូង ថ្លើម សួត ខួរក្បាល ជាពិសេសជំងឺមហារីក ដែលសុទ្ធតែជាជំងឺពិបាកព្យាបាល និងចំណាយថវិកាច្រើន ប៉ុន្តែមន្ទីរពទ្យមួយនេះ តែងផ្តល់ជីវិតថ្មីដល់កុមារកម្ពុជា។ ការបរិច្ចាគរបស់លោកអ្នកពិត ជាមានតម្លៃណាស់ ក្នុងជួយសង្រ្គោះជីវិត ទារក និងកុមារនៅកម្ពុជា៕






