ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦

រាជធានីភ្នំពេញ÷  ព្រឹកថ្ងៃព្រហស្បតិ៍ទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំD ទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦។ កិច្ចប្រជុំពេញអង្គនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន ព្រមទាំងប្រធានលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍រាជធានី ខេត្ត អង្គការជាតិ អន្តរជាតិ និងអង្គការសង្គមស៊ីវិល សរុបចំនួន១៩០នាក់។

កិច្ចប្រជុំនេះមានគោលបំណងសំខាន់ពីរ៖ ១) ពិនិត្យ និងវាយតម្លៃរួមគ្នានូវវឌ្ឍនភាព សមិទ្ធផល និងប្រសិទ្ធភាព នៃការងារប្រយុទ្ធនឹងជំងឺអេដស៍ សម្រាប់រយៈពេល ៦ ខែដើមឆ្នាំ២០២៦, ២) ប្រមូល និងពិភាក្សាលើធាតុចូល ព្រមទាំងអនុសាសន៍នានាពីសមាជិក សមាជិកាចូលរួម។

មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងបានវាយតម្លៃខ្ពស់ចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែង និងសហការប្រកបដោយផ្លែផ្កាជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការជំរុញនិងចូលរួមអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថាក្នុងបរិបទនេះ ការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ៣ឆ្នាំរំកិល (២០២៧-២០២៩) និងការលើកគម្រោងថវិកាប្រចាំឆ្នាំ២០២៧ ត្រូវតែធ្វើឡើងដោយស្មារតីហ្មត់ចត់ និងទទួលខុសត្រូវខ្ពស់ ស្របតាម សារាចរលេខ ០៦ សរ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ ផងដែរ។ ក្នុងគោលបំណងបង្កើននូវភាពម្ចាស់លើវឌ្ឍនភាពនៃគុណវិស័យ និងការរៀបចំយន្តការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំផែនការយុទ្ធសាស្ត្រ និងអនុវត្តសកម្មភាព រួមទាំងការតាមដាន និងវាយតម្លៃការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍។ ផែនការនេះបានផ្តោតសំខាន់លើ គោលដៅ ៩៥-៩៥-៩៥ ចំនួនប្រជាជនគន្លឹះនិងអត្រានៃការប្រើប្រាស់ស្រោមអនាម័យ។ ផែនការយុទ្ធសាស្ត្រដ៏ទូលំទូលាយ គ្របដណ្ដប់គ្រប់វិស័យ និងមានលក្ខណៈវែងឆ្ងាយនេះ គឺជាមគ្គទេសក៍តម្រង់ផ្លូវ ដែលគោរពយ៉ាងខ្ជាប់ខ្ជួនទៅនឹងផែនការយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងសេចក្តីប្រកាសនៃការប្តេជ្ញាចិត្ត ក្នុងការប្រយុទ្ធទប់ស្កាត់ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍របស់រាជរដ្ឋាភិបាល។ រហូតមកដល់ពេលនេះនៅក្នុងគោលនយោបាយជាតិបញ្ចប់អេដស៍ដែលមាន គោលនយោបាយចំនួន៧ និងវិធានការចំនួន៥៣ ជាលទ្ធផលបានបង្ហាញថានៅថ្នាក់ជាតិមានក្រសួង-ស្ថាប័នចំនួន៣០ បានធ្វើបច្ចុប្បន្នភាពគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងនោះក្រសួង-ស្ថាប័នចំនួន២៥បានរៀបចំ និងបញ្ចូលផែនការសកម្មភាព និងថវិកាឆ្លើយតបនឹងមេរោគអេដស៍ទៅក្នុងផែនការស្នូលរបស់ក្រសួង-ស្ថាប័នខ្លួន ដែលក្នុងនោះមានចំនួន១៥ បានទទួលការអនុម័តថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ជាទីបញ្ចប់ឯកឧត្តមប្រធានបានបង្ហាញនូវក្តីសង្ឃឹមខ្ពស់ក្នុងការបញ្ចប់ជំងឺអេដស៍ ហើយការប្តេជ្ញាចិត្តនេះ ត្រូវបានអនុវត្តតាមរយៈការពង្រឹងភាពជាម្ចាស់ ភាពជាអ្នកដឹកនាំ និងការសម្របសម្រួលសហការជាចរន្តជាតិតែមួយ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីពង្រីកសកម្មភាពឆ្លើយតបទ្វេដង។ ទន្ទឹមនឹងនេះ យើងក៏នឹងពង្រឹងប្រព័ន្ធតាមដាន និងវាយតម្លៃជាតិ ដើម្បីធានាបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ រក្សាបាននូវចីរភាពនៃការឆ្លើយតបជាពហុវិស័យ ពីគ្រប់ស្ថាប័ន ជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន ជាពិសេសបណ្ដាញអ្នកផ្ទុកមេរោគអេដស៍ ហើយយើងបង្កើតបាននូវស្ថាប័នដឹកនាំគ្រប់គ្រងនិងសម្របសម្រួលតែមួយទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ជាពិសេសមានផែនការយុទ្ធសាស្ត្រជាតិតែមួយ មានប្រព័ន្ធតាមដាន និងវាយតម្លៃជាតិតែមួយប្រកបដោយប្រសិទ្ធភាពខ្ពស់៕