ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី៩ ឆ្នាំ២០២៦ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស)
ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី៩ ឆ្នាំ២០២៦ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស) ដោយមានការចូលរួមពី ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានមហាសន្និបាតភាគហ៊ុនិកលើកទី៩ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង សមាជិកក្រុមប្រឹក្សាភិបាល ភាគហ៊ុនិក ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងថ្នាក់ដឹកនាំ កម្មករ-និយោជិត របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
កិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកលើកទី៩ របស់ កសស នេះ ត្រូវបានរៀបចំឡើងដើម្បីរាយការណ៍អំពីលទ្ធផលការងារអាជីវកម្ម-សេវាកម្មឆ្នាំ ២០២៥ និងទិសដៅការងារអាជីវកម្មសេវាកម្ម សម្រាប់ឆ្នាំ ២០២៦ ដែលត្រូវបានអនុវត្ត ព្រមទាំងបោះឆ្នោតអនុម័តបែងចែកភាគលាភជូនដល់បណ្តាភាគហ៊ុនិកឯកជនរបស់ខ្លួន ជាលើកទី៩។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ និងបានធ្វើការចុះបញ្ជីលក់មូលបត្រជាផ្លូវការនៅផ្សារមូលបត្រកម្ពុជា (CSX) កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០១៧ ដោយអនុវត្ត និងបានរៀបចំយ៉ាងទៀងទាត់នូវមហាសន្និបាតភាគហ៊ុនិកបានចំនួន ៨លើក រួចមកហើយស្របតាមប្រកាស និងគោលការណ៍ណែនាំស្តីពី អភិបាលកិច្ចសាជីវកម្មសម្រាប់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈប្រកបដោយជោគជ័យ ។






