ខេត្តក្រចេះ ៖ លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តក្រចេះ បានឲ្យដឹងថា ៖ កំណាត់ផ្លូវខេត្តលេខ ៣៧១ នៅស្រុកឆ្លូង បានកែលម្អលើកកម្ពស់កម្រិតគុណភាពផ្លូវក្រាលកៅស៊ូប្រភេទ DBST ដែលមានប្រវែង ១,៧៦០ម ទទឹង ៧ម ស្ថិតក្នុងឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ សម្រេចបាន ៩២%។
លោកបញ្ចាក់ថា ៖ គម្រោងខាងលើនេះ ប្រើប្រាស់រយៈពេល ៦ ខែក្នុងការអនុវត្ត ហើយគ្រោងញ្ចប់និងដាក់ឲ្យប្រើប្រាស់នៅចុងខែកក្តដា ឆ្នាំ២០២៦ ខាងមុខនេះ។
ពលរដ្ឋរស់នៅក្នុងឃុំខ្សាច់អណ្តែត ស្រុកឆ្លូង បានឲ្យដឹងថា ក្រៅពីមានផ្លូវកៅស៊ូល្អស្អាត ស្ពានមួយកន្លែងតាមផ្លូវខត្តនេះពីដើមឡើយប្រជាពលរដ្ឋរួមគ្នាធ្វើស្ពានឈើ ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនបណ្តោះអាសន្ន ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមកស្ពានឈើនោះក៏ចាស់ទ្រុឌទ្រោម រួចក៏បានសាងសង់ជាស្ពានដែកប៉ាឡេដល់ពេលបច្ចុប្បន្នបានប្រែក្លាយរូបរាងជាស្ពានបេតុងដ៏រឹងមាំថែមទៀត។
កំណាត់ផ្លូវខេត្តលេខ ៣៧១ ខាងលើនេះ គឺជាសសៃឈាមដ៏សំខាន់តភ្ជាប់គ្នារវៀងស្រុកឆ្លូង ខេត្តក្រចេះ ជាមួយនឹងស្រុកក្រូចឆ្មា ខេត្តត្បួងឃ្មុំ ឆ្ពោះទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម តាមស្ពានឆ្លងទន្លេមេគង្គស្ទឹងត្រង់ផងដែរ៕






