ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានកោតសរសើរចំពោះការរីកចម្រើនរបស់ខេត្តកំពត និងជំរុញការអភិវឌ្ឍលើវិស័យអាទិភាព

ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់របស់ខេត្តកំពត លើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការទាក់ទាញវិនិយោគ ការអភិរក្សបរិស្ថាន និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ការលើកឡើងនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកំពត ដឹកនាំដោយឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំខេត្តបានធ្វើរបាយការណ៍ជូនគណៈប្រតិភូអំពីសមិទ្ធផលសំខាន់ៗ ការអនុវត្តច្បាប់ បញ្ហាប្រឈម និងទិសដៅការងារបន្ត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ ជាពិសេស ខេត្តកំពតបានសម្រេចលទ្ធផលល្អប្រសើរលើវិស័យវិនិយោគ កសិកម្ម បរិស្ថាន និងការអភិវឌ្ឍជនបទ ដែលបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនសុខុមាលភាពប្រជាពលរដ្ឋ។

បន្ទាប់ពីបានស្តាប់របាយការណ៍រួចមក ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានកោតសរសើរចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ដែលបានប្រែក្លាយខេត្តកំពតឱ្យមានសោភ័ណភាពកាន់តែស្រស់ស្អាត ទាក់ទាញ និងស័ក្តិសមជាខេត្តទេសចរណ៍ដ៏មានសក្តានុពលនៅភាគនិរតីនៃប្រទេស។

ជាមួយគ្នានេះ គណៈកម្មការទី៣ និងរដ្ឋបាលខេត្តក៏បានផ្លាស់ប្តូរយោបល់លើវិស័យអាទិភាពសំខាន់ៗ រួមមាន ការជំរុញការវិនិយោគ ការលើកកម្ពស់វិស័យកសិកម្ម និងការអភិរក្សបរិស្ថាន ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព និងបង្កើតឱកាសការងារកាន់តែច្រើនជូនប្រជាពលរដ្ឋ។

ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ក៏បានលើកទឹកចិត្តដល់រដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ បន្តខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងអះអាងថា នឹងនាំយកបញ្ហាប្រឈម និងសំណូមពររបស់ខេត្ត ជម្រាបជូនថ្នាក់ដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលដោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

តមកនៅថ្ងៃដដែលគណៈប្រតិភូនៃគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយមនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានអញ្ជើញចុះទស្សនកិច្ច និងជួបសំណេះសំណាលជាមួយគណៈកម្មការសហគមន៍នេសាទត្រពាំងរពៅ ស្ថិតនៅភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។

សូមជម្រាបជូនថា សហគមន៍នេសាទត្រពាំងរពៅ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០១ និងទទួលបានការទទួលស្គាល់ជាផ្លូវការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្នាំ២០១១។ បច្ចុប្បន្ន សហគមន៍មានសមាជិកចំនួន ៧៦៨នាក់ និងកំពុងអនុវត្តការងារអភិរក្សធនធានជលផល ព្រៃកោងកាង និងអភិវឌ្ឍទេសចរណ៍ធម្មជាតិ ដោយមានការចូលរួមពីសមាជិកសហគមន៍ និងអាជ្ញាធរពាក់ព័ន្ធ។

ជាមួយគ្នានេះ សហគមន៍នេសាទត្រពាំងរពៅ កំពុងជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន រួមមាន៖ ការនេសាទខុសច្បាប់ ការប្រែប្រួលអាកាសធាតុ និងកង្វះខាតធនធានសម្រាប់ការល្បាត និងអភិរក្ស ដែលទាមទារឱ្យមានការគាំទ្របន្ថែមពីស្ថាប័នពាក់ព័ន្ធ។

ក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានសម្ដែងនូវសេចក្ដីរីករាយ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការ និងសមាជិកសហគមន៍នេសាទត្រពាំងរពៅ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍសហគមន៍។

ឯកឧត្តមសន្តិបណ្ឌិត ក៏បានជំរុញ និងលើកទឹកចិត្តឱ្យសហគមន៍បន្តពង្រឹងការងារអភិរក្សធនធានធម្មជាតិ ស្របពេលជាមួយគ្នានឹងការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ សំដៅបង្កើនប្រាក់ ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់។

ក្នុងឱកាសនោះផងដែរ គណៈប្រតិភូក៏បានឧបត្ថម្ភថវិកាចំនួន ១លានរៀល ជូនដល់សហគមន៍នេសាទត្រពាំងរពៅ ដើម្បីគាំទ្រដល់សកម្មភាពអភិរក្ស និងអភិវឌ្ឍន៍សហគមន៍ផងដែរ៕