ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បិទវគ្គបណ្តុះបណ្តាលស្តីពី «ការសរសេរព័ត៌មានគេហទំព័រ» ជំរុញការផលិតព័ត៌មានឌីជីថលប្រកបដោយគុណភាព
ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលស្តីពី «ការសរសេរព័ត៌មានតាមគេហទំព័រ»រៀបចំឡើងដោយ គណៈកម្មការគ្រប់គ្រងកម្មវិធីអភិវឌ្ឍមូល ធនមនុស្ស ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន ដែលបានដំណើរការរយៈពេល ២ថ្ងៃរួចមក បានប្រារព្ធបិទនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ តំណាង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន។
វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមសរុប ១១៣នាក់ ក្នុងនោះមានស្ត្រី ៩នាក់ ដែលភាគច្រើនមកពីមន្ទីរព័ត៌មានរាជធានី-ខេត្ត។ វគ្គនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីព័ត៌មាន លើការផលិតមាតិកាឌីជីថលប្រកបដោយគុណភាព និងវិជ្ជាជីវៈ ដោយផ្តោតលើការរៀបចំខ្លឹមសារ ការសរសេរចំណងជើង ការផលិតបទយកការណ៍ខ្លី និងការប្រើប្រាស់រូបភាពឱ្យមានភាពទាក់ទាញ ស្របតាមបរិបទប្រព័ន្ធផ្សព្វផ្សាយសម័យថ្មី។
ឯកឧត្តម កឹម គុណវឌ្ឍន៍ បានគូសបញ្ជាក់ថា ការសរសេរព័ត៌មានគេហទំព័រប្រកបដោយវិជ្ជាជីវៈ ជាកត្តាសំខាន់ក្នុងយុគសម័យឌីជីថល
ដូច្នេះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងការកោតសរសើរចំពោះលទ្ធផលនៃវគ្គសិក្សា និងបានបញ្ជាក់បន្ថែមថា ក្នុងបរិបទបរិវត្តកម្មឌីជីថល គេហទំព័រគឺជាបង្អួចបង្ហាញពីសកម្មភាព សមិទ្ធផល និងតម្លាភាពរបស់ស្ថាប័ន។ ដូច្នេះ ការផ្សព្វផ្សាយព័ត៌មានត្រូវធ្វើឱ្យបានរហ័ស ទាន់ពេលវេលា ត្រឹមត្រូវ មានគុណភាព និងមានតម្លៃសម្រាប់សាធារណជន។
ឯកឧត្តមបានរំលេចថា ក្រៅពីខ្លឹមសារល្អ រូបថតក៏ជាធាតុសំខាន់មួយដែលជួយឱ្យអត្ថបទព័ត៌មានកាន់តែមានភាពទាក់ទាញ។
តាមរយៈនេះ ឯកឧត្តម បានជំរុញឱ្យមន្ទីរព័ត៌មានរាជធានី-ខេត្ត បន្តប្រើប្រាស់គេហទំព័រផ្លូវការរបស់ខ្លួន ដើម្បីផ្សព្វផ្សាយព័ត៌មានចម្រុះឱ្យបានទូលំទូលាយ ជាពិសេសព័ត៌មានពាក់ព័ន្ធនឹងដំណើរការចុះឈ្មោះបោះឆ្នោត និងការត្រៀមខ្លួនសម្រាប់ការបោះឆ្នោតឆ្នាំ២០២៧ ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ពិសេសយុវជនដែលមានអាយុគ្រប់បោះឆ្នោត។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម បានជំរុញឱ្យអ្នកសរសេរ និងអ្នកផ្សព្វផ្សាយព័ត៌មាន បន្តរៀនសូត្រ និងប្រើប្រាស់បញ្ញាសិប្បនិម្មិត ឬ AI ឱ្យកាន់តែមានប្រសិទ្ធភាព ដោយអាចយក AI មកធ្វើជាគ្រូ ជាឧបករណ៍សិក្សា និងជាជំនួយការដ៏ឆ្លាតវៃក្នុងការសរសេរព័ត៌មាន។
ទោះជាយ៉ាងណា ការប្រើប្រាស់ AI ត្រូវមានការត្រួតពិនិត្យច្បាស់លាស់ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានជានិច្ច។
ឯកឧត្តមបានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់យកចំណេះដឹងដែលទទួលបាននាពេលនេះទៅអនុវត្តជាក់ស្តែងនៅតាមអង្គភាពរៀងៗខ្លួន ដើម្បីធ្វើឱ្យគេហទំព័រស្ថាប័នកាន់តែមានភាពរស់រវើក និងឆ្លើយតបតម្រូវការសាធារណជន។
នៅក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងនូវទិសស្លោកថា៖ «គេហទំព័រមានជីវិត ព័ត៌មានមានគុណភាព សេវាកម្មកាន់តែប្រសើរ»៕






