ឯកឧត្តម​ទេសរដ្ឋមន្រ្តី កែវ​ រ៉េមី៖ “សាមគ្គីភាព​ជាកម្លាំង ហើយការរួបរួមគ្នា​របស់យើង​បង្ហាញពីភាពរឹងមាំ​ដែល​អាច​ជម្នះគ្រប់ឧបសគ្គ និងសន្តិភាពគឺជាមូលដ្ឋានគ្រឹះសម្រាប់សិទ្ធិមនុស្ស។”

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការ​សិទ្ធិមនុស្សកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលា “ផ្សព្វផ្សាយរបាយការណ៍ជាតិពីការអនុវត្តកតិកា​សញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងនយោបាយ (ICCPR)” ក្រោមកិច្ចសហការវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជា សុខរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង តំណាងសាលាដំបូងខេត្ត អយ្យការអមសាលាដំបូងខេត្ត កងរាជអាវុធហត្ថ រដ្ឋបាលសាលាខេត្ត ពន្ធនាគារខេត្ត មន្ទីរ អង្គភាព សាលាស្រុក ស្ថាប័នពាក់ព័ន្ធនានា និងអង្គការសង្គមស៊ីវិល ព្រមទាំងយុវជន ស.ស.យ.ក. ខេត្ត សរុបចំនួន ៣០០នាក់។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា សិក្ខាសាលាថ្ងៃនេះរៀបចំឡើងក្នុងគោលបំណងជំរុញការចូលរួមបំពេញកាតព្វកិច្ចក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិក្នុងនាមជារដ្ឋភាគី ដែលត្រូវធ្វើការផ្សព្វផ្សាយ និងបង្កើនការយល់ដឹងដល់អង្គភាពទាំងថ្នាក់ជាតិនិងក្រោមជាតិ ឱ្យបាន​ទូលំទូលាយសមស្រប​ទៅតាមនិយាមនៃច្បាប់ និងគោលការណ៍មិនរើសអើង។ ជាក់ស្ដែង ក្រោមការដឹកនាំរបស់សម្ដេចតេជោ និងបន្ដដោយសម្ដេចធិបតី ប្រទេសកម្ពុជា បាននិងកំពុងលើកកម្ពស់និងការពារសិទ្ធិមនុស្សលើគ្រប់វិស័យបានយ៉ាងល្អប្រសើរនិងរីកចម្រើនជាលំដាប់ តួយ៉ាង សិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ។ ក្នុងនោះ ចំពោះការមិនរើសអើងត្រូវបានធានាតាមរយៈគោលនយោបាយមិនទុកប្រជាពលរដ្ឋណាម្នាក់ចោល រួមទាំងសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នា ដែលយើងទាំងអស់គ្នា​ត្រូវចូលរួមលើកកម្ពស់ ការពារសិទ្ធិ និងលុបបំបាត់ការរើសអើងចំពោះពួកគាត់។ បន្ថែមលើនេះ សម្រាប់សិទ្ធិពលរដ្ឋ និងលម្ហនយោបាយ ​នៅកម្ពុជាមានភាពទូលំទូលាយ ដែលធ្លាប់ត្រូវបានគេប្រសិទ្ធនាមថា​ជាឋានសួគ៌នៃសមាគម អង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល​ និងសហជីព ហើយបណ្តាញសារព័ត៌មាន​និងបណ្តាញសង្គមក៏មានលក្ខណៈសម្បូរបែបនិងដំណើរការដោយសេរី។ ទន្ទឹមនេះ ប្រជាពលរដ្ឋគ្រប់រូបក៏មានសិទ្ធិក្នុងការចូលរួមជីវភាពនយោបាយ និងជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្តដោយសេរី ហើយក៏មានគណៈបក្សនយោបាយ​ជាច្រើន​បានចុះបញ្ជី និងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ព្រមទាំងអាចធ្វើសកម្មភាពនយោបាយ​តាមច្បាប់ជាធរមានដោយគ្មានការរឹតត្បិត។

ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ផងដែរ ជុំវិញបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយ គ.ស.ម.ក. បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី និងប្រជាជនតាមរយៈការដាក់ពាក្យបណ្តឹងតវ៉ាចំនួន ៦០ច្បាប់ ទៅគ្រប់ភាគីពាក់ព័ន្ធទាំងកម្រិតតំបន់អាស៊ាន និងយន្តការ​អន្តរជាតិនានា។ បន្ថែមលើនេះ តាមការណែនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី គ.ស.ម.ក. បានដឹកនាំគណៈប្រតិភូអន្តរស្ថាប័នទៅបំពេញបេសកកម្មសិទ្ធិមនុស្សនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ដើម្បីបង្ហាញការពិត និងតវ៉ាអំពីការរំលោភបំពានរបស់ភាគីថៃមកលើសិទ្ធិសេរីភាពរបស់ប្រជាជនខ្មែរ នៅទីក្រុងហ្សឺណែវ កាលពីខែមីនា ឆ្នាំ២០២៦ កន្លងទៅ។ ក្នុង​នោះ​ គ.ស.ម.ក. ក៏បានចុះសួរសុខទុក្ខវីរៈកងទ័ពនិងជនភៀសសឹកចំនួន ១០លើក ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋរក្សាសាមគ្គីភាព និងជឿទុកចិត្តលើការដោះស្រាយរបស់រាជរដ្ឋាភិបាល។

ស្របពេលជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងការកោតសរសើរនិង​វាយតម្លៃខ្ពស់ ចំពោះការដឹកនាំដ៏ប៉ិនប្រសប់និងឆ្លាតវៃរបស់ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ដែលបានខិតខំប្រែមុខមាត់ខេត្តកំពង់ឆ្នាំង ឱ្យក្លាយជាខេត្ត​ដែលមាន​សក្តានុពលផ្នែកសេដ្ឋកិច្ច​ តាមរយៈកំណើនរោងចក្រ សហគ្រាសនានា ព្រមទាំងចំនួនពលករកើនឡើងជាង ១សែននាក់ ធ្វើឱ្យចំនួនប្រជាពលរដ្ឋ​មានការងារធ្វើមានការកើនឡើង ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ ចំពោះការលើកកម្ពស់ជីវភាព និងសិទ្ធិសេដ្ឋកិច្ច​សម្រាប់ប្រជាពលរដ្ឋទូទាំងខេត្ត។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏មានអនុសាសន៍ផ្តាំផ្ញើដល់មន្ត្រីរាជការទូទាំងខេត្តរួបរួម​គ្នា​ជាធ្លុងមួយ​ជាមួយ​ប្រជាពល​រដ្ឋ​តាមរយៈបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ តម្លាភាព និងគ្មានការរើសអើង ដើម្បីធានាការទទួលបានសេវាសាធារណៈស្មើភាពគ្នា និងអនុវត្តច្បាប់សិទ្ធិមនុស្សឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ជាតិ និងបរិបទសង្គមខ្មែរ ព្រមទាំងចងចាំថា សាមគ្គីភាព​ជាកម្លាំង ហើយការរួបរួមគ្នា​របស់យើង​បង្ហាញពីភាពរឹងមាំ​ដែល​អាច​ជម្នះគ្រប់ឧបសគ្គ និងសន្តិភាពគឺជាមូលដ្ឋានគ្រឹះសម្រាប់សិទ្ធិមនុស្ស។

ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ចំពោះកិច្ចសហការរបស់រដ្ឋបាលខេត្ត ក្នុងការផ្សព្វផ្សាយ​របាយការណ៍ ICCPR នាពេលនេះ ដែលបង្ហាញពីការយកចិត្តទុកដាក់និងជាការរួមចំណែកក្នុងការបំពេញកាតព្វកិច្ចក្រោមច្បាប់និងយន្ដការសិទ្ធិមនុស្សអន្តរជាតិជាមួយរដ្ឋាភិបាលក្នុងការអនុវត្តអនុសាសន៍ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ