សិក្ខាសាលាពង្រឹងសមត្ថភាពមន្ត្រីក្នុងការរៀបចំផែនការ និងរបាយការណ៍ ជូនដល់មន្ត្រីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី-ខេត្តទាំង១២
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ទៀវ សុគន្ធ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការពង្រឹងសមត្ថភាពមន្ត្រីក្នុងការរៀបចំផែនការ និងរបាយការណ៍» ជូនដល់មន្ត្រីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី-ខេត្តទាំង១២ ដោយមានការចូលរួមពីលោក ខឹម សុផុន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តមណ្ឌលគិរី រួមទាំងថ្នាក់ដឹកនាំមន្ទីរមកពីរាជធានី-ខេត្តទាំង១២ និងគ្រូបង្គោលជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរសង្គមកិច្ចខេត្តមណ្ឌលគិរី។
ឯកឧត្តម ទៀវ សុគន្ធ មានប្រសាសន៍ថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកសមត្ថភាពបន្ថែមដល់មន្ត្រីរាជការនៅតាមបណ្តារាជធានី-ខេត្ត លើជំនាញបច្ចេកទេសក្នុងការរៀបចំផែនការសកម្មភាព និងការចងក្រងរបាយការណ៍ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារជាក់ស្តែងរបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាល។
ឯកឧត្តម បានគូសបញ្ជាក់ថា៖ «ការងាររៀបចំផែនការ និងរបាយការណ៍ គឺជាឆ្អឹងខ្នងនៃការដឹកនាំ និងគ្រប់គ្រងរដ្ឋបាល។ បើផែនការយើងច្បាស់លាស់ របាយការណ៍មានតម្លាភាព នោះការឆ្លើយតបលើការងារអតីតយុទ្ធជន យុវនីតិសម្បទា និងការគាំពារជនងាយរងគ្រោះ នឹងកាន់តែមានប្រសិទ្ធភាពខ្ពស់»។
លោក ខឹម សុផុន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានឱ្យដឹងថា បច្ចុប្បន្ន ខេត្តមណ្ឌលគិរីមានសមាគមមនុស្សចាស់ដែលបានបង្កើតឡើងចំនួន ២១សមាគម (ស្មើនឹង ២១ឃុំ/សង្កាត់) ប៉ុន្តែមានដំណើរការតែ ០៤សមាគមប៉ុណ្ណោះ ដោយមានសមាជិកសរុប ៣១៦នាក់ (ស្រី ១៧៣នាក់)។ ខេត្ត មានមណ្ឌលកុមារកំព្រារដ្ឋចំនួន ១កន្លែង ដែលមានកុមារកំព្រាកំពុងស្នាក់នៅសរុប ៣៩នាក់ (ស្រី ១៩នាក់) ក្នុងនោះអង្គការករុណាសីលា ក៏បានជួយឧបត្ថម្ភថវិកាចំនួន ៤,៦៨០,០០០រៀល ដល់កុមារកំព្រាចំនួន ១២នាក់ (ស្រី ៥នាក់) សម្រាប់ទិញម្ហូបអាហារបន្ថែម។
លោក ប្រធានមន្ទីរ បានបន្ថែមថា ក្នុងឆ្នាំ២០២៥-២០២៦ មន្ទីរ បានបើកប្រាក់ឧបត្ថម្ភជូនជនពិការក្រីក្រចំនួន ១៣លើក (សរុប ១,១៩៦,០០០រៀល) និងបានជួយឧបត្ថម្ភសម្ភារ ថវិកាចំនួន ៥០ម៉ឺនរៀល ព្រមទាំងរទេះរុញដល់ជនពិការនៅស្រុកកែវសីមា ជាពិសេស នៅតាមបណ្តាឃុំ/សង្កាត់ មន្ត្រីជំនាញបានសម្ភាសន៍ជនពិការបានចំនួន ១,៤៤២នាក់ និងបានផ្តល់ប័ណ្ណពិការភាព ដើម្បីទទួលបានសេវាធានារ៉ាប់រងសុខភាព ប្រកបដោយសមធម៌ និងបរិយាបន្នបានចំនួន ១២៤ប័ណ្ណ៕






