ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភាចុះសិក្សាវឌ្ឍនភាពអភិវឌ្ឍន៍ខេត្តតាកែវ ជំរុញវិស័យកសិកម្ម វិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធជាតិ
នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយមនៃរដ្ឋសភា (គណៈកម្មការទី៣) បានដឹកនាំគណៈប្រតិភូ និងតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ចុះបំពេញបេសកកម្មការងារនៅខេត្តតាកែវ ដើម្បីតាមដានវឌ្ឍនភាពនៃការអភិវឌ្ឍ ស្វែងយល់ពីបញ្ហាប្រឈម និងពង្រឹងកិច្ចសហការក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។
ក្នុងជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត គណៈប្រតិភូបានផ្តោតលើវិស័យអាទិភាពសំខាន់ៗ រួមមាន៖
១. វិស័យវិនិយោគ៖ ជំរុញទាក់ទាញវិនិយោគក្នុង និងក្រៅប្រទេស កែលម្អបរិយាកាសធុរកិច្ច និងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ដើម្បីបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។
២. វិស័យកសិកម្ម៖ លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាទំនើប បង្កើនផលិតភាព គុណភាពកសិផល ព្រមទាំងពង្រីកទីផ្សារដើម្បីបង្កើនចំណូលជូនប្រជាកសិករ។
៣.វិស័យធនធានទឹក និងឧតុនិយម៖ ពង្រឹង និងអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ស្តារប្រឡាយមេ-ប្រឡាយរង ធានាការផ្គត់ផ្គង់ទឹកសម្រាប់កសិកម្ម និងបង្កើនសមត្ថភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
ជាមួយគ្នានេះ ឯកឧត្តមសន្តិបណ្ឌិត បានកោតសរសើរចំពោះសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងជំរុញការអភិវឌ្ឍលើគ្រប់វិស័យ។
ក្នុងដំណើរបំពេញបេសកកម្មនេះ គណៈប្រតិភូក៏បានអញ្ជើញទស្សនកិច្ចនៅកសិដ្ឋានគិរីសួគ៌ (Khmer Fresh Milk) ស្ថិតក្នុងស្រុកបាទី ដែលជាកសិដ្ឋានចិញ្ចឹមគោទឹកដោះខ្នាតធំដំបូងគេនៅកម្ពុជា។ បច្ចុប្បន្ន កសិដ្ឋានមានសមត្ថភាពផលិតទឹកដោះគោស្រស់ពី ១២,០០០ ដល់ ១៥,០០០ លីត្រក្នុងមួយថ្ងៃ និងអាចផ្គត់ផ្គង់បានប្រមាណ ២០ភាគរយ នៃតម្រូវការទីផ្សារក្នុងស្រុក។ ឯកឧត្តមសន្តិបណ្ឌិតបានវាយតម្លៃខ្ពស់ចំពោះការវិនិយោគលើវិស័យកសិកម្មទំនើប ដែលបានរួមចំណែកបង្កើតការងារ បង្កើនប្រាក់ចំណូល កាត់បន្ថយការនាំចូល និងពង្រឹងសន្តិសុខស្បៀងជាតិ។
តមកនៅរសៀលថ្ងៃដដែល គណៈប្រតិភូបានបន្តចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្ត្រខេត្តតាកែវ។ គម្រោងជាប្រវត្តិសាស្ត្រនេះ ត្រូវបានរំពឹងថានឹងក្លាយជាចលករដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក កាត់បន្ថយថ្លៃដឹកជញ្ជូន ពង្រីកវិសាលភាពពាណិជ្ជកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចកម្ពុជា។ បច្ចុប្បន្ន ការសាងសង់កំពុងដំណើរការតាមផែនការ ដោយសម្រេចបានប្រវែងប្រមាណ ៦០០ ម៉ែត្រ និងបន្តអនុវត្តតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់។
ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានបញ្ជាក់ថា ការចុះបំពេញបេសកកម្មនៅខេត្តតាកែវនាពេលនេះ មិនត្រឹមតែជាការតាមដានវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍នានាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការប្រមូលធាតុចូល សំណូមពរ និងបញ្ហាប្រឈមជាក់ស្តែងពីមូលដ្ឋាន ដើម្បីដាក់ជូនរដ្ឋសភា និងរាជរដ្ឋាភិបាលពិនិត្យដោះស្រាយ សំដៅជំរុញការអភិវឌ្ឍខេត្តតាកែវឱ្យកាន់តែរីកចម្រើន និងរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០៕






