ឯកឧត្តម ទេព អស្នារិទ្ធ៖ យុវជនត្រូវជ្រើសរើសផ្លូវក្លាយជា “ភ្នាក់ងារសុវត្ថិភាពព័ត៌មាន” ដើម្បីចៀសឆ្ងាយពីព័ត៌មានក្លែងក្លាយ
តាកែវ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានដាក់សំណួរពិចារណាដល់យុវសិស្សថា៖ ក្នុងនាមជាយុវជន តើប្អូនៗនឹងជ្រើសរើសផ្លូវមួយដែលប្រឈមនឹងគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ឬជ្រើសរើសផ្លូវមួយទៀតដែលក្លាយជា “ភ្នាក់ងារសុវត្ថិភាពព័ត៌មាន”?
សំណួរដែលមានលក្ខណៈឱ្យមានការពិចារណានេះ មានគោលបំណងលើកទឹកចិត្តដល់យុវជន ជាពិសេសសិស្សានុសិស្ស ឱ្យចូលរួមយ៉ាងសកម្មក្នុងការការពារសន្តិសុខព័ត៌មានជាតិ។ ការងារនេះស្របទៅនឹងបេសកកម្មរបស់ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
ការចោទសួរនេះ ធ្វើឡើងក្នុងឱកាស ដែលឯកឧត្តមអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ “យុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ” ជំហានទី២ ដែលបានរៀបចំឡើងនៅវិទ្យាល័យ សុខ អាន ថ្នល់បំបែក ស្ថិតក្នុងទ្រាំង ខេត្តតាកែវ ដោយមានសិស្សានុសិស្សចូលរួមប្រមាណជាង១ ១០០នាក់។
ឆ្លើយតបនឹងសំណួរភ្លាមសិស្សានុសិស្សដែលបានចូលរួមក្នុងយុទ្ធនាការនេះ បានឆ្លើយយ៉ាងស្រុះ ព្រមៗគ្នាថា ៖ ក្នុងនាមជាយុវជន យើងត្រូវជ្រើសរើសផ្លូវដែលក្លាយជា “ភ្នាក់ងារសុវត្ថិភាពព័ត៌មាន” ក្នុងសង្គម។
ឯកឧត្តម ទេព អស្នារិទ្ធ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់យុវសិស្ស ដែលបានជ្រើសរើសធ្វើជាភ្នាក់ងារសុវត្ថិភាពព័ត៌មានសម្រាប់សហគមន៍ និងសង្គមកម្ពុជា។
ឯកឧត្តម បានជំរុញឱ្យយុវវ័យយើងប្រែក្លាយការប្តេជ្ញានេះទៅជាសកម្មភាពជាក់ស្តែង សម្រាប់ការអនុវត្តប្រចាំថ្ងៃ ដើម្បីចូលរួមទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ការផ្សាយ ឬចែករំលែកព័ត៌មានបែបបំពុល ប្រឌិតក្លែងបន្លំ ឱ្យអស់ពីក្នុងលំហព័ត៌មានក្នុងសង្គម។ ឯកឧត្តមក៏បានលើកទឹកចិត្តយុវសិស្សទាំងអស់ ឱ្យ ប្រើប្រាស់ឧបករណ៍ស្មាតហ្វូន(smart phone) ឱ្យចំគោលដៅ នោះគឺ ការប្រើដែលបម្រើសកម្មដល់ការសិក្សាប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដល់ស្រទាប់យុវវ័យ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ «៣កុំ ១ការពារ» គឺ 🛑កុំទាន់ជឿភ្លាមតាមអារម្មណ៍ឬការរំជើបរំជួលនៅពេលឃើញព័ត៌មានប្លែកដោយត្រូវផ្អាកហើយគិតសិន, ❌កុំទាន់ចែករំលែក (Share) ប្រភពមិនច្បាស់លាស់ដើម្បីជៀសវាងការចែកចាយមេរោគនៃព័ត៌មានក្លែងក្លាយ, និង 📱កុំប្រហែសពេលប្រើប្រាស់បណ្តាញសង្គម ដោយត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានហូរចូល និងមិនត្រូវចុចលើតំណភ្ជាប់ (link) ចម្លែកឬមានភាពទាក់ទាញហួសហេតុឡើយ រួមផ្សំនឹង «១ការពារ» គឺ 🤝 ការពារសន្តិសុខព័ត៌មានខ្លួនឯង៖ តាមរយៈការពង្រឹងអក្ខរកម្មព័ត៌មាន និងយកចំណេះដឹងនេះទៅចែករំលែកបន្តដល់មិត្តភក្តិ គ្រួសារ និងមនុស្សជុំវិញខ្លួនឱ្យបានយល់ដឹងទាន់ល្បិចកលនៃព័ត៌មានក្លែងក្លាយ៕





