រដ្ឋមន្ត្រីសុខាភិបាល ÷ កោតសរសើរចំពោះការខិតខំ យកចិត្តទុកដាក់ជាប់ជាប្រចាំ ដល់បុគ្គលិកមណ្ឌលសុខភាពក្បាលត្រាច អំពីការបម្រើសេវាសុខាភិបាល ជូនដល់គ្រប់ប្រជាពលរដ្ឋ ឱ្យបានកាន់តែល្អប្រសើរ សំដៅសុវត្ថិភាព គុណភាព ប្រសិទ្ធិភាព និងសមធម៌ ឈរលើឥរិយាបថទន់ភ្លន់ គោរពពេលវេលាបំពេញការងារ 

ព្រឹកព្រលឹម ថ្ងៃសៅរ៍ ទី២០ មិថុនា ២០២៦ នៅឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ នាតំបន់ក្បែរព្រំដែនខាងទិសបូពា៖ ក្នុងដំណេីរសួរសុខទុក្ខដោយឥតជូនដំណឹងមុន នៅមណ្ឌលសុខភាពក្បាលត្រាច ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបម្រេីសេវាសុខាភិបាលជូនប្រជាពលរដ្ឋនាពេលកន្លងមក។ ទោះបីជាមណ្ឌលសុខភាពនេះមានប្រជាពលរដ្ឋមកប្រើប្រាស់សេវាក្នងចំនួនមធ្យមក្តី នេះបង្ហាញថាបងប្អូនក្នុងមូលដ្ឋាននៅតែមានក្តីរំពឹង និងតម្រូវការចំពោះសេវាដែលមណ្ឌលសុខភាពផ្តល់ជូន។

ឯកឧត្តមសាស្រ្តាចារ្យ បានគូសរំលេច និងសង្កត់ធ្ងន់លើអាទិភាពនៃការដែលត្រូវខិតខំ យកចិត្តទុកដាក់ជាប់ជាប្រចាំដល់បុគ្គលិកមណ្ឌលសុខភាពក្បាលត្រាច អំពីការបម្រើសេវាសុខាភិបាល ជូនដល់គ្រប់ប្រជាពលរដ្ឋ ឱ្យបានកាន់តែល្អប្រសើរ សំដៅសុវត្ថិភាព គុណភាព ប្រសិទ្ធិភាព និងសមធម៌ ឈរលើឥរិយាបថទន់ភ្លន់ គោរពពេលវេលាបំពេញការងារ និងវេនការងារប្រចាំការ ២៤ម៉ោង។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យ បានជំរុញឱ្យបុគ្គលិកសុខាភិបាល បង្កើនការយកចិត្តទុកដាក់ខ្ពស់លើ អនាម័យ បរិស្ថាន ការកត់ត្រាព័ត៌មានអ្នកជំងឺឱ្យបានគត់មត់ ដែលជាព័ត៌មាន និងស្ថានភាពអ្នកជំងឺ ដើម្បីទទួលបាន និងបន្តរក្សារទំនុកចិត្ត និងភាពកក់ក្តៅពីប្រជាពលរដ្ឋ ក្នុងការមកទទួលសេវា។

ឯកឧត្តមសាស្រ្តាចារ្យ ក៏បានរំលឹកបន្ថែម ដល់មណ្ឌលសុខភាព ត្រូវពិនិត្យនិងជំរុញការផ្តល់វ៉ាក់សាំងដល់កុមារ និងទារក ដែលជាការបង្កើនភាពស៊ាំក្នុងសហគមន៍ ដើម្បីធានាបាននូវការលើកកម្ពស់សុខុមាលសុខភាពប្រជាពលរដ្ឋ និងបង្កើតវប្បធម៌ការងារដែលផ្តោតលើប្រយោជន៍ប្រជាពលរដ្ឋជាស្នូល។

ឯកឧត្តមរដ្ឋមន្ត្រី បានក្រើនរំលឹកថា ទំនុកចិត្តរបស់ប្រជាពលរដ្ឋ គឺមានតម្លៃបំផុតចំពោះមណ្ឌលសុខភាព។ ប្រជាពលរដ្ឋនឹងជ្រើសរើសមកទទួលសេវា នៅពេលដែលពួកគាត់ទទួលបានការស្វាគមន៍ដោយភាពរួសរាយរាក់ទាក់ ការគោរព ការយកចិត្តទុកដាក់ និងសេវាប្រកបដោយគុណភាព និងសុវត្ថិភាព។

ឯកឧត្តមរដ្ឋមន្ត្រីជឿជាក់ថា ប្រសិនបើមានការប្តេជ្ញាចិត្តខ្ពស់ ការដឹកនាំល្អ និងសាមគ្គីភាពផ្ទៃក្នុង មណ្ឌលសុខភាពនេះអាចផ្លាស់ប្តូរ ទៅជាមណ្ឌលសុខភាពដែលមានគុណភាព មានប្រសិទ្ធភាព និងទទួលបានការគាំទ្រពីសហគមន៍កាន់តែច្រើននាពេលខាងមុខ។