ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមយុទ្ធនាការមនុស្សធម៌ «បរិច្ចាគឈាម ចងចាំវីរភាព» ដើម្បីរំលឹកខួប ៤៩ឆ្នាំ នៃទិវាប្រវត្តិសាស្ត្រដំណើរឆ្ពោះទៅការសង្គ្រោះជាតិ
ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ K & L)។
យុទ្ធនាការមនុស្សធម៌ដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «បរិច្ចាគឈាម ចងចាំវីរភាព» ដែលជាកិច្ចសហការរួមគ្នារវាង មជ្ឈមណ្ឌលជាតិផ្តល់ឈាម, ស.ស.យ.ក. និងក្រុមការងារពិធីករកីឡាកម្ពុជា។
កម្មវិធីនេះប្រព្រឹត្តទៅក្នុងន័យ និងគោលបំណងសំខាន់ៗដើម្បីសម្តែងកតញ្ញូតាធម៌ និងដឹងគុណវីរជនស្នេហាជាតិ ជាពិសេសគឺការរំលឹកនឹកដល់ខួប ៤៩ឆ្នាំ នៃទិវាប្រវត្តិសាស្ត្រដែល សម្តេចតេជោ ហ៊ុន សែន បានសម្រេចចិត្តយកជីវិតធ្វើជាដើមទុន ២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៦ ក្នុងដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត និងស្វែងរកសុខសន្តិភាពជូនមាតុភូមិ។
កម្មវិធីបរិច្ចាគឈាមនេះ រួមចំណែកយ៉ាងសកម្មក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺដែលកំពុងខ្វះខាតឈាម និងត្រូវការសង្គ្រោះបន្ទាន់នៅតាមមន្ទីរពេទ្យ , បណ្តុះវប្បធម៌នៃការចែករំលែកជំរុញ និងលើកកម្ពស់ទម្លាប់នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅក្នុងស្រទាប់យុវជន ក៏ដូចជាសាធារណជនទូទៅឱ្យកាន់តែផុសផុលទូទាំងប្រទេស។
ការបរិច្ចាគឈាម មិនត្រឹមតែជាការសង្គ្រោះជីវិតមនុស្សម្នាក់នោះទេ ប៉ុន្តែវាក៏ជាការស្តែងចេញនូវស្មារតីសាមគ្គីភាព និងការដឹងគុណចំពោះវីរភាពរបស់រៀមច្បងជំនាន់មុនផងដែរ។
ដោយឡែក ក្រៅពីយុទ្ធនាការបរិច្ចាគឈាមនេះ នាថ្ងៃទី២១ ខែមិថុនា ស្អែកនេះ ក៏នឹងមានការរៀបចំការប្រកួតបាល់ទាត់មិត្តភាពមួយផងដែរ រវាង ក្រុមបាល់ទាត់ ស.ស.យ.ក. ជាមួយ ក្រុមបាល់ទាត់សម្ពន្ធយុវជនស្រឡាញ់សន្តិភាព។ ការប្រកួតនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុខភាព រឹតចំណងមិត្តភាព និងបង្កើនសាមគ្គីភាពយ៉ាងជិតស្និទ្ធ ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ៕





