ឯកឧត្ដម គីម សុផារុន ដឹកនាំកិច្ចប្រជុំបច្ចេកទេសគណៈកម្មការការងារ សហព័ន្ធអតីតយុទ្ធជនបណ្ដាប្រទេសអាស៊ាន VECONAC លើកទី៧ ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
(កណ្តាល): នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គីម សុផារុន រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា អគ្គលេខាធិការរង អ.ន.ក. និងជាប្រធានលេខាធិការដ្ឋាន VECONAC-CAMBODIA 2026 បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសនៃគណៈកម្មការការងារ សហព័ន្ធអតីតយុទ្ធជន បណ្ដាប្រទេសអាស៊ាន VECONAC លើកទី៧ ឆ្នាំ២០២៦ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។
កិច្ចប្រជុំខាងលើមានការចូលរួមពីប្រធានគណៈប្រតិភូបណ្តាប្រទេសជាសមាជិកទាំង១០ប្រទេស និងប្រធានក្រុមការងារបច្ចេកទេស VECONAC-CAMBODIA ២០២៦ តាមប្រព័ន្ធវីដេអូអនឡាញ ( Video Conference) នៅទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ។
ក្នុងនាមសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (C.V.P.) និងជាលេខាធិការដ្ឋាន VECONAC 2026 ឯកឧត្តមប្រធានអង្គប្រជុំ បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រធានគណៈប្រតិភូ និងប្រតិភូទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំបច្ចេកទេសនៃកិច្ចប្រជុំគណៈកម្មការការងារលើកទី 7 (WCM)។
គោលបំណងនៃកិច្ចប្រជុំបច្ចេកទេសនេះគឺដើម្បីពិនិត្យ និងប្រុងប្រៀបឯកសារសំខាន់ៗ រួមទាំងរបៀបវារៈបណ្តោះអាសន្ន កម្មវិធី និងសេចក្តីព្រាងសេចក្តីសម្រេច ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំគណៈកម្មការការងារលើកទី 7 (WCM) កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី 38 (EBM) និងកិច្ចប្រជុំមហាសន្និបាតលើកទី 25 (GA) នាពេលខាងមុខ។





