គណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព ១០០% លើគម្រោងជួសជុលផ្លូវ និងសាងសង់លូ ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព ១០០% លើគម្រោងជួសជុលថែទាំផ្លូវជាលក្ខណៈខួប និងសាងសង់សំណង់សិល្បការ្យ ស្ថិតនៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ក្នុងដំណើរត្រួតពិនិត្យការងារខាងលើនេះ ក៏មានការចូលរួមពី លោក កឹង ឈាន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ព្រមទាំងមន្ត្រីបច្ចេកទេសពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះ លោក កឹង ឈាន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានរាយការណ៍ជូនគណៈកម្មការអន្តរក្រសួងជ្រាបអំពីស្ថានភាពទូទៅនៃគម្រោង។ លោកបានបញ្ជាក់ថា បន្ទាប់ពីទទួលបានគោលការណ៍ឯកភាពពីក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានខិតខំអនុវត្តការងារនេះយ៉ាងយកចិត្តទុកដាក់ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យមានភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ទៅមក និងការដឹកជញ្ជូនកសិផលផ្សេងៗមកកាន់ទីផ្សារ។

បន្ថែមពីនេះ គម្រោងនេះបានជួយសម្រួលដល់សិស្សានុសិស្សក្នុងការធ្វើដំណើរទៅសាលារៀន សម្រួលដល់ការដឹកជញ្ជូនអ្នកជំងឺទៅកាន់មណ្ឌលសុខភាពបានទាន់ពេលវេលា ចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗនារដូវវស្សា ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ការផ្តល់សេវាកម្មនានា ដូចជា វិស័យអប់រំ សុខាភិបាល និងអនាម័យនៅក្នុងមូលដ្ឋាន។

បន្ទាប់ពីបានស្តាប់ការរាយការណ៍របស់តំណាងអ្នកទទួលការ និងមន្ត្រីគណៈកម្មការត្រួតពិនិត្យ ព្រមទាំងបានចុះពិនិត្យជាក់ស្តែងរួចមក គណៈប្រតិភូអន្តរក្រសួង រួមទាំងវិស្វករជាមន្ត្រីត្រួតពិនិត្យបច្ចេកទេស បានធ្វើការប្រជុំបូកសរុប និងវាយតម្លៃលើលទ្ធផលការងារថែទាំខួបផ្លូវក្រាលល្បាយគ្រួសចំនួន ១ខ្សែ ប្រវែង (១០,៥០០ម៉ែត្រ) ទទឹង ៦ម៉ែត្រ និងកម្រាស់ ២០សង់ទីម៉ែត្រ។ គម្រោងនេះក៏រួមបញ្ចូលទាំងការសាងសង់លូមូលមុខពីរ (មុខកាត់ ១ម៉ែត្រ ប្រវែង ៨ម៉ែត្រ) ចំនួន ២កន្លែង និងលូមូលមុខមួយ (មុខកាត់ ១ម៉ែត្រ ប្រវែង ៨ម៉ែត្រ) ចំនួន ២កន្លែង ស្ថិតក្នុងឃុំពូជ្រៃ និងឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី (គម្រោងលេខ DRR-PM-2025-No.027)។

ជាលទ្ធផល គណៈកម្មការបានឯកភាពទទួលយកលទ្ធផលនៃការអនុវត្តការងាររបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ដោយវាយតម្លៃបញ្ចប់សុពលភាពការងារ ១០០% ព្រោះសំណង់ផ្លូវ និងលូទាំងអស់នៅរក្សាបានគុណភាពល្អរឹងមាំ និងមានសោភ័ណភាពត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។នាឱកាសនោះដែរ ឯកឧត្តម ជី ស៊ីថា ប្រធានគណៈប្រតិភូអន្តរក្រសួង បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ដែលមាននាទីទទួលបន្ទុកថែទាំបន្ត ត្រូវសហការណែនាំ និងបំផុសស្មារតីដល់ប្រជាពលរដ្ឋ ឱ្យចូលរួមថែរក្សាការពារផ្លូវ និងលូខាងលើនេះឱ្យបានល្អប្រសើរ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ត្រូវមានការចូលរួមពិនិត្យ និងយាមកាមយ៉ាងហ្មត់ចត់ ដើម្បីរក្សាគុណភាពសំណង់ឱ្យបានគង់វង្សយូរអង្វែង ដោយត្រូវចាត់ទុកថាផ្លូវ និងលូទាំងនេះ ជារបស់រួមដែលបម្រើដល់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូបនៅក្នុងមូលដ្ឋាន៕