«ព្រះរាជក្រឹត្យលក្ខន្តិកៈនៃអង្គគ្រូបង្រៀន» ថ្មី នឹងផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរចាប់ពីឆ្នាំ២០២៧

ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា បានសហការគ្នាប្រកាសផ្សព្វផ្សាយជាសាធារណៈនូវ «ព្រះរាជក្រឹត្យលក្ខន្តិកៈនៃអង្គគ្រូបង្រៀន» ថ្មី នៅក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅសាលភូមិន្ទរដ្ឋបាល។ ព្រះរាជក្រឹត្យនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រមូលផ្ដុំ និងគ្រប់គ្រងបុគ្គលិកអប់រំឱ្យមានឯកភាពគ្នានៅទូទាំងប្រទេស។ នេះជាជំហានកំណែទម្រង់ដ៏សំខាន់មួយ ដោយធ្វើការច្របាច់បញ្ចូលគ្នានូវព្រះរាជក្រឹត្យចាស់ៗចំនួន ៣ ដែលបានប្រើប្រាស់តាំងពីឆ្នាំ២០០១ មកម្ល៉េះ។

នៅក្នុងសន្និសីទសារព័ត៌មាននោះ មានវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់រួមមាន ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ, ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម ជុក មុនី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ព្រមទាំងមានការអញ្ជើញចូលរួមពីក្រុមការងារបច្ចេកទេសនៃក្រសួងទាំងពីរ និងអ្នកសារព័ត៌មានមកពីច្រើនស្ថាប័ន។

ទាក់ទិននឹងការអនុវត្តនេះ ឯកឧត្តម យក់ ប៊ុនណា បានពន្យល់ថា ដំណើរការនឹងត្រូវធ្វើឡើងជាជំហានៗ ដោយក្រុមការងារអន្តរក្រសួងនឹងបន្តសហការគ្នាពិនិត្យលើធនធានថវិកាឱ្យបានច្បាស់លាស់ ដើម្បីកំណត់ពីផែនការបណ្តុះបណ្តាល និងចំនួនគ្រូបង្រៀនដែលត្រូវទទួលការបណ្តុះបណ្តាលទៅតាមឆ្នាំនីមួយៗ។

អ្វីដែលជាចំណុចរបត់ថ្មី និងសំខាន់បំផុតនោះគឺ ការរៀបចំរចនាសម្ព័ន្ធឋានានុក្រមច្បាស់លាស់ និងយន្តការលើកទឹកចិត្តទំនើបសម្រាប់មន្ត្រីរាជការក្នុងវិស័យអប់រំ។ លក្ខន្តិកៈថ្មីនេះមានវិសាលភាពអនុវត្តចំពោះបុគ្គលិកអប់រំទាំងអស់ដែលបានទទួលការអប់រំ ការបណ្តុះបណ្តាលគ្រូកោសល្យ ឬវគ្គបំប៉នទិស និងកំពុងបំពេញការងារក្នុងវិស័យអប់រំ ទាំងនៅតាមគ្រឹះស្ថានសិក្សា និងអង្គភាពនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានគូសបញ្ជាក់ថា ព្រះរាជក្រឹត្យថ្មីនេះបង្កើតឡើងក្នុងគោលដៅលើកកម្ពស់គុណភាពអប់រំ តាមរយៈការយកចិត្តទុកដាក់ខ្ពស់ទៅលើបុគ្គលិកអប់រំ។ តាមរយៈលក្ខន្តិកៈថ្មីនេះ គ្រូបង្រៀនទាំងអស់នឹងទទួលបាននូវអត្ថប្រយោជន៍បន្ថែមជាច្រើន ដែលរួមមានទាំងអត្ថប្រយោជន៍ជាហិរញ្ញវត្ថុ (ថវិកា) និងមិនមែនជាហិរញ្ញវត្ថុ។ ទោះបីជាត្រូវផ្សព្វផ្សាយនៅពាក់កណ្តាលឆ្នាំ២០២៦ ក៏ដោយ ប៉ុន្តែព្រះរាជក្រឹត្យនេះនឹងត្រូវដាក់ឱ្យអនុវត្តជាផ្លូវការចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ ខាងមុខតទៅ។