ហាងលំដាប់អន្តរជាតិ Pizza Hut និង Mona Gelato បើកសម្ពោធសាខាថ្មីនៅខេត្តព្រះសីហនុ ឆ្លុះបញ្ចាំងពីជំនឿចិត្តរបស់វិនិយោគិន
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ មានការរៀបចំពិធីបើកសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការនូវ ហាងភីហ្សាហាត់ (Pizza Hut) និងហាងការ៉េម ម៉ូណាជីឡាតូ (Mona Gelato) សាខាខេត្តព្រះសីហនុ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក Steen Puggard នាយកប្រតិបត្តិ (CEO Louis T Collection) និង លោកស្រី ជា ហួរ ម្ចាស់ហ្វ្រេនឆាយការ៉េមអ៊ីតាលី ម៉ូណាជីឡាតូ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ។
កម្មវិធីត្រូវបានចាប់ផ្តើមឡើងជាមួយនឹងការសម្តែង «របាំជូនពរ» ដែលជាប្រពៃណីរបស់ខ្មែរ។ នៅក្នុងឱកាសនោះ លោក Steen Puggard និងលោកស្រី ជា ហួរ បានឡើងអានចំណាប់អារម្មណ៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្តព្រះសីហនុ ដែលបានផ្តល់កិត្តិយស និងគាំទ្រដល់ការបើកដំណើរការហាងទាំងពីរនេះ។
គួរកត់សម្គាល់ថា Pizza Hut សាខាខេត្តព្រះសីហនុ គឺជាសាខាទី១២ហើយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដើម្បីពង្រីកសក្តានុពល និងផ្តល់ភាពងាយស្រួលដល់អតិថិជន ហាងបានចាប់ដៃគូសហការជាយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនភេសជ្ជៈយក្ស Coca-Cola និងក្រុមហ៊ុនដឹកជញ្ជូនឈានមុខ E-GetS។ ចំណែកឯ Mona Gelato សាខាខេត្តព្រះសីហនុ គឺជាសាខាទី៣ នៅក្នុងប្រទេសកម្ពុជា ដែលនាំមកនូវការ៉េមបែបអ៊ីតាលីពិតៗ មានគុណភាពខ្ពស់ សម្រាប់បម្រើជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងខេត្តតំបន់ឆ្នេរមួយនេះ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ការសម្រេចចិត្តពង្រីកខ្លួនរបស់ម៉ាកសញ្ញាល្បីៗទាំងនេះ គឺជាសក្ខីភាពមួយយ៉ាងច្បាស់ក្រឡែត ដែលបង្ហាញពីទំនុកចិត្តខ្ពស់របស់វិនិយោគិនមកលើសេដ្ឋកិច្ច និងការអភិវឌ្ឍឥតឈប់ឈររបស់ខេត្តព្រះសីហនុ។ ឯកឧត្តមបានបន្តរទៀតថា ភាពជោគជ័យនេះកើតមានទៅបាន ដោយសារតែកម្ពុជាមានស្ថេរភាពនយោបាយពេញលេញ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការបើកដំណើរការហាងទាំងនេះ មិនត្រឹមតែផ្តល់នូវជម្រើសអាហារដែលមានគុណភាព សុវត្ថិភាព និងរសជាតិឆ្ងាញ់គួរជាទីទុកចិត្តសម្រាប់អតិថិជន និងភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតឱកាសការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាមកពីបណ្តាខេត្តផ្សេងៗផងដែរ។
ការរីកចម្រើននៃវិស័យសេវាកម្ម និងចំណីអាហារ នៅក្នុងខេត្តព្រះសីហនុនាពេលនេះ គឺដើរស្របគ្នាយ៉ាងល្អឥតខ្ចោះជាមួយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើមុំសំខាន់ៗ រួមមាន កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ សកម្មភាពវិនិយោគទាំងនេះ បានក្លាយជាកាតាលីករ (កម្លាំងរុញច្រាន) ក្នុងការលើកកម្ពស់កម្រិតជីវភាព រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងជាគ្រឹះដ៏រឹងមាំក្នុងការធ្វើដំណើរឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា ក្នុងការប្រែក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ខាងមុខ៕
អត្ថបទ ៖ ស្រីមុំ





