កិច្ចប្រជុំពិគ្រោះយោបល់ការត្រៀមរៀបចំព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦
នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានអនុគណៈកម្មការទី៥ នៃព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូល រួមជាមួយឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាសហប្រធានក្រុមការងារដឹកនាំរៀបចំព្រឹត្តិការណ៍អម «ហ្វ្រង់កូតិច» និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាសហប្រធានក្រុមការងារដឹកនាំរៀបចំព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូនី» បានអញ្ជើញរួមគ្នាដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ ដើម្បីពិគ្រោះយោបល់លើការត្រៀមរៀបចំព្រឹត្តិការណ៍អម នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) លើកទី២០ ឆ្នាំ២០២៦ ដែលគ្រោងនឹងរៀបចំក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងនាមកម្ពុជាជាប្រទេសម្ចាស់ផ្ទះ។
ក្នុងកិច្ចប្រជុំបានពិភាក្សាលើចំណុចគន្លឹះសំខាន់ៗដែលផ្តោតលើ ១. ផែនការសកម្មភាពជាក់លាក់ក្នុងការរៀបចំព្រឹត្តិការណ៍អមធំៗទាំងពីរ គឺ «ភូមិហ្វ្រង់កូហ្វូនី» (Village de la Francophonie) និង «ហ្វ្រង់កូតិច» (FrancoTech) ២. ការពិនិត្យឡើងវិញលើគម្រោងចំណាយ ៣. ការពិនិត្យលើសកម្មភាពដែលស្នើដោយក្រសួង-ស្ថាប័ន ក្នុងក្របខណ្ឌនៃព្រឹត្តិការណ៍អមនីមួយៗ ៤. ការផ្សព្វផ្សាយទាក់ទាញការចូលរួម តាមរយៈspot video ។ ទន្ទឹមនឹងនេះ អង្គប្រជុំបានពិភាក្សាយ៉ាងលម្អិតលើការអនុវត្តនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សំដៅធានាឱ្យការរៀបចំកម្មវិធីលំដាប់អន្តរជាតិនេះប្រព្រឹត្តទៅដោយរលូន អធិកអធម និងសម្រេចតាមការរំពឹងទុក សំដៅលើកកម្ពស់មុខមាត់ កិត្តិយស និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។
នៅក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី និងសហប្រធាន ព្រមទាំងអង្គប្រជុំទាំងមូល បានសម្តែងការឯកភាពគ្នាយ៉ាងខ្ពស់ថា ការទទួលបានសិទ្ធិរៀបចំព្រឹត្តិការណ៍ Francophonie នេះ គឺជា «ឱកាសដ៏កម្របំផុត» សម្រាប់ប្រទេសកម្ពុជា ក្នុងការបង្ហាញពីសក្តានុពលសិល្បៈ វប្បធម៌ ទេសចរណ៍ដ៏សម្បូរបែបរបស់ខ្លួនទៅកាន់ពិភពលោក។ ព្រឹត្តិការណ៍នេះនឹងក្លាយជាកាលានុវត្តភាពយុទ្ធសាស្ត្រក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងវិនិយោគអន្តរជាតិ ជាពិសេសពីបណ្តាប្រទេសហ្រ្វង់កូហ្វូន ឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជា ដែលកម្ពុជានឹងក្លាយជាច្រកផ្លូវសេដ្ឋកិច្ចដ៏សំខាន់សម្រាប់បណ្តាប្រទេសហ្វ្រង់កូហ្វូន ក្នុងការឈានជើងចូលមកទីផ្សារតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
ជាកិច្ចបញ្ចប់ ថ្នាក់ដឹកនាំអង្គប្រជុំបានថ្លែងអំណរគុណ និងអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ មេត្តាពិនិត្យលទ្ធភាពចូលរួមក្នុងភាពជាដៃគូសហការឱ្យបានសកម្ម ព្រមទាំងផ្តល់មតិយោបល់លើការរៀបចំព្រឹត្តិការណ៍អមទាំងពីរឱ្យទទួលបានជោគជ័យ ស្របតាមការរំពឹងទុករបស់រាជរដ្ឋាភិបាល ដើម្បីជាឧត្តមប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិ និងប្រជាជនខ្មែរ។





